យោធាអាមេរិកជ្រើសរើសក្រុមហ៊ុនធំៗ ៣ ដើម្បីអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ដែលអាចរុញច្រានយានក្នុងទីអវកាស

យោធាអាមេរិកជ្រើសរើសក្រុមហ៊ុនធំៗ ៣ ដើម្បីអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ដែលអាចរុញច្រានយានក្នុងទីអវកាស

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារស្រាវជ្រាវជាន់់ខ្ពស់ នៃវិស័យការពារជាតិអាមេរិក (DARPA) បានជ្រើសរើសក្រុមហ៊ុនធំៗចំនួន ០៣ ដើម្បីសិក្សាជំហានដំបូងក្នុងការបង្កើត ថាមពលនុយក្លេអ៊ែររុញច្រាន (nuclear propulsion) សម្រាប់ប្រើនៅទីអវកាស ស្ថិតនៅតំបន់ពីលើគន្លងគោចរកម្រិតទាបនៃភពផែនដី ឬតំបន់ចន្លោះគន្លងគោចររវាងព្រះច័ន្ទ និងផែនដី។ (Low Earth Orbit ឬគន្លងគោចរកម្រិតទាបនៃភពផែនដី ស្ថិតនៅរយៈកម្ពស់លើសពី ១៦០គីឡូម៉ែត្រ ទៅដល់ក្រោម ១,០០០គីឡូម៉ែត្រពីផ្ទៃដី)។

ក្រុមហ៊ុនធំៗដែលទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក DARPA បានជ្រើសរើសនោះគឺ General Atomics, Blue Origin និង Lockheed Martin។ ក្រុមហ៊ុនទាំងបីនេះនឹងត្រូវសម្រេចឲ្យបាននូវ កម្មវិធីអភិវឌ្ឍគ្រាប់រ៉ុក្កែត សម្រាប់គំរោងប្រតិបត្តិការយាន នៅចន្លោះគន្លងគោចររវាងភពផែនដី និងព្រះច័ន្ទ ( Demonstration Rocket for Agile Cislunar Operations ឬ DRACO) នៅឆ្នាំ២០២៥។ ឧបករណ៍បីសំខាន់ៗនោះគឺ ម៉ាស៊ីនរ៉េអាក់ទ័រ, ថាមពលរុញច្រាន (នុយក្លេអ៊ែរ) និងតួយាន គឺជាចំណុចគោលសំខាន់ៗនៃគម្រោងនេះ។

ទីភ្នាក់ងារយោធាអាមេរិក DARPA មិនបានប្រាប់អំពីតម្លៃនៃកិច្ចសន្យាខាងលើនេះឡើយ ប៉ុន្តែបើតាមការផ្សាយរបស់សារព័ត៌មាន Space News ក្រុមហ៊ុន General Atomics ទទួលបាន ២២លានដុល្លារ, ក្រុមហ៊ុន Lockheed Martin ទទួលបាន ២.៩លានដុល្លារ និងក្រុមហ៊ុន Blue Origin ទទួលបាន ២.៥លានដុល្លារ។

គួរបញ្ជាក់ថា ការច្នៃថាមពលនុយក្លេអ៊ែរ ដើម្បីធ្វើជារ៉ុក្កែតរុញច្រានយាន គឺពិតជាភាពស្មុគស្មាញមួយ ប៉ុន្តែការព្យាយាមបង្កើតវាឡើងមកបាន នឹងមិនត្រឹមតែជួយដល់គម្រោងខាងលើនេះឡើយ ដោយឡែកគម្រោងស្រាវជ្រាវទីអវកាសផ្សេងៗទៀត ក៏នឹងទទួលបានផលប្រយោជន៍ធំពីវាផងដែរ។

អង្គការ NASA កន្លងមកនេះ ក៏ធ្លាប់ចាប់អារម្មណ៍ក្នុងការអភិវឌ្ឍ ថាមពលនុយក្លេអ៊ែររុញច្រានយាននេះផងដែរ ដោយវានឹងអាចកាត់បន្ថយពេលវេលា បញ្ជូនយានទៅភពអង្គារបានពាក់កណ្តាល គឺមកនៅត្រឹមតែ ៣ ទៅ ៤ខែប៉ុណ្ណោះ។ អង្គការ NASA បានរំពឹងថា នឹងអាចដឹកនាំអវកាសយានិកដំបូង ទៅកាន់ភពអង្គារនៅអំឡុងទសវត្សរ៍ ២០៣០ ឬ ២០៤០ យ៉ាងយូរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space.com (ថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១)

Comments (0)
Add Comment