(បរទេស)៖ ចក្រវាលពិតជាធំធេងពេកហើយ រហូតដល់ភពផែនដី ស្ទើរមិនស្មើនឹងកម្ទេចធូលីមួយគ្រាប់ផង, ចុះទម្រាំមនុស្សលោកដែលកំពុងរងគ្រោះ ដោយសារតែសង្គ្រាម ជំងឺរាតត្បាត ភាពក្រក្រី និងគ្រោះធម្មជាតិជាដើមនោះ តើទាំងអស់នេះចាត់ទុកជាអ្វីទៅនៅក្នុងចក្រវាលនេះ? ដើម្បីរំសាយអារម្មណ៍តានតឹង នៅថ្ងៃឈប់សម្រាប់ចុងសប្តាហ៍ រូបថតបីសន្លឹកថ្មីៗខាងក្រោមនេះ ពិតជាអាចធ្វើឲ្យលោកអ្នក រំសាយអារម្មណ៍តានតឹងបានមួយកម្រិត៖

១៖ តន្ត្រីចក្រវាល៖ ជាការពិតរលកសំឡេងនៃចក្រវាល មាននៅគ្រប់ទីកន្លែងទាំងអស់ ហើយត្រចៀកមនុស្សមិនអាចចាប់យក សំឡេងទាំងនោះបានឡើយ ក្រៅតែពីបាតុភូត និងការបង្កជាសំឡេងឡើង នៅលើភពផែនដីនេះប៉ុណ្ណោះ។ រូបថតមួយសន្លឹកខាងក្រោមនេះ មានបីផ្នែកសំខាន់ៗ នោះគឺផ្នែកនៅលើគេជាលំហអវកាសដ៏ធំធេង, ផ្នែកក្រោមខាងឆ្វេងគឺជាពពកនីបូឡាភ្នែកឆ្មា (Cat’s Eye Nebula) និងផ្នែកក្រោមខាងស្តាំ គឺជាកាឡាក់ស៊ី Messier 51 (ចម្ងាយ ២៣.១៦លានឆ្នាំពន្លឺពីផែនដី)។

ក្រុមអ្នកកែច្នៃក៏បានយករូបភាពទាំងបីនេះ បង្កើតចេញទៅជាវីដេអូអមដោយតន្ត្រីផងដែរ។ ពួកវាពិតជារូបថតដ៏អស្ចារ្យ ដែលត្រូវបានថតដោយកែវយឺតអវកាស Hubble និង Chandra របស់អង្គការ NASA។
២៖ ប្រហោងខ្មៅមហាយក្ស M87៖ ក្រុមតេឡេស្កូបអវកាស និងមន្ទីរអង្កេតតារានៅលើផែនដីជាច្រើន បានរួមដៃគ្នាដើម្បីផ្តិតយក រូបភាពប្រហោងខ្មៅមហាយក្ស M87 ស្ថិតនៅក្នុងកាឡាក់ស៊ី Messier 87 (ចម្ងាយ ៥៣.៤៩លានឆ្នាំពន្លឺពីផែនដី)។ រូបថតនេះមានចំនួនបីសំខាន់ៗ ហើយក្នុងរូបនីមួយៗ គឺមានឈ្មោះឧបករណ៍ដែលបានផ្តិតយកវា សរសេរនៅលើនោះជាស្រេច។
៣៖ កាឡាក់ស៊ីរាងគូទខ្យង៖ នេះមិនមែនសំដៅលើកាឡាក់ស៊ី Milky Way យើងឡើយ ដោយរូបថតត្រូវបានផ្តិតដោយកែវយឺតអវកាស Hubble មួយនេះ គឺជាកាឡាក់ស៊ី M61 (ចម្ងាយ ៥២.៥១លានឆ្នាំពន្លឺពីផែនដី) ដែលពោពេញដោយចំណុចបញ្ចេញពន្លឺភ្លឺៗ ជាច្រើនកន្លែងតែម្តង ដោយសញ្ញានេះពិតជាអាចបញ្ជាក់ថា វាជាកាឡាក់ស៊ីពោពេញដោយការផ្ទុះនៃតារា ឬជាកាឡាក់ស៊ីដែលសំបូរដោយ ប្រព័ន្ធផ្កាយកំពុងចាប់កំណើត៕
ប្រែសម្រួល៖ Cambo Space
ប្រភព និងរូបភាព៖ space.com/NASA (ថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១)