Greenland, ជនជាតិន័រវេសរកឃើញមុនគេ តែចុងក្រោយបានទៅដាណឺម៉ាក! ស្វែងយល់ប្រវត្តិកោះដ៏ធំធេងនេះ… (UPDATE)

(គ្រីនលែនដ៍)៖ គ្រីនលែនដ៍ (Greenland) ឈ្មោះនេះប្រហែលជាធ្វើឱ្យអ្នកខ្លះយល់ច្រឡំថា វាអាចជាកោះសម្បូរព្រៃដែលធ្វើឱ្យវាមានពណ៌បៃតង។ ប៉ុន្តែតាមពិតទៅ ដែនដីមួយនេះគ្របដណ្ដប់ស្ទើរតែទាំងស្រុងដោយទឹកកក។ គ្រីនលែនដ៍ ជាកោះដ៏ធំជាងគេបំផុតលើពិភពលោក ពោលគឺវាធំជាងរដ្ឋអាឡាស្កា (Alaska មានផ្ទៃ ១.៧១៨លានគីឡូម៉ែត្រក្រឡា) ដែលសហរដ្ឋអាមេរិកទិញពីរុស្ស៊ី​នោះទៅទៀត។

(សូមបញ្ជាក់ថា អត្ថបទនេះត្រូវបាន Update តែវីដេអូខាងក្រោមគឺជាវីដេអូចាស់ចេញផ្សាយនៅខែសីហា ឆ្នាំ២០១៩)

(Video From YouTube: Cambo Space Edu)

គ្រីនលែនដ៍មានទីតាំងស្ថិតចន្លោះនៅតំបន់អាត្លង់តិចខាងជើង និងមហាសមុទ្រទឹកកកអាក់ទិច។ កោះដ៏ធំមួយនេះមានផ្ទៃ ២.១៧លានគីឡូម៉ែត្រក្រឡា តែមានប្រជាជនរស់នៅត្រឹម ៥៦,៦០០នាក់ តែប៉ុណ្ណោះ (គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥) ហើយវាគឺជាតំបន់ស្វយ័តមួយរបស់ដាណឺម៉ា ដែលទទួលបាន ២ភាគ៣ នៃចំណូលកញ្ចប់ថវិកានៃដែនកោះទឹកកកមួយនេះ។ គ្រីនលែនដ៍ គ្របដណ្ដប់ដោយទឹកកកជាង ៨០ភាគរយ ដោយកន្លែងខ្លះទឹកកកមានកម្រាស់ដល់ទៅ ៤គីឡូម៉ែត្រឯណោះ ហើយមានរយៈពេលថ្ងៃជាអចិន្ត្រៃយ៍ (ឬគ្មានយប់) រយៈពេល ០២ខែ ជារៀងរាល់ឆ្នាំ។

* ហេតុអ្វីបានជាគ្រីនលែនដ៍ក្លាយជាតំបន់ស្វយ័ត ឬជាកម្មសិទ្ធិរបស់ដាណឺម៉ាក?

គ្រីនលែនដ៍ត្រូវបានរកឃើញនៅឆ្នាំ៩៨២ ដោយជនជាតិន័រវេសម្នាក់ឈ្មោះ អ៊ែរីក ដឹ រ៉េដ (Erik the Red) ដែលបានដាក់ឈ្មោះរបកគំហើញរបស់ខ្លួនថា «គ្រីនលែនដ៍» ដើម្បីធ្វើឱ្យមានមនុស្សស្គាល់កាន់តែច្រើន។ នៅឆ្នាំ ៩៨៦ លោក Erik the Red បានត្រឡប់មកដែនកោះនេះជាថ្មីជាមួយនិគមជនជាច្រើននាក់ ប៉ុន្តែនៅត្រឹមឆ្នាំ១៦០០ មានតែអម្បូរជនជាតិដើម Inuit ប៉ុណ្ណោះដែលបន្តរស់នៅទីនេះ។

លោក Erik the Red (រូបតំណាង)

ដំបូងឡើយគ្រីនលែនដ៍ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ន័រវេស តែក្រោយមកជនជាតិន័រវេស ដែលរស់នៅទីនេះចាប់ផ្ដើមស្លាប់ជាបន្តបន្ទាប់ (ប្រហែលមកពីលក្ខខណ្ឌរស់នៅលំបាកពេក)។ នៅឆ្នាំ១៣៨០ ដាណឺម៉ាកចាប់ផ្ដើមពង្រីកឥទ្ធិពលរបស់ខ្លួនជំនួសវិញ តាមរយៈការតាំងទីលំនៅនៅក្បែររដ្ឋធានី នូអ៊ូក (Nuuk) ហើយនៅឆ្នាំ១៥០០ ជនជាតិន័រវេសក៏នាំគ្នាចាកចេញពីទីនោះជាបណ្តើរៗតែម្តង។

