ផ្កាយ Proxima Centauri នៅជិតផែនដីយើងបំផុត ទើបជះអណ្តាតភ្លើងយ៉ាងកញ្ជ្រោល ដែលខ្លាំងជាងព្រះអាទិត្យ ១០០ដង

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ទើបតែបង្ហើបឲ្យដឹងបន្ថែមទៀតថា បាតុភូតជះអណ្តាតភ្លើងចេញពីផ្កាយ ប្រុកស៊ីម៉ា សិនថូរី (Proxima Centauri) ដែលស្ថិតនៅជិតផែនដីយើងបំផុត (៤.២៥ឆ្នាំពន្លឺ) នោះ គឺមានឥទ្ធិពលខ្លាំងការជះអណ្តាតភ្លើង នៃព្រះអាទិត្យរបស់យើងរហូតដល់ទៅ ១០០ដងឯណោះ។

Proxima Centauri ស្ថិតក្នុងលំដាប់ថ្នាក់ជា តារាក្រហមទំហំតូច (red dwarf) ដែលមានពន្លឺស្រទន់ និងជាប្រភេទតារាដែលសំបូរជាទូទៅ នៅក្នុងកាឡាក់ស៊ីមួយនេះ។ ការរកឃើញអណ្តាតភ្លើងជះចេញពី Proxima Centauri ប្រកបដោយឥទ្ធិពខ្លាំងជាងព្រះអាទិត្យខាងលើនេះ ពិតជាបានធ្វើឲ្យក្រុមអ្នកស្រាវជ្រាវមួយចំនួន ផ្លាស់ប្តូរទស្សនរបស់ពួកគេ អំពីជីវិតភពផ្សេង (Alien) ដែលអាចកើតមានលើភព Proxima B នៅកំពុងគោចរជុំវិញផ្កាយនោះ។

កន្លងមកក្រុមអ្នកស្រាវជ្រាវមួយចំនួនបានគិតថា ភព Proxima B ដែលកំពុងគោចរក្នុងគន្លងត្រឹមត្រូវ (Habitable Zone) នៅជុំវិញផ្កាយរបស់វា ពិតជាអាចកំពុងលាក់ជីវិតអេលៀន ដែលរង់ចាំមនុស្សទៅស្វែងរក។ ប៉ុន្តែក្រោយមក ក្រុមអ្នកស្រាវជ្រាវផ្សេងទៀត ក៏បានបដិសេធចំពោះការអះអាងនេះ ដោយពួកគេបានសំអាងដូចហេតុផល ខាងលើនេះវិញថា ផ្កាយ Proxima Centauri ជាប្រភេទតារាដែលពោពេញដោយ «ចលនាកញ្ជ្រោលខ្លាំង» ហើយរលកធាតុវិទ្យុសកម្ម (radiation) ជះចេញពីខ្លួនវា ល្មមអាចបំផ្លាញជីវិតគ្រប់ទម្រង់ទាំងអស់ ប្រសិនពួកវាមានវត្តមានលើភព Proxima B នោះបាន។

គួរបញ្ជាក់ថា ការសិក្សា និងអង្កេតឃើញអណ្តាតភ្លើង (flare) ជះចេញពីផ្កាយ Proxima Centauri ខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈកែវយឺតអវកាស Hubble, តេឡេស្កូប Atacama នៅលើផែនដី និងកែវយឺតអវកាស TESS របស់អង្គការ NASA។ ពួកវាត្រូវបានប្រើប្រាស់រួមគ្នា ដើម្បីអង្កេតប្រព័ន្ធផ្កាយ Proxima Centauri សម្រាប់រយៈពេល ៤០ម៉ោង ក្នុងអំឡូងពេលពីរទៅបីខែកាលពីឆ្នាំ២០១៩ ហើយការជះ flare ចេញពីតារានោះ គឺមានរយៈពេលតែ ៧វិនាទីប៉ុណ្ណោះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space.com (ថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១)

Comments (0)
Add Comment