តើ Black Hole ដ៏ពិសេសមួយនេះអាចផ្លាស់ប្តូរការយល់ដឹងរបស់អ្នក ចំពោះចក្រវាល?

តើ Black Hole ដ៏ពិសេសមួយនេះអាចផ្លាស់ប្តូរការយល់ដឹងរបស់អ្នក ចំពោះចក្រវាល?

(បរទេស)៖ ការសិក្សាជាបន្តបន្ទាប់បានជំរុញឲ្យក្រុមអ្នកវិទ្យាសាស្ត្រ អង្កេតឃើញប្រហោងខ្មៅមួយ ដែលពួកគេហ៊ានអះអាងថា វាទំនងជាអាចផ្លាស់ប្តូរការយល់ដឹងរបស់អ្នក ចំពោះចក្រវាលដ៏ធំធេងមួយនេះបាន។

ប៉ុន្មានទសវត្សរ៍មកនេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការស្វែងរក ប្រហោងខ្មៅដ៏ប្រសើរជាងគេបំផុត ឬ goldilocks black hole ដែលជាប្រភេទប្រហោងខ្មៅស្ថិតនៅចន្លោះកណ្តាល រវាងប្រហោងខ្មៅដែលមានម៉ាស់តូច (low-mass) និងប្រហោងខ្មៅមហាយក្ស (supermassive) ដែលជាប្រធានពិភាក្សាដ៏ក្តៅគគុក រវាងក្រុមអ្នកវិទ្យាសាស្ត្រកន្លងមកនេះ។

ទ្រឹស្តីមួយបានលើកឡើងថា ប្រហោងខ្មៅជាច្រើនតែងតែបានវិវឌ្ឍន៍ខ្លួន ពីប្រហោងខ្មៅតូចៗ រហូតទាល់តែក្លាយជាទៅប្រហោងខ្មៅមហាយក្សនានា។ ប្រសិនបើយើងអាចដឹងថា ប្រហោងខ្មៅទាំងនោះមានចំនួនសរុបប៉ុន្មាន នោះយើងក៏អាចមានគន្លឹះបន្ថែម ដើម្បីសិក្សាស្វែងយល់អំពីការកកើតឡើង និងវិវឌ្ឍន៍របស់ពួកវាទៅតាមពេលវេលាផងដែរ។

ការស្វែងរកប្រហោងខ្មៅនីមួយៗ គឺមិនមែនជារឿងងាយស្រួលឡើយ ដោយប្រហោងខ្មៅខ្លះធំធេងជ្រុលពេក ដែលពិបាកនៅក្នុងការអង្កេតដឹង និងខ្លះទៀតតូច ដែលពិបាកក្នុងវែកញែករកវា នៅក្នុងទីអវកាស។ ភស្តុតាងនានាដែលយើងគិតថា អាចបញ្ជាក់អំពីវត្តមានប្រហោងខ្មៅ នៅតំបន់ណាមួយនោះ វាក៏អាចក្លាយជាភស្តុតាងដែលមិនច្បាស់លាស់ដូចគ្នា។

កន្លងមកនេះ ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោក បានត្រឹមតែសន្និដ្ឋានថា ប្រហោងខ្មៅនៅក្នុងចក្រវាលទាំងមូល គឺមានច្រើនខ្លាំងណាស់ ហើយនៅក្នុងកាឡាក់ស៊ី Milky Way របស់យើងក៏ត្រូវបានគេសន្និដ្ឋានផងដែរថា មានប្រហោងខ្មៅរហូតដល់ទៅចំនួន ៤៦,០០០ ឯណោះ។ ប៉ុន្តែឥឡូវនេះ យើងប្រហែលជាចង់ដឹងហើយថា តើការយល់របស់យើងគ្រប់គ្នា ចំពោះប្រហោងខ្មៅ គឺជាការត្រឹមត្រូវដែរ ឬយ៉ាងណា?

អត្ថបទមួយដែលត្រូវបានចេញផ្សាយនៅលើ Nature Astronomy បានបង្ហាញថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញភស្តុតាង អំពីប្រហោងខ្មៅពិតប្រាកដមួយ ដែលអាចពន្យល់យើងអំពីព័ត៌មាន អំពីការកកើតរបស់វាឡើង គិតចាប់តាំងពីចក្រវាលមួយ ចាប់ផ្តើមលេចរូបរាងដំបូងៗ។

ភ័ស្តុតាងនៃប្រហោងខ្មៅបានមកដល់ផែនដី នៅក្នុងទំរង់ជាពន្លឺ (light) ត្រូវបានបង្កើតឡើងដោយការផ្ទុះដែលបានកើតឡើង នៅពេលចក្រវាលទើបតែចាប់កំណើត។ ក្រុមអ្នកវិទ្យាសាស្ត្របានពិនិត្យមើល ព័ត៌មានអំពីការផ្ទុះរាប់ពាន់ករណី ដែលបណ្តាលមកពីផ្កាយដល់ពេលត្រូវរលំរលាយ ឬប្រមូលផ្តុំរូបធាតុក្លាយជាផ្កាយវិញ ដោយពួកគេសង្ឃឹមថា នឹងអាចប្រើការផ្ទុះណាមួយ ដើម្បីឈានទៅស្វែងយល់អំពី ការកកើតចក្រវាលក្នុងពេលដំបូងៗ។

ក្រុមអ្នកស្រាវជ្រាវអាចធ្វើដូចខាងលើនេះ ដោយប្រើដំណើរការមួយហៅថា «ការឆ្លុះមើលចលនាដោយកញ្ចក់ទំនាញ តាមរយៈប្រើប្រាស់វត្ថុនានានៅក្នុងចក្រវាល ជាឧបករណ៍សម្រាប់ពិសោធន៍រកចម្លើយ ឬ gravitational lensing»។ ចំពោះ gravitational lense ឬកញ្ចក់ទំនាញនេះមានន័យថា គឺជាការចែកចាយរូបធាតុ រវាងប្រភពពន្លឺមកពីទីឆ្ងាយ និងអ្នកសង្កេតការណ៍ ដោយវាមានសមត្ថភាព ពត់ដំណើរនៃពន្លឺចេញពីទិសដើម នៅពេលពន្លឺនោះធ្វើដំណើរឆ្ពោះមកកាន់អ្នកសង្កេត។

សម្រាប់ដំណើរការនៃ gravitational lensing គឺកើតឡើងនៅពេលដែលវត្ថុណាមួយ ចាប់យកការផ្ទុះនានា ដែលធ្វើឲ្យពន្លឺរបស់ពួកវានោះខូចទ្រង់ទ្រាយ ដូចជាការឆ្លុះឃើញក្នុងកញ្ចក់កែវ lens ហើយអាចបង្កើតចេញជារូបភាពជាច្រើន នៅក្នុងពេលខុសប្លែកពីគ្នា (អាចមើលរូបភាពខាងក្រោម ដើម្បីស្វែងយល់បន្ថែម)។

បន្ទាប់មកក្រុមស្រាវជ្រាវ អាចយកបាតុភូតនៃការពន្យារពេលនោះ ដើម្បីរកឃើញវត្ថុនានា ដែលមិនអាចឲ្យយើងរកឃើញ ដោយវិធីណាផ្សេងក្រៅពីនេះឡើយ។ យ៉ាងហោចណាស់ «ការផ្ទុះមួយ» ក្នុងចំណោមការផ្ទុះនានាក្នុងចក្រវាល អាចឆ្លងកាត់ដំណើរ gravitational lensing របស់វត្ថុមួយដែលមានម៉ាស់រាប់ម៉ឺនដង ធំជាងម៉ាស់របស់ព្រះអាទិត្យយើង ដោយវាគឺ «ប្រហោងខ្មៅពិសេសមួយ» ដូចដែលយើងបានរៀបរាប់ពីខាងដើមនោះឯង។ វាបង្ហាញថា gravitational lensing ត្រូវបានបង្កឡើងដោយប្រហោងខ្មៅមួយមានម៉ាស់មធ្យម ដែលក្រុមអ្នកស្រាវជ្រាវ បានព្យាយាមអង្កេតអស់ជាច្រើនឆ្នាំមកហើយ។

អ្នកស្រាវជ្រាវផ្នែករូបវិទ្យា និងតារាសាស្ត្រមួយរូបមកពីសាកលវិទ្យាល័យ Monash និងអ្នកប្រធានផ្នែកសង្កេតសម្រាប់ មជ្ឈមណ្ឌលសិក្សារលកទំនាញ (OzGrav) គឺលោក Eric Thrane បានលើកឡើងថា «ប្រហោងខ្មៅដែលត្រូវបានរកឃើញថ្មីនេះ អាចជាវត្ថុបុរាណមួយ និងជាប្រហោងខ្មៅដំបូង ដែលបានចាប់កំណើតឡើងនៅក្នុងចក្រវាល មុនពេលដែលពពួកផ្កាយ និងកាឡាក់ស៊ីដំបូងៗបានកកើតឡើង។ ប្រហោងខ្មៅដំបូងៗទាំងនេះ អាចជាគ្រាប់ពូជនៃប្រហោងខ្មៅដ៏អស្ចារ្យ ដែលកំពុងរស់នៅក្នុង បេះដូងនៃកាឡាក់ស៊ីនានាសព្វថ្ងៃ»

អ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវបន្ថែមគឺពិតជាចាំបាច់ ដើម្បីព្យាយាម និងរកមើលថាតើពពួកប្រហោងខ្មៅដែលពិបាកយល់ទាំងនេះ មានចំនួនប៉ុន្មាន ហើយថាតើវាអាចប្រាប់យើងអំពីការវិវត្ត នៃប្រហោងខ្មៅដទៃៗទៀតយ៉ាងដូចម្តេចខ្លះ។ វាក៏អាចពន្យល់ពីការលូតលាស់ដ៏អាថ៌កំបាំង នៃប្រហោងខ្មៅដ៏អស្ចារ្យដូចជាប្រហោងមួយ ដែលស្ថិតនៅចំកណ្តាលនៃកាឡាក់ស៊ីរបស់យើងដែរ។ បើយើងមិនអាចស្វែងយល់អំពីរបៀប ដែលប្រហោងខ្មៅនៅចំកណ្តាលកាឡាក់ស៊ីនីមួយៗរីកធំធាត់ រួមទាំងអាមួយនៅកាឡាក់ស៊ីរបស់យើង នោះយើងក៏មិនអាចយល់ដឹង អំពីរបៀបរីកសាយភាយ នៃចក្រវាលដ៏ធំល្វឹងល្វឺយនេះបានដែរ៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Independent (ថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១)

Comments (0)
Add Comment