(បរទេស)៖ កែវយឺតអវកាស Hubble របស់អង្គការ NASA បានតម្រង់កែវលែនរបស់វាទៅក្នុងលំហអវកាស ហើយបានប្រទះឃើញភពក្មេងមួយ ដែលមានចម្ងាយប្រមាណ ៣៧៩ឆ្នាំពន្លឺពីផែនដីយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ អ្វីដែលកាន់តែពិសេសនោះ ភពដែលមានទំហំប្រហាក់ប្រហែល នឹងភពព្រហស្បតិ៍ (Jupiter) មួយនេះ កំពុងតែប្រមូលផ្តុំរូបរាងនៅឡើយ ដើម្បីក្លាយខ្លួនជាភពពេញវ័យមួយ នៅពេលអនាគត។

វាគឺជាភពកំពុងចាប់កំណើតស្ថិតនៅចំកណ្តាល នៃបណ្តុំបន្ទះឌីសពពកធូលី និងឧស្ម័ន។ ភពមួយនេះត្រូវបានដាក់ឈ្មោះឲ្យថា PDS 70b ទើបតែមានវ័យ ៥លានឆ្នាំប៉ុណ្ណោះ ហើយបើគិតអំពីអាយុកាលនៅក្នុងចក្រវាលនេះ វាគឺត្រូវបានចាត់ទុកជាភពក្មេងមួយ ប៉ុន្តែក៏ជិតពេញរូបពេញរាងហើយដែរ។ ខណៈដែលវាកំពុងតែប្រមូលរូបរាងបណ្តើរ និងគោចរជុំវិញផ្កាយវាបណ្តើរនោះ ទំហំរបស់វានៅពេលដំណើរការនេះកកើតនេះចប់ អាចនឹងធំជាងភពព្រហស្បតិ៍បន្តិច។

សម្រាប់ផ្កាយដែល PDS 70b កំពុងគោចរជុំវិញនោះ គឺមានឈ្មោះថា PDS 70 ឬ V1032 Centauri ស្ថិតនៅក្នុងកញ្ចុំផ្កាយ Centaurus។ វាគឺជាតារាក្មេង និងមានម៉ាស់តូច (Low Mass T Tauri star) ដែលជាប្រភេទតារាទើបចាប់កំណើត និងព័ទ្ធជុំវិញដោយរង្វង់បន្ទះឌីសធូលី-ឧស្ម័ន ហើយក៏មានភពកំពុងចាប់កំណើតនៅជុំវិញវាផងដែរ។ ក៏មានភពក្មេងមួយទៀតផងដែរឈ្មោះ PDS 70c ស្ថិតនៅគន្លងគោចរឆ្ងាយជាងភព PDS 70b។
អ្នកនិពន្ធរួមនៃកម្មវិធីស្រាវជ្រាវភព PDS 70b របស់ក្រុមការងារគ្រប់គ្រងបេសកកម្មកែវយឺតអវកាស Hubble គឺលោក Yifan Zhou បានលើកឡើងថា «ប្រព័ន្ធខាងលើនេះ គឺពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះយើងអាចមើលឃើញយ៉ាងជាក់ច្បាស់ នូវភពមួយកំពុងតែចាប់កំណើត។ វាគឺជាភពវ័យក្មេងបំផុតមួយ ដែលកែវយឺតអវកាស Hubble មិនដែលបានធ្វើការអង្កេត ច្បាស់លាស់ដោយផ្ទាល់បែបនេះឡើយ»។
ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ ប្រព័ន្ធកាំរស្មីពន្លឺ ultraviolet របស់ Hubble ដើម្បីវាស់ស្ទង់ និងគណនាកម្រិតវិទ្យុសកម្ម នៅក្នុងបន្ទះឌីសធូលីដែលនៅព័ទ្ធជុំវិញភព PDS 70b និងកំពុងត្រូវបានវាស្រូបចូលទៅបំពេញខ្លួនវាបន្តិចម្តងៗ ហេតុដូច្នេះក្រុមអ្នកស្រាវជ្រាវ អាចធ្វើការគណនាអំពីទំហំរបស់វា ដោយផ្ទាល់តាមរយៈទិន្ន័យបានមកពី Hubble តែម្តង។
គួរបញ្ជាក់ថា កែវយឺតអវកាស Hubble ត្រូវបានប្រើប្រាស់ដើម្បីអង្កេត ភព exoplanets (ភពក្រៅពីប្រព័ន្ធព្រះអាទិត្យយើង) ប្រមាណជាង ៤,០០០ភពមកហើយ ប៉ុន្តែក្នុងនោះមានតែ ១៥ភពប៉ុណ្ណោះដែល Hubble អាចមានឱកាសអង្កេត និងផ្តិតរូបភាពដោយផ្ទាល់។ រូបភាពភពដែល Hubble ផ្តិតបាន គឺត្រឹមតែជាចំណុចភ្លឺព្រាលៗប៉ុណ្ណោះ ប៉ុន្តែវាអាចឲ្យក្រុមអ្នកស្រាវជ្រាវ យកមកវិភាគបន្ថែម និងបង្កើតចេញជាទិន្នន័យអំពីភពទាំងនោះបាន ទៅតាមប្រព័ន្ធកុំព្យូទ័រ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ space.com (ថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១)