មិនដឹងត្រូវចំកន្លែងណាទេ… បំណែកគ្រាប់រ៉ុក្កែតចិនទម្ងន់ ២០តោន អាចនឹងធ្លាក់លើផែនដីវិញ នៅប៉ុន្មានថ្ងៃទៀត (មានវីដេអូ)

(បរទេស)៖ កំណាត់ស្នូលធំមួយនៃគ្រាប់រ៉ុក្កែតរបស់ប្រទេសចិន កំពុងតែធ្លាក់សំដៅចុះមកកាន់ផ្ទៃផែនដីវិញ បន្ទាប់ពីវាត្រូវបានប្រើប្រាស់ ក្នុងការដឹកជញ្ជូនបន្ទប់សម្រាប់សាងសង់ស្ថានីយអវកាសចិន (Tianhe) ឡើងទៅកាន់ទីអវកាស។កំណាត់ស្នូលនៃគ្រាប់រ៉ុក្កែតចិន Long March 5B ត្រូវគេរំពឹងថា នឹងធ្លាក់មកដល់ក្នុងស្រទាប់បរិយាកាសវិញ នៅកំលុងចុងសប្តាហ៍នេះ តែគេពុំទាន់អាចកំណត់ច្បាស់នៅឡើយទេ អំពីពេលវេលានិងទីតាំងជាក់លាក់ ដែលវានឹងធ្លាក់ចំនៅលើផ្ទៃផែនដី (អាចនៅថ្ងៃទី៩ ឬ ១០ ខែឧសភា)។

បើតាមអ្នកជំនាញ វាអាចទៅរួចដែលកំណាត់គ្រាប់រ៉ុក្កែតទម្ងន់ជាង ២០តោននោះ អាចប្រេះបែកជាបំណែកៗហើយភាគច្រើនឆាបឆេះ ពេលកកិតនឹងបរិយាកាស ដោយបំណែកដែលឆេះមិនអស់ អាចធ្លាក់ទៅចំតំបន់គ្មានមនុស្សរស់នៅ ដ្បិត ៧០% នៃផ្ទៃផែនដី គ្របដណ្តប់ដោយមហាសមុទ្រ ប៉ុន្តែមិនប្រាកដថានឹងយ៉ាងដូច្នេះទាំងស្រុងទេ។

គ្រាប់រ៉ុក្កែតធុនធំ Long March 5B នេះ ត្រូវបានប្រើប្រាស់ក្នុងការបាញ់បញ្ជូន បន្ទប់ស្នូលនៃស្ថានីយអវកាសចិន ឡើងទៅគន្លងអវកាស កាលពីថ្ងៃទី២៨ ខែមេសា។ ចិនគ្រោងសាងសង់ស្ថានីយអវកាសនេះ ឲ្យហើយជាស្ថាពរនៅចុងឆ្នាំ២០២២ ដែលនឹងតម្រូវឲ្យមានការចេញបេសកកម្មយ៉ាងហោច ១០ជើង។

តំបន់ជាប់ «តែមក្រហម» គឺជាកន្លែងដែលបំណែករ៉ុក្កែតចិន អាចមានឱកាសធ្លាក់ចំ

គួរបញ្ជាក់ថា ទីបញ្ជាការដ្ឋានអវកាសរបស់សហរដ្ឋអាមេរិក បានបន្តតាមដានជាប់លើកំណាត់គ្រាប់រ៉ុក្កែតចិន ដែលធ្លាក់មកនោះតាំងតែពីថ្ងៃទី០៤ ខែឧសភា។

យ៉ាងណាមិញ វាមិនមែនជាលើកទីមួយទេ ដែលសម្ភារៈធំៗនៃវិស័យអវកាសចិន ធ្លាក់ចុះមកផ្ទៃផែនដីវិញបែបនេះ ដោយពុំមានការគ្រប់គ្រង។
តួយ៉ាងកាលពីខែឧសភា ឆ្នាំ២០២០ បំណែកកំណាត់គ្រាប់រ៉ុក្កែត Long March 5B មួយទៀត ភាគច្រើនបាន ធ្លាក់ចូលក្នុងមហាសមុទ្រអាត្លង់ទិច ហើយខ្លះធ្លាក់នៅភាគខាងលិចទ្វីបអាហ្រ្វិក។ រីឯកាលពីខែមេសា ឆ្នាំ២០១៨ មន្ទីរពិសោធន៍សាកល្បង ធានកុង ១ (Tiangong 1) របស់ចិន បានធ្លាក់ចូលមកក្នុងស្រទាប់បរិយាកាសផែនដីវិញ ដោយគ្មានការគ្រប់គ្រង ហើយឆេះរលាយនៅលើមហាសមុទ្រប៉ាស៉ីហ្វិក៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space.com (ថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១)

Comments (0)
Add Comment