កុំភ្លេចទស្សនា! «បាតុភូតព្រះច័ន្ទពេញវង់ធំបំផុតទី ២ នៃឆ្នាំ២០២១ (Pink supermoon) នៅយប់ថ្ងៃចន្ទនេះ និងយប់ស្អែក»

កុំភ្លេចទស្សនា! «បាតុភូតព្រះច័ន្ទពេញវង់ធំបំផុតទី ២ នៃឆ្នាំ២០២១ (Pink supermoon) នៅយប់ថ្ងៃចន្ទនេះ និងយប់ស្អែក»

(បរទេស)៖ បាតុភូតព្រះច័ន្ទពេញវង់ពណ៌ផ្កាឈូកដ៏ធំ ឬ Pink supermoon ដែលជាបាតុភូតព្រះច័ន្ទពេញវង់ធំបំផុតលំដាប់ទី ២ នៅក្នុងឆ្នាំ២០២១នេះ នឹងបង្ហាញខ្លួនពេញលេញ នៅមុនពាក់កណ្ដាលយប់ថ្ងៃចន្ទ ទី២៧ ខែមេសា (ម៉ោងនៅទីក្រុងភ្នំពេញ) ប៉ុន្តែនៅជិតពាក់កណ្តាលយប់ថ្ងៃចន្ទ ទី២៦ ខែមេសានេះ យើងក៏អាចចាប់ផ្តើមមើលឃើញបាតុភូតនេះផងដែរ។ នេះបើតាមប្រភពពីអង្គការ NASA ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន live science នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។

បើតាមវែបសាយ Time & Date គេអាចទស្សនាព្រះច័ន្ទពណ៌ផ្កាឈូក នៅពេលពេញវង់បាននៅម៉ោង ១០៖៣១នាទីយប់ (ម៉ោងនៅភ្នំពេញ) នៅថ្ងៃអង្គារស្អែកនេះ ឬនៅម៉ោង ៣៖៣១នាទីទៀបភ្លឺ (ម៉ោងសកល) ថ្ងៃអង្គារ ទី២៧ ខែមេសា។ បាតុភូតព្រះច័ន្ទផ្កាឈូកនេះ នឹងបង្ហាញខ្លួនពេលពេញវង់ចំនួន ០៣ថ្ងៃ គឺនៅយប់ថ្ងៃទី២៥-២៦-២៧ ខែមេសា ឆ្នាំ២០២១ ទៅតាមល្វែងម៉ោងនៃតំបន់នីមួយៗលើភពផែនដី។

ព្រះច័ន្ទពេញវង់ពណ៌ផ្កាឈូកនៃខែមេសានេះ ក៏នឹងស្ថិតនៅចម្ងាយជិតភពផែនដី ជាងព្រឹត្តិការណ៍ព្រះច័ន្ទពេញវង់ដទៃៗទៀតផងដែរ នៅក្នុងឆ្នាំ២០២១ លើកលែងតែថ្ងៃពិសេសមួយប៉ុណ្ណោះ។ មានតែព្រះច័ន្ទពេញវង់នៅថ្ងៃទី២៦ ខែឧសភាខាងមុខនេះទេ ដែលស្ថិតនៅចម្ងាយជិតជាងគេបំផុត។

សូមបញ្ជាក់់ថា ទោះបីជាព្រឹត្តិការណ៍ខាងលើនេះ ត្រូវបានដាក់ឈ្មោះថា «ព្រះច័ន្ទពេញវង់ពណ៌ផ្កាឈូក ឬ Pink Supermoon» ក៏មិនមែនមានន័យថា ព្រះច័ន្ទនឹងមានពណ៌ផ្កាឈូកតែម្តងនោះឡើយ។ វាគ្រាន់តែត្រូវបានហៅបែបនេះ ដើម្បីរំលឹកដល់ការជិតឈានចូលមកដល់ នៃរដូវផ្ការីក ជាពេលដែលផ្កាព្រៃមួយប្រភេទឈ្មោះ Phlox subulata ស្ថិតនៅភាគខាងកើត នៃទ្វីបអាមេរិកខាងជើងរីកតែប៉ុណ្ណោះ។

សម្រាប់អ្នកមានជំនឿលើសាសនាគ្រឹស្ដ (Eastern Christianity) ព្រះច័ន្ទពណ៌ផ្កាឈូក ឬ Pink supermoon គឺជាព្រះច័ន្ទពេញវង់មុនបុណ្យ អ៉ីស្ទឺរ (Easter) ដែលពួកគេហៅថាព្រះច័ន្ទ ប៉ាស្កាល់ (Paschal Moon)។ ជាធម្មតាសហគមន៍សាសនាគ្រឹស្ដខាងកើត និងខាងលិច (Eastern Christianity និង Western Christianity) តែងអង្កេតព្រះច័ន្ទ Paschal ក្នុងពេលជាមួយគ្នា។ ប៉ុន្តែក្នុងឆ្នាំនេះ គឺការអង្កេតព្រះច័ន្ទមានលក្ខណៈខុសគ្នា ដោយប្រតិទិននៃសហគមន៍សាសនាគ្រឹស្ដ Eastern Christianity ដែលយកតាមប្រតិទិនក្រិក (Julian calendar) មានរយៈពេលខុសគ្នា ១៣ថ្ងៃ ធៀបទៅនឹងប្រតិទិនសកល (Gregorian calendar) ដែលប្រើប្រាស់ដោយសហគមន៍សាសនាគ្រឹស្ដ Western Christianity។ ពោលគឺមានន័យថា Eastern Christianity នឹងប្រារព្ធពីបុណ្យ Easter នៅថ្ងៃទី០២ ខែឧសភា រីឯ Western Christianity បានប្រារព្ធពិធីបុណ្យ Easter រួចហើយកាលពីថ្ងៃទី០៤ ខែមេសាកន្លងទៅ។

ព្រមពេលជាមួយគ្នា ក្រុមអ្នកកាន់សាសនាហិណ្ឌូនឹងប្រារព្ធពិធីបុណ្យ ហនុមាន ចាយ៉ានទី (Hanuman Jayanti) ដែលជាបុណ្យរំលឹកដល់ការចាប់កំណើតរបស់ហនុមាន (Hanuman)។ ពិធីបុណ្យនេះជាធម្មតាត្រូវប្រារព្ធក្នុងខែ ឆៃត្រា (Chaitra) គិតតាមខែច័ន្ទគតិរបស់សាសនាហិណ្ឌូ។ ចំណែកឯសាសនាព្រះពុទ្ធវិញ ជាពិសេសនៅក្នុងប្រទេសស្រីលង្កា ព្រះច័ន្ទពណ៌ «ផ្កាឈូក» ត្រូវបានគេហៅថា ព្រះច័ន្ទពេញវង់ បាក ផូយ៉ា (Bak Poya) ដែលនៅប្រទេសកម្ពុជាហៅថា «បុណ្យវិសាខបូជា»។

សម្រាប់ប្រទេសស្រីលង្កា ពិធីបុណ្យ Bak Poya ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធអង្គ ទ្រង់បានយាងទៅដល់ប្រទេសស្រីលង្កា ជាទីដែលព្រះអង្គបានផ្ដល់ពុទ្ធឱវាទ ដើម្បីផ្សះផ្សាជម្លោះ និងបង្កើតសន្តិភាពនៅក្នុងតំបន់ទាំងមូល៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA, live Science, Time&Date (ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២១)

Comments (0)
Add Comment