(អាមេរិក)៖ កូនឧទ្ធម្ភាគចក្រ Ingenuity របស់អង្គការ NASA ទើបតែបានទទួលជោគជ័យជាថ្មីម្តងទៀត ក្នុងការហោះហើររបស់វាជាលើកទីពីរ នៅលើផ្ទៃភពអង្គារ (Mars) ដែលត្រូវបានគេមើលឃើញថា ជាការបោះជំហានខ្ពស់ជាងលើកទី១។
អង្គការ NASA បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) កូនឧទ្ធម្ភាគចក្រ Ingenuity ត្រូវបានបញ្ជាឲ្យ ធ្វើតេស្តហោះហើរជាលើកទីពីរលើផ្ទៃភពអង្គារ ហើយការសាកល្បងលើកនេះ Ingenuity សម្រេចបានលទ្ធផលប្រសើរជាងមុនទៅទៀត គឺវាហោះបានហោះឡើងដល់រយៈកម្ពស់ខ្ពស់ និងបានយូរជាងការធ្វើតេស្តលើកទីមួយ ដែលប្រព្រឹត្តទៅកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

គួរបញ្ជាក់ថា បើតាម NASA កំលុងការធ្វើតេស្តនាថ្ងៃព្រហស្បតិ៍ កូនឧទ្ធម្ភាគចក្រ Ingenuity បានហោះឡើងដល់កម្ពស់ ០៥ម៉ែត្រ និងមានរយៈពេល ៥១.៩វិនាទី។ Ingenuity បានចុះទៅដល់តំបន់រណ្តៅ Jezero លើផ្ទៃភពអង្គារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅ ជាមួយយានរ៉ូបូតកង់០៦ ឈ្មោះ Perseverance របស់ NASA។

សម្រាប់ការហោះហើរកាលពីលើកទី ១ កូនឧទ្ធម្ភាគចក្រ Ingenuity ដែលមានទម្ងន់ ១.៨គីឡូក្រាម (ទម្ងន់លើផែនដី) ត្រូវបានបញ្ជាឲ្យហោះហើរឡើង នៅក្នុងរយៈកម្ពស់ ៣ម៉ែត្រនៅក្នុងរយៈពេល ៤០វិនាទី ហើយបើតាមរូបភាពដែលផ្តិតបាន គេអាចឃើញស្រមោលរបស់ Ingenuity ជះទៅលើដីភពអង្គារផងដែរ។
តម្លៃនៃការអភិវឌ្ឍ និងផលិត Ingenuity ចេញមកគឺ ៨៥លានដុល្លារអាមេរិក។ ការសម្រេចជោគជ័យនេះ នឹងធ្វើឲ្យអង្គការ NASA អាចឈានទៅសិក្សា អំពីសណ្ឋានដីភពអង្គារបានកាន់តែសំបូរបែប ព្រោះ Ingenuity នឹងហោះទៅផ្តិតរូបភាពនៅទីតាំងលំបាកៗជាច្រើន ដែលយាននៅលើផ្ទៃភពអង្គារមិនអាចចល័តទៅដល់៕
ប្រភព៖ space.com (ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១)