(ប៉េកាំង)៖ ក្រុមហ៊ុនរុករករ៉ែអវកាសមួយរបស់ចិន បានចាប់ផ្តើមបាញ់បង្ហោះ ផ្កាយរណបគំរូមួយ (រ៉ូបូតអវកាស) ទៅកាន់គន្លងតារាវិថីនៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ ដោយស្ថិតក្នុងគោលដៅតេស្តបច្ចេកវិទ្យា សម្អាតសំរាមនៅទីអវកាស តាមរយៈសំណាញ់ដែលភ្ជាប់ទៅជាមួយវា។

គ្រឿងយន្តអវកាសមានឈ្មោះថា NEO-1 ដែលត្រូវបានបញ្ជូនទៅកាន់ទីអវកាសពេលនេះ នឹងព្យាយាមស្វែងរកកម្ទេចសំរាមនានា ដែលកំពុងអណ្តែតត្រសែត នៅទីអវកាសដ៏ស្មុគស្មាញ។ NEO-1 ត្រូវបានដាក់ភ្ជាប់ជាមួយគ្រាប់រ៉ុក្កែត Long March 6 ដែលបានបាញ់បង្ហោះផ្កាយរណបរបស់រដ្ឋាភិបាលចិន ឡើងទៅកាន់គន្លងគោចរជុំវិញភពផែនដី ស្របពេលជាមួយគ្នា។

រ៉ូបូតអវកាសខាងលើនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Origin Space មានមូលដ្ឋានទីក្រុងហ្សិនជិន នៃប្រទេសចិន។ វាពិតជាមានអត្ថប្រយោជន៍ដល់ទិសដៅអនាគត ដែលក្រុមហ៊ុនចិនត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០០៩មួយនេះ គ្រោងធ្វើការរុករករ៉ែពីដុំអាចម៍ផ្កាយនានា។

ដោយឡែកសម្រាប់ការធ្វើតេស្ត បោសសម្អាតសំរាមអវកាសខាងលើនេះ ក៏ជាការត្រួសត្រាយផ្លូវ សម្រាប់ការធ្វើបេសកកម្មអវកាស នៅថ្ងៃអនាគតប្រកបដោយសុវត្ថិភាពផងដែរ។ ផ្កាយរណបរាប់ពាន់គ្រឿងហើយ ត្រូវបានបាញ់បង្ហោះទៅក្នុងទីអវកាស នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយពួកវាខ្លះបានខូចខាតលែងដំណើរការ និងក្លាយជាសំរាមអវកាស ដែលអាចមានលទ្ធភាពបង្កការគំរាមកំហែង ដល់បេសកកម្មអវកាសនានាបាន។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងកំពុងតែបង្កើនមហិច្ឆតារបស់ខ្លួន ដើម្បីក្លាយជាមហាអំណាចអវកាស ដ៏ធំមួយនៅឆ្នាំ២០៣០។ ចិនក៏មានផែនការក្នុងការចុះចតយាន នៅលើអាចម៍ផ្កាយមួយនៅជិតផែនដី ដើម្បីប្រមូលគំរូតាងរួចដឹកត្រឡប់មកផែនដីវិញ ហើយក៏មានគម្រោងក្នុងការបង្កើត ប្រព័ន្ធការពារភពផែនដីពីអាចម៍ផ្កាយ ដែលស្ថិតនៅជិតៗផែនដីផងដែរ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Xinhua (ថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១)