Back to the Moon! រុស្ស៊ីត្រៀមវេចបង្ចិចទៅព្រះច័ន្ទជាថ្មី នៅក្នុងឆ្នាំ២០២១នេះតែម្តង ក្រោយសម្ងំអស់រាប់ទសវត្សរ៍ (មានវីដេអូ)

Back to the Moon! រុស្ស៊ីត្រៀមវេចបង្ចិចទៅព្រះច័ន្ទជាថ្មី នៅក្នុងឆ្នាំ២០២១នេះតែម្តង ក្រោយសម្ងំអស់រាប់ទសវត្សរ៍

(ម៉ូស្គូ)៖ រុស្ស៊ីកំពុងតែដុតដៃដុតជើង ដើម្បីបន្តកេរ្តិ៍ដំណែលបន្សល់ទុកតាំងពី សម័យសហភាពសូវៀត នៅក្នុងការស្រាវជ្រាវឋានព្រះច័ន្ទ ដោយបេសកកម្មថ្មីៗ កំពុងតែលេចចេញជារូបរាងបណ្តើរៗហើយ នៅក្នុងឆ្នាំ២០២១នេះតែម្តង។ គ្មានអ្វីលំបាកឡើយសម្រាប់រុស្ស៊ី ព្រោះឲ្យតែមានថវិកាគ្រប់គ្រាន់ និងផែនការមេច្បាស់លាស់ឡើងវិញនោះ មហាអំណាចអវកាសមួយនេះ ពិតជាអាចសម្រេចគោលដៅ ស្រាវជ្រាវព្រះច័ន្ទឡើងវិញបាន។

ការចាប់ផ្តើមបេសកកម្មឡើងវិញរបស់រុស្ស៊ី ទៅកាន់ឋានព្រះច័ន្ទនឹងត្រូវធ្វើឡើង តាមរយៈយានមួយគ្រឿងឈ្មោះ Luna 25 ដែលនឹងត្រូវធ្វើការបាញ់បង្ហោះនៅអំំឡុងខែតុលា ឆ្នាំ២០២១នេះ ដើម្បីបញ្ចប់រយៈពេល ៤៥ឆ្នាំ នៃការបង្កកកម្មវិធីស្រាវជ្រាវព្រះច័ន្ទ ដែលត្រូវបានសម្រេចដោយអតីតសហភាពសូវៀត ដែលកាលណោះបានសិក្សា នៅតំបន់ប៉ូលខាងត្បូងព្រះច័ន្ទ។

មិនខុសពីមហាអំណាចនានាដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន អេមីរ៉ាត់អារ៉ាប់រួម និងឥណ្ឌានោះឡើយ រុស្ស៊ីក៏ចង់ចូលរួមយ៉ាងសកម្ម នៅក្នុងការសិក្សាអំពីព្រះច័ន្ទដែរ ហើយតាមរយៈយាន Luna 25 រុស្ស៊ីនឹងធ្វើការសិក្សាអំពីទឹក ដែលកំពុងកកនៅក្នុងសំបកព្រះច័ន្ទ នៅរណ្តៅមួយឈ្មោះ Boguslavsky (ប៉ូលខាងត្បូងព្រះច័ន្ទ)។ Luna 25 ប្រើប្រាស់កាមេរ៉ាផលិតដោយអង្គការអវកាសអឺរ៉ុប (ESA) ដែលអាចជួយឲ្យការសិក្សាអំពីសណ្ឋានព្រះច័ន្ទ កាន់តែបានស៊ីជម្រៅ និងអាចត្រួសត្រាយផ្លូវសម្រាប់អឺរ៉ុប-រុស្ស៊ី ស្រាវជ្រាវលើព្រះច័ន្ទនៅថ្ងៃអនាគតទៀត។

ជុំវិញបេសកកម្មថ្មីដែលជិតនឹងមកដល់នេះ លោក Lev Zelenyi ទីប្រឹក្សាផ្នែកវិទ្យាសាស្ត្រ នៃវិទ្យាស្ថានស្រាវជ្រាវអវកាសរុស្ស៊ី (RSRI) ធ្លាប់បានលើកឡើង កាលពីចុងខែមីនាកន្លងទៅនេះដែរថា «ព្រះច័ន្ទគឺជាចំណុចស្នូលនៃកម្មវិធីស្រាវជ្រាវរបស់យើង នៅទសវត្សរ៍បន្ទាប់ទៀត»។ រុស្ស៊ីមានផែនការជាច្រើនរួចមកហើយ ចំពោះព្រះច័ន្ទនៅថ្ងៃអនាគត ក្នុងនោះក៏មានគំរោងកសាង​អគារស្នាក់លើព្រះច័ន្ទ នៅអំឡុងទសវត្សរ៍ ២០៤០ ដូចដែលយើងធ្លាប់បានដឹងពីមុនរួចមកហើយ។

សម្រាប់សហរដ្ឋអាមេរិកវិញ គំរោង Artemis ដ៏ធំធេងគឺកំពុងតែប្រព្រឹត្តទៅ ខណៈប្រទេសចិនមានគំរោង Chang’e ដែលមានភាពលេចធ្លោខ្លាំង និងសម្រេចបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើល ជាពិសេសការយកគំរូតាងពីព្រះច័ន្ទ មកកាន់ផែនដីវិញកាលពីខែធ្នូ ឆ្នាំ២០២០។ ដោយឡែកសម្រាប់យាន Beresheet របស់អ៊ីស្រាអែល និង Chandrayaan-2 របស់ឥណ្ឌា ដែលសុទ្ធតែបានចុះចតបរាជ័យ លើព្រះច័ន្ទកាលពីឆ្នាំ២០១៩នោះ ក៏មិនបានធ្វើឲ្យប្រទេសទាំងពីរនេះ បោះបង់ចោលមហិច្ឆតារបស់ខ្លួននោះដែរ។

បើតាមលោក Lev Zelenyi យាន Luna 25 គឺជាគ្រាន់តែជាជំហានដំបូង នៃការចាប់ផ្តើមឡើងវិញប៉ុណ្ណោះ ហើយនៅឆ្នាំ២០២៣ ឬ ២០២៤ រុស្ស៊ីនឹងរៀបចំបាញ់បញ្ជូនយាន Luna 26 បន្ថែមទៀត ដោយនៅពេលនោះវានឹងមានតួនាទី ក្នុងការសិក្សាអំពីភាពមិនប្រក្រតីនៃដែនម៉ាញេទិច និងកម្លាំងទំនាញ នៅក្នុងខ្លួនរបស់ព្រះច័ន្ទ ហើយវានឹងផ្តិតយក រូបភាពគុណភាពខ្ពស់អំពីទីតាំងនានា ដែលនឹងអំណោយផលដល់ការចុះចតយាន។

បន្ទាប់មកទៀត គឺនឹងត្រូវដល់វេនយាន Luna 27 នៅឆ្នាំ២០២៥ និង Luna 28 នៅឆ្នាំបន្តបន្ទាប់ទៀត និងនៅទីបញ្ចប់គឺយាន Luna 29 ដែលនឹងផ្ទុកគ្រឿងយន្តរ៉ូបូតមួយគ្រឿងមានឈ្មោះថា Lunikhod-1 ទៅចុះចតលើផ្ទៃព្រះច័ន្ទ។ Lunikhod-1 នឹងត្រូវចំណាយពេល ១០ខែ ដើម្បីស្រាវជ្រាវនៅត្រង់តំបន់មួយ នៃព្រះច័ន្ទដែលមានឈ្មោះថា Mare Imbrium ឬ Sea of Rains (ស្ថិតនៅជិតប៉ូលខាងជើងព្រះច័ន្ទ)៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space.com (ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១)

Comments (0)
Add Comment