ទីបំផុត NASA បំបែកប្រវត្តិសាស្ត្រថ្មី! កូនឧទ្ធម្ភាគចក្រ Ingenuity អាចហោះលើភពអង្គារហើយ (Video)

ទីបំផុត NASA បំបែកប្រវត្តិសាស្ត្រថ្មី! កូនឧទ្ធម្ភាគចក្រ Ingenuity អាចហោះលើភពអង្គារហើយ (Video)

(អាមេរិក)៖ អង្គការ NASA របស់អាមេរិកបានប្រកាសថា កូនឧទ្ធម្ភាគចក្រ Ingenuity ធ្វើការហោះហើរបានសម្រេចហើយ នៅលើភពអង្គារនៅព្រឹកថ្ងៃចន្ទនេះ (ពេលវេលានៅអាមេរិក) ដោយវាគឺជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមនុស្សលើផែនដី អាចបង្កើតគ្រឿងយន្ត អាចហោះហើរក្នុងបរិយាកាសនៃភពដទៃបាន។

កូនឧទ្ធម្ភាគចក្រ Ingenuity ដែលមានទម្ងន់ ១.៨គីឡូក្រាម (ទម្ងន់លើផែនដី) ត្រូវបានបញ្ជាឲ្យហោះហើរឡើង នៅក្នុងរយៈកម្ពស់ ៣ម៉ែត្រនៅក្នុងរយៈពេល ៤០វិនាទី ហើយបើតាមរូបភាពដែលផ្តិតបាន គេអាចឃើញស្រមោលរបស់ Ingenuity ជះទៅលើដីភពអង្គារផងដែរ។ យាន Perseverance ដែលជាមេនៃបេសកកម្មនេះ បានផ្តល់ព័ត៌មានអំពីការហោះលើកដំបូង ដោយជោគជ័យរបស់ Ingenuity និងបានផ្តិតយកវីដេអូ អំពីសកម្មភាពជាប្រវត្តិសាស្ត្រនោះ បញ្ជូនមកកាន់ភពផែនដីវិញថែមទៀត។

ជុំវិញជោគជ័យខាងលើនេះ ប្រធានអាកាសយានិករបស់ Ingenuity លោក Havard Grip បានថ្លែងចេញពីមន្ទីរពិសោធន៍ JPL របស់អង្គការ NASA នៅព្រឹកថ្ងៃចន្ទនេះថា «Ingenuity បានធ្វើការហោះហើរជាលើកដំបូងរួចហើយ។ វាគឺជាយន្តហោះដើរដោយថាមពលលើកដំបូង ដែលបានហោះហើរនៅក្នុងបរិយាកាសភពដទៃ»។

គួរបញ្ជាក់ថា តម្លៃនៃការអភិវឌ្ឍ និងផលិត Ingenuity ចេញមកគឺ ៨៥លានដុល្លារអាមេរិក។ ការសម្រេចជោគជ័យពេលនេះ នឹងធ្វើឲ្យអង្គការ NASA អាចឈានទៅសិក្សា អំពីសណ្ឋានដីភពអង្គារបានកាន់តែសំបូរបែប ព្រោះ Ingenuity នឹងហោះទៅផ្តិតរូបភាពនៅទីតាំងលំបាកៗជាច្រើន ដែលយាននៅលើផ្ទៃភពអង្គារមិនអាចចល័តទៅដល់៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/JPL, space.com (ថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១)

Comments (0)
Add Comment