(ម៉ាល់ឌីវ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាយប់ថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១ នេះឲ្យដឹងថា កំណាត់គ្រាប់រ៉ុក្កែតចិន Long March 5B បានធ្លាក់បុកបរិយាកាស និងស្រោចពីលើមហាសមុទ្រ ស្ថិតនៅចំណុចភាគខាងលិចប្រជុំកោះម៉ាល់ឌីវ កាលពីជិតថ្ងៃត្រង់ថ្ងៃអាទិត្យនេះ (ម៉ោងនៅភ្នំពេញ)។
ប្រទេសចិនកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានចេញមុនបន្ថយការព្រួយបារម្ភ ដោយអះអាងថា កំណាត់គ្រាប់រ៉ុក្កែតរបស់ខ្លួន ដែលនឹងធ្លាក់ចុះមកលើផែនដីវិញនោះ គឺមានហានិភ័យទាបបំផុត ដែលមិនអាចបង្កគ្រោះថ្នាក់ដល់វិស័យអាកាសចរណ៍ និងមនុស្សលើដីឡើយ ព្រោះផែនដីត្រូវបានគ្របដណ្តប់ ដោយមហាសមុទ្រប្រមាណ ៧០% ហើយការធ្លាក់បុកបរិយាកាស នឹងