កែវយឺតអវកាសឆ្លុះឃើញភពចម្លែកចំនួន ៣ មានទំហំប៉ុនភពព្រហស្បតិ៍ តែម៉ាសពួកវាស្មើតែ១/១០០នៃភពព្រហស្បតិ៍ប៉ុណ្ណោះ

(បរទេស)៖ តាមរយៈការប្រើទិន្នន័យបានមកពីកែវយឺតអវកាស Hubble របស់ទីភ្នាក់ងារអវកាសអាមេរិក NASA អ្នកស្រាវជ្រាវបានរកឃើញភពអេលៀន (នៅក្រៅព្រះអាទិត្យ) ចំនួន ០៣ នៅក្នុងប្រព័ន្ធផ្កាយឈ្មោះថា Kepler 51 ដែលមានទំហំធំស្ទើរតែប្រហាក់ប្រហែលទៅនឹងភពព្រហស្បតិ៍ (Jupiter) ប៉ុន្តែមានដង់ស៊ីតេរបស់ពួកវាមានកម្រិតទាបខ្លាំង គឺប្រៀបដូចជាស្ករសំឡីយ៉ាងដូច្នោះឯង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។

អ្នកស្រាវជ្រាវបានរកឃើញថា ដ្បិតភពទាំង ០៣មានម៉ាសមិនលើសផែនដី ពី៣-៤ដងឡើយនោះ ស្រទាប់បរិយាកាសដែលទំនងជាផ្សំឡើង ពីអ៊ីដ្រូសែន និងអេល្យូមរបស់ពួកវា មានលក្ខណៈប៉ោងខ្លាំងរហូតធ្វើឲ្យភពទាំងនោះ មានទំហំស្ទើរតែប្រហាក់ប្រហែលនឹងភពព្រហស្បតិ៍ទៅហើយ។

បើនិយាយឲ្យងាយយល់ ភពទាំងបីខាងលើនេះមើលទៅធំដូចភពព្រហស្បតិ៍ ប៉ុន្តែម៉ាសរបស់ភពទាំងនោះបានតែមួយភាគមួយរយរបស់ Jupiter ប៉ុណ្ណោះ។ អ្នកវិទ្យាសាស្រ្តបានព្យាយាមចង់អង្កេតមើល ស្រទាប់បរិយាកាសពួកវាឲ្យច្បាស់ដែរ ប៉ុន្តែស្រទាប់បរិយាកាសភពទាំងបី មិនមានលក្ខណៈថ្លាអាចមើលធ្លុះទៅដល់ផ្ទៃឡើយ។ ភាពចម្លែកៗបែបនេះ ជាតឹកតាងថ្មីបន្ថែមទៀតដែលស្តែងឲ្យឃើញថា ភពអេលៀនមានលក្ខណៈខុសប្លែកគ្នាជាច្រើន។

គួរជម្រាបថា ប្រព័ន្ធផ្កាយ Kepler 51 ស្ថិតនៅចម្ងាយប្រហែល ២,៤០០ឆ្នាំពន្លឺពីផែនដី ហើយមានអាយុកាលខ្ទង់ ៥០០លានឆ្នាំស្ថិតនៅក្នុងកាឡាក់ស៊ីមាលគីវេយ៍របស់យើង៕ (១ឆ្នាំពន្លឺស្មើនឹង ៩.៤៦ទ្រីលានគីឡូម៉ែត្រ)

Comments (0)
Add Comment