រដ្ឋធានី Nuuk បច្ចុប្បន្ន (រូបភាពពីបរទេស)

រហូតដល់ឆ្នាំ១៧៧៥ ទើបគ្រីនលែនដ៍ស្ថិតនៅក្រោមអាណានិគមដាណឺម៉ាកជាផ្លូវការ។ តមកទៀតនៅឆ្នាំ១៩១៧ នៅពេលដែលដាណឺម៉ាកយល់ព្រមលក់តំបន់ ដេនីស វែសត៍ អ៊ីនឌីស៍ (Danish West Indies ក្រោយមកប្ដូរឈ្មោះជា Virgin Islands ដែលកាលនោះត្រូវបានដោះដូរជាកាក់មាសមានតម្លៃ ២៥លានដុល្លារអាមេរិក) ឱ្យសហរដ្ឋអាមេរិក ដោយក្នុងកិច្ចព្រមព្រៀងលក់នេះ រដ្ឋាភិបាលអាមេរិកត្រូវទទួលស្គាល់ទាំងស្រុង នូវដែនអំណាចរបស់ដាណឺម៉ាកលើគ្រីនលែនដ៍។

បន្ទាប់មកនៅឆ្នាំ១៩៣១ ន័រវេសបានប្ដឹងដាណឺម៉ាក ឡើងតុលាការយុត្តិធម៌អន្តរជាតិដែរ ដើម្បីអះអាងពីសិទ្ធិគ្រប់គ្រងដែនកោះមួយនេះ ប៉ុន្តែតុលាការបានកាត់ក្ដីឱ្យដាណឺម៉ាកជាអ្នកឈ្នះ ហើយរហូតដល់ឆ្នាំ១៩៥៣ ទើបអន្តរជាតិទទួលស្គាល់ថា គ្រីនលែនដ៍គឺជាខេត្តមួយរបស់ដាណឺម៉ាក។

ទីតាំង Greenland លើភពផែនដី (រូបភាពពីបរទេស)

គ្រីនលែនដ៍ទទួលបានសិទ្ធិស្វ័យភាពដោយមានសភា និងរដ្ឋាភិបាលផ្ទាល់ខ្លួន ព្រមទាំងមានសិទ្ធិគ្រប់គ្រងធនធម្មជាតិ ក្រោយការបោះឆ្នោតប្រជាមតិមួយនៅឆ្នាំ២០០៨។ ដោយឡែក បច្ចុប្បន្នប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងការវិលមកកាន់អំណាចវិញនៅខែមករា ឆ្នាំ២០២៥នេះ ត្រូវបានគេរាយការណ៍ថា កំពុងអំពាវនាវដោយធម៌ត្រជាក់ផង និងបែបបង្ខំផង ដើម្បីឲ្យដាណឺម៉ាកព្រមលក់កោះ Greenland នេះ ខណៈកាលពីអំលុងការកាន់អំណាចលើកមុន (ឆ្នាំ២០១៩) លោកក៏ធ្លាប់បានបង្ហាញចេតនាបែបនេះដែរ (តែក្នុងន័យលេងសើច)។ ដោយឡែក, យោធាអាមេរិកក៏កំពុងមានមូលដ្ឋានទ័ពធូល នៅលើកោះគ្រីនលែនដ៍នេះស្រាប់ផងដែរ ដោយពីមុនមានឈ្មោះថា Thule Air Base តែថ្មីៗនេះត្រូវបានប្តូរឈ្មោះទៅជា មូលដ្ឋានទ័ពអវកាស ភីទូហ្វូក (Pituffik Space Base)។

(រូបភាពពីបរទេស)

គួរបញ្ជាក់ថា ក្រៅពីផ្ទាំងទឹកកក កោះគ្រីនលែនដ៍មានធនធានធម្មាជាតិដ៏សម្បូរបែបបំផុត ហើយខណៈដែលទឹកកកក្នុងតំបន់ កំពុងរលាយផងនោះអ្នកជំនាញជាច្រើនបានអះអាងថា វាកាន់តែផ្ដល់អំណោយផល និងភាពងាយស្រួលក្នុងការរុករករ៉ែ ដូចជា រ៉ែដែក សំណ ស័ង្កសី ពេជ្រ មាស រ៉ែកម្រ (rare earth) អ៊ុយរ៉ាញ៉ូម និងប្រេងជាដើម៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space) / ប្រភព៖ BBC (ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩/ Update: ២៥ មករា ២០២៥)

Comments (0)
Add Comment