(បរទេស)៖ ការសិក្សាថ្មីពីក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានរកឃើញថា នៅក្នុងមួយឆ្នាំៗ ធូលីអវកាសយ៉ាងហោចណាស់ ៥,២០០តោន បានធ្លាក់មកលើផ្ទៃផែនដី ហើយវាក៏សមស្របទៅនឹង ការអះអាងកន្លងនេះដែរថា ធនធានធម្មជាតិដែលផែនដីយើងមានជាច្រើន ពិតជាមានប្រភពមកពីខាងក្រៅ។

កម្ទេចធូលីរាប់ពាន់តោនដែលបានធ្លាក់មកលើផែនដី ក្នុងមួយឆ្នាំៗខាងលើនេះ គឺត្រូវបានបូកសរុបពីគ្រប់ទម្រង់ ជាពិសេសការធ្លាក់នៃដុំអាចម៍ផ្កាយ ទាំងដែលយើងបានដឹង និងមិនបានដឹង ព្រោះពួកវាតែងតែធ្លាក់ចូលមកក្នុង បរិយាកាសផែនដីជារៀងរាល់ថ្ងៃ ហើយកម្ទេចកម្ទីរបស់ពួកវាភាគច្រើនបំផុត គឺធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រ ព្រោះភពផែនដីគ្របដណ្តប់ដោយទឹកសមុទ្រ ៧១%។

គួរបញ្ជាក់ថា ទិន្នន័យថ្មីៗដែលត្រូវបានរកឃើញខាងលើនេះ ក៏នឹងជួយឲ្យក្រុមអ្នកស្រាវជ្រាវ អាចស្វែងយល់បន្ថែមអំពីតួនាទីរបស់ធូលីអវកាស នៅក្នុងការផ្តល់ម៉ូលេគុលទឹក និងកាបូនមកកាន់ភពផែនដី កាលពីអំឡុងការកកើតភពនេះដំបូងផងដែរ។

ការស្រាវជ្រាវរកកម្ទេចធូលីអវកាស ដែលបានធ្លាក់មកលើផែនដី និងគុណគូរចេញជាភាគរយបែបនេះ គឺមិនមែនជារឿងងាយនោះឡើយ ដោយក្រុមអ្នកស្រាវជ្រាវមកពី មជ្ឈមណ្ឌលវិទ្យាសាស្ត្រជាតិបារាំង (CNRS) ត្រូវគណនាទៅលើកម្ទេចដុំថ្មអវកាស ឬអាចម៍ផ្កាយតូចៗ ដែលតែងតែធ្លាក់មកលើផែនដីជារៀងរាល់ឆ្នាំ ហើយក្លាយជាកម្ទេចកម្ទីដ៏តូចល្អិត កប់ចូលទៅក្នុងសំបកផែនដី។ ការសិក្សាមានចំនួន ០៦លើកធំៗ ដែលត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល ២០ឆ្នាំចុងក្រោយ។
បើតាមលទ្ធផលនៃការសិក្សាខាងលើ កម្ទេចធូលីអវកាស (ដុំថ្មអវកាសតូចៗ និងអាចម៍ផ្កាយ) បានធ្លាក់មកលើផែនដីក្នុងមួយឆ្នាំៗគឺ ១៥,០០០តោនឯណោះជាមធ្យម ប៉ុន្តែដោយសារតែពួកវាភាគច្រើន បានបុកទង្គិចនឹងបរិយាកាសផែនដី ហើយផ្ទុះឆេះនោះ (អាចថាខ្លះត្រូវខ្ទាតចេញទៅក្នុងទីអវកាសវិញ) នោះទើបនៅសល់មួយចំនួនប៉ុណ្ណោះ ដែលបានធ្លាក់មកដល់ផ្ទៃផែនដី នោះគឺជាមធ្យមប្រមាណ ៥,២០០តោនក្នុងមួយឆ្នាំៗ។
សម្រាប់សំនួរថា តើភពផែនដីកាន់តែកើនទម្ងន់ជាងមុខដែរឬទេ? ចម្លើយសម្រាប់សនួរនេះគឺ «ទេ»។ ទោះបីជាធូលីអវកាស បានធ្លាក់មកលើផែនដីប្រមាណ ៥,២០០តោន ក្នុងមួយឆ្នាំៗមែន ប៉ុន្តែសម្រាប់ការបាត់បង់បរិយាកាសផែនដីមានដូចជា អុកស៊ីសែន និងឧស្ម័នផ្សេងទៀតទៅក្នុងទីអវកាសវិញ គឺមានខ្ទង់ ៤០,០០០ – ៥០,០០០តោឯណោះក្នុងមួយឆ្នាំៗ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ space.com (ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១)