(ម៉ូស្គូ)៖ ទីភ្នាក់ងារអវកាសប្រទេសរុស្ស៉ី នៅថ្ងៃអង្គារនេះបានឲ្យដឹងថា រុស្ស៊ីសង្ឃឹមនឹងអាចបង្កើតស្ថានីយអវកាសផ្ទាល់ខ្លួន នៅក្នុងឆ្នាំ២០២៥ ខណៈដែលទីក្រុងម៉ូស្គូកំពុងពិចារណាដកខ្លួន ពីកម្មវិធីស្ថានីយអវកាសអន្តរជាតិ (ISS) ដើម្បីងាកមកឯករាជ្យខ្លួនឯងវិញម្តង។

ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos លោក Dmitry Rogozin បានប្រាប់ថា ការងារបានចាប់ផ្តើមហើយលើការអភិវឌ្ឍកំណាត់បន្ទប់ដំបូង នៃស្ថានីយអវកាសរបស់រុស្ស៉ី ហើយវាអាចនឹងត្រូវបញ្ជូនឡើងទៅកាន់ទីអវកាសបាន នៅក្នុងឆ្នាំ២០២៥។ កាលពីប៉ុន្មានថ្ងៃកន្លងទៅ ឧបនាយករដ្ឋមន្រ្តីរុស្ស៉ី លោក Yury Borisov បាននិយាយថា ទីក្រុងម៉ូស្គូកំពុងតែពិចារណាថា គួរចាកចេញពីកម្មវិធីស្ថានីយ ISS នៅឆ្នាំ២០២៥ ឬក៏យ៉ាងណា ដោយសារតែអាយុកាលចំណាស់របស់ស្ថានីយនោះ។

គួរបញ្ជាក់ថា ស្ថានីយអវកាសអន្តរជាតិ ISS ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៨ និងមានការចូលរួមពីប្រទេសរុស្ស៉ី សហរដ្ឋអាមេរិក កាណាដា ជប៉ុន និងអឺរ៉ុប ហើយវាត្រូវគេចាត់ទុកជា កិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយមហិច្ឆតាបំផុតមួយ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិយើង។

សម្រាប់ពេលនេះ សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលនាំមុខដាច់ឆ្ងាយខាងវិស័យអវកាស ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយសហភាពអឺរ៉ុប។ ប៉ុន្តែយើងក៏មិនអាចប្រកែកបានដែរថា ចិនកំពុងតែលោតផ្លោះយ៉ាងលឿន ស្ទើរមិនគួរឲ្យជឿ នៅក្នុងការស្រាវជ្រាវទីអវកាសផងដែរ។ ជាក់ស្តែងចិនកំពុងត្រៀម ដើម្បីផ្គុំបន្ទប់ស្ថានីយអវកាសផ្ទាល់ខ្លួនជាបណ្តើរៗ នៅក្នុងឆ្នាំ២០២២ខាងមុខនេះ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ AFP (ថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១)