(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA និងក្រុមហ៊ុន SpaceX បានកំណត់យកថ្ងៃសៅរ៍សប្តាហ៍នេះ សម្រាប់ការត្រឡប់មកដល់វិញ នៃក្រុមអវកាសយានិកក្នុងបេសកកម្ម Crew-1 ពីស្ថានីយអវកាសអន្តរជាតិ (ISS) ក្រោយក្រុមបេសកកម្ម Crew-2 បានទៅដល់ទីនោះដោយសុវត្ថិភាព កាលពីសប្តាហ៍មុនដើម្បីផ្លាស់វេន។

បេសកកម្ម Crew-1 ដែលមានអវកាសយានិក ០៤រូប ត្រូវបានកំណត់ពេលវេលាថា នឹងចាកចេញពីស្ថានីយ ISS ជាមួយយាន Crew Dragon នៅវេលាម៉ោង ០៥៖៥៥នាទីល្ងាចថ្ងៃសុក្រនេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ដើម្បីចាប់ផ្តើមការធ្វើដំណើរចុះមកផែនដីវិញ។ បើតាមការរំពឹងទុក ពួកគេនឹងចុះមកដល់ នៅម៉ោង ១១៖៣៦នាទីព្រឹកថ្ងៃសៅរ៍សប្តាហ៍នេះ (ម៉ោងនៅអាមេរិកដដែល) នៅឯឈូងសមុទ្រម៉ិចស៉ីកូ ក្បែរឆ្នេរនៃរដ្ឋផ្លូរីដា (ត្រូវនឹងជិតពាក់កណ្តាលយប់ថ្ងៃសៅរ៍ស្អែកនេះ ម៉ោងនៅភ្នំពេញ)។


គួរបញ្ជាក់ថា ក្រុមបេសកកម្ម Crew-2 ដែលមានអវកាសយានិក ០៤រូបដូចគ្នា បានធ្វើដំណើរតាមយាន Crew Dragon ទៅដល់ស្ថានីយ ISS កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ជាធម្មតាស្ថានីយអវកាសអន្តរជាតិនេះ មានការផ្លាស់ប្តូរវេនប្រចាំការរៀងរាល់ ០៦ខែម្តង។ ក្រោយការទៅដល់របស់ពួកគេ ស្ថានីយអវកាស ISS បានបញ្ចេញខ្សែវីដេអូមួយ ដែលបង្ហាញអំពីការជួបជុំយ៉ាងកកកុញមិនធ្លាប់មាន នៃក្រុមអវកាសយានិកអន្តរជាតិនៅលើនោះផងដែរ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Xinhua (ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១)