អង្គការ NASA៖ «យើងគ្មានសមត្ថភាពការពារផែនដី ពីអាចម៍ផ្កាយធំៗនោះទេ ទោះបីជាដឹងមុន៦ខែក៏ដោយ»

អង្គការ NASA៖ «យើងគ្មានសមត្ថភាពការពារផែនដី ពីអាចម៍ផ្កាយធំៗនោះទេ ទោះបីជាដឹងមុន៦ខែក៏ដោយ»

(អាមេរិក)៖ បេសកកម្មកម្ទេច និងបង្វែទិសដៅអាចម៍ផ្កាយ (DART) របស់អង្គការ NASA ទើបតែស្ថិតក្នុងដំណាក់កាលត្រៀមចាប់ផ្តើមប៉ុណ្ណោះ ដូច្នេះវាមានន័យថា បច្ចុប្បន្នមនុស្សលោកយើង មិនទាន់មានបច្ចេកវិទ្យាណាមួយ ដែលអាចការពារភពផែនដី ពីពពួកអាចម៍ផ្កាយធំៗ ដែលមានលទ្ធភាពបំផ្លាញជីវិតទាំងអស់ ឬមួយជ្រុងណាមួយលើផែនដីនោះឡើយ។

ថ្មីៗនេះ NASA និងទីភ្នាក់ងារអវកាសឈានមុខដទៃទៀត បានរួមគ្នាធ្វើការពិសោធន៍មួយ ក្នុងករណីដែលផែនដីយើង នឹងត្រូវរងការវាយប្រហារដោយអាចម៍ផ្កាយធំៗ។ យ៉ាងណាមិញ ការហ្វឹកហាត់នោះបាននាំទៅរកការសន្និដ្ឋានថា គ្រោះមហន្តរាយដែលនឹងកើតឡើង គឺពុំមានផ្លូវណាអាចជៀសផុតឡើយ ទោះបីមានពេលដល់ទៅ ០៦ខែ ដើម្បីត្រៀមលក្ខណៈជាមុនក៏ដោយ ពោលគឺអាស្រ័យលើបច្ចេកវិទ្យាដែលយើងមានបច្ចុប្បន្ន យើងនៅមិនទាន់អាចទប់ស្កាត់កុំឲ្យអាចម៍ផ្កាយនោះ ធ្លាក់មកបុកផ្ទៃផែនដីបាននៅឡើយទេ។

លទ្ធផលនៃការសិក្សាខាងលើនេះ គឺបានមកវីដេអូវិភាគអនាគត (Video simulation) ដែលជាកម្មវិធីសិក្សាដ៏ពេញនិយមនាពេលបច្ចុប្បន្ន ដើម្បីស្វែងយល់អំពីអនាគតនៃព្រឹត្តិការណ៍អ្វីមួយ ដែលនឹងត្រូវកើតឡើង ដោយយោងទៅលើព័ត៌មាន និងការវិភាគដ៏ជាក់លាក់ ដែលត្រូវបានដាក់បញ្ចូលឲ្យកម្មវិធីកុំព្យូទ័រ ជាអ្នកគណនាជំនួស ហើយលទ្ធផលដែលចេញមក គឺមានភាគរយត្រឹមត្រូវកម្រិតខ្ពស់។

គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាសអាមេរិក គ្រោងចាប់ផ្តើមចេញបេសកកម្មសាកល្បងលើកដំបូង នៃប្រព័ន្ធ DART នៅចុងឆ្នាំ២០២១នេះ។ វាត្រូវឆ្ពោះទៅកាន់អាចម៍ផ្កាយមួយឈ្មោះថា ដាយម័រហ្វូស (Dimorphos) ហើយនឹងទៅដល់នៅឆ្នាំ២០២២។ ក្នុងបេសកកម្មសាកល្បងនោះ យានអវកាសដែលត្រូវបានបញ្ជូនទៅ នឹងព្យាយាមកែប្រែគន្លងគោចររបស់អាចម៍ផ្កាយ Dimorphos តាមរយៈការបំបុកខ្លួនជាមួយវា៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Independent (ថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១)

Comments (0)
Add Comment