TESS រកឃើញប្រព័ន្ធដ៏ប្លែកបំផុត១ ដែលមានផ្កាយដល់ទៅ​៦ដួង, ចម្ងាយរាប់ពាន់ឆ្នាំពន្លឺ (មានវីដេអូ)

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្រ្តទើបតែបានប្រកាសឲ្យដឹងពីការរកឃើញ ប្រព័ន្ធផ្កាយដ៏ប្លែកបំផុតមួយ ដែលមានផ្កាយដល់ទៅចំនួន ០៦ដួង ហើយស្ថិតនៅលក្ខណៈជាគូៗចំនួន 0៣គូតែម្តង ហើយវាស្ថិតនៅចម្ងាយ ២,០០០ឆ្នាំពន្លឺឯណោះពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។

(សូមចុចចូល YouTube ដើម្បីទស្សនាបានពេញភ្នែក)

ប្រព័ន្ធផ្កាយខាងលើត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា TIC 168789840 (អាចហៅកាត់ថា CASTOR) ដោយត្រូវបានប្រទះឃើញតាមរយៈការប្រើប្រាស់ កែវយឺតអវកាសប្រមាញ់រកភពអេលៀន TESS របស់អង្គការ NASA។ ក្នុងចំណោមផ្កាយទាំង ០៦ នោះមាន ០៤ផ្កាយដែលធ្វើគោចរលើគន្លងនៅជិតគ្នាខ្លាំង ហើយប្រការនេះអាចធ្វើឲ្យភពទាំងឡាយដែលវិលជុំវិញពួកវាឆេះរលាយខ្ទេច (ប្រសិនបើមានវត្តមាន)។ ប៉ុន្តែផ្កាយ ០២ទៀត ហាក់រក្សាគម្លាតនៅឆ្ងាយល្មមពីគ្នា ដែលអាចអនុញ្ញាតឲ្យមានវត្តមានភព នៅគោចរជុំវិញពួកវាបាន។

រូបតំណាងប្រព័ន្ធផ្កាយភ្លោះ ៦ Castor (រូបភាពពីបរទេស)

អ្នកវិទ្យាសាស្ត្រអង្គការ NASA លោក Brian Powell ដែលដឹកនាំការស្រាវជ្រាវមួយនេះ បានលើកឡើងថា «ប្រព័ន្ធផ្កាយនេះបង្ហាញវត្តមាន ដែលមិនគួរឲ្យជឿ។ គ្រាន់តែមើលឃើញវត្តមានរបស់វា បានធ្វើឲ្យខ្ញុំផ្ទុះអារម្មណ៍ទៅហើយ។ ខ្ញុំចង់ជិះនាវាអវកាសមួយ ហើយទៅចតនៅជិតៗពួកវា ហើយឃើញវាដោយភ្នែកខ្ញុំផ្ទាល់»។ ក្រុមអ្នកវិទ្យាសាស្ត្របានចាត់ថ្នាក់ពួកវាជាចង្កោមតែម្តងនោះគឺ Castor A (Aa និង Ab), Castor B (Ba និង Bb) និង Castor C (Ca និង Cb)

(រូបភាពពីបរទេស)

គួរបញ្ជាក់ថា បើតាម NASA ប្រព័ន្ធផ្កាយដែលមានផ្កាយដល់ទៅ ០៦ដួងបែបនេះ មានមិនច្រើនឡើយនៅក្នុងចក្រវាឡ ខណៈប្រព័ន្ធផ្កាយខាងលើមានលក្ខណៈពិសេសបំផុតត្រង់ថា ផ្កាយទាំង ០៦នោះស្ថិតក្នុងលក្ខណៈជាគូៗចំនួន ០៣គូ។ អ្នកវិទ្យាសាស្រ្តមិនទាន់ដឹងច្បាស់ថា ប្រព័ន្ធផ្កាយ ០៦ខាងលើនេះ បានកកើតឡើងដោយរបៀបណាឡើយ ប៉ុន្តែពួកគេសង្ស័យថា ប្រហែលជាផ្កាយ ០៣ដំបូងកកើតឡើងមុន ហើយក្រោយមកទើបផ្កាយគូរបស់វា លេចរូបរាងឡើងតាមក្រោយ៕

(រូបភាពពីបរទេស)

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Live Science (ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១)

Comments (0)
Add Comment