(វ៉ាស៉ីនតោន)៖ យានរ៉ូបូត Perseverance របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានបំប្លែងឧស្ម័នកាបូនឌីអុកស៉ីតមួយចំនួន ដែលបានមកពីក្នុងបរិយាកាសនៃភពអង្គារ (Mars) ឲ្យទៅជាឧស្ម័នអុកស៉ីហ្សែន ខណៈវាគឺជាលើកទីមួយហើយ ដែលរឿងនេះបានកើតឡើងនៅលើភពដទៃទៀត ក្រៅពីភពផែនដីយើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

ការសាកល្បងបច្ចេកវិទ្យាខាងលើ បានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ ទី២០ ខែមេសា ហើយអ្នកវិទ្យាសាស្រ្តសង្ឃឹមថា នៅថ្ងៃអនាគតខាងមុខ ឧបករណ៍នោះ អាចនឹងជួយត្រួសត្រាយផ្លូវ សម្រាប់បេសកកម្មរុករកដោយមនុស្ស នៅលើភពអង្គារ។ វាមិនត្រឹមអាចផលិតអុកស៉ីហ្សែន សម្រាប់ឲ្យអវកាសយានិកដង្ហើមប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឲ្យការនាំយកឧស្ម័នអុកស៊ីសែន ក្នុងបរិមាណច្រើនពីផែនដី ដើម្បីប្រើប្រាស់ជាឥន្ធនៈរបស់រ៉ុក្កែត សម្រាប់ចាកចេញពីភពអង្គារវិញនោះ លែងជារឿងចាំបាច់ទៀតផង។

ឧបករណ៍ឈ្មោះថា ចម្រាញ់អុកស៊ីសែន ម៉ូហ្ស៊ី (Mars Oxygen In-Situ Resource Utilization Experiment ឬ MOXIE) គឺជាប្រអប់ពណ៌មួយមានទំហំប៉ុនអាគុយរថយន្ត ដែលបំពាក់នៅក្នុងផ្នែកខាងមុខចំហៀងខាងស្តាំនៃយាន Perseverance។ ដោយត្រូវគេដាក់រហស្សនាមឲ្យថា «ដើមឈើយន្ត» ហើយវាប្រើចរន្តអគ្គិសនី និងបាតុភូតគីមី ដើម្បីបំបែកម៉ូលេគុលកាបូនឌីអុកស៉ីត ដែលផ្សំឡើងពីអាតូមកាបូនចំនួនមួយ និងអាតូមអុកស៉ីហ្សែនចំនួនពីរ។ ដំណើរការផលិតអុកស៉ីហ្សែននេះ ក៏ផលិតឧស្ម័នកាបូនម៉ូណូអុកស៉ីតផងដែរ។
បើតាម NASA ក្នុងដំណើរការបំប្លែងដំបូងរបស់វា MOXIE ផលិតបានឧស្ម័នអុកស៉ីហ្សែន ០៥ក្រាម ដែលអាចផ្តល់ខ្យល់ដកដង្ហើមដល់ អវកាសយានិកធ្វើការងារធម្មតាៗ សម្រាប់រយៈពេលប្រហែល ១០នាទី។ ក្រុមវិស្វកររបស់ MOXIE ឥឡូវនេះនឹងបន្តធ្វើតេស្តថែមទៀត ដើម្បីព្យាយាមបង្កើនបរិមាណអុកស៉ីហ្សែន ដែលវាផលិតបាន។ MOXIE ត្រូវបានរចនាឡើងជាមួយសមត្ថភាព ផលិតអុកស៉ីហ្សែនបានដល់ ១០ក្រាមក្នុងមួយម៉ោង។
គួរបញ្ជាក់ថា តាមមើលទៅការផលិតឧស្ម័នអុកស៉ីហ្សែន ចេញពីបរិយាកាសរបស់ភពអង្គារ ដែលផ្សំឡើងពីឧស្ម័នកាបូនឌីអុកស៉ីតដល់ទៅ ៩៦ភាគរយ ទំនងជាជម្រើសអាចទៅរួចច្រើនជាង បើប្រៀបធៀបជាមួយនឹងការផលិតអុកស៉ីហ្សែន ចេញពីទឹកកកដែលមានវត្តមាន នៅក្រោមផ្ទៃភពអង្គារ។ វាជាការបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត បន្ទាប់ពីប៉ុន្មានថ្ងៃមុននេះ អង្គការ NASA បានបញ្ជាឲ្យកូនឧទ្ធម្ភាគចក្រ Ingenuity ហោះហើរបានជោគជ័យ ជាលើកដំបូងលើភពក្រហមនោះ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/JPL, space.com (ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១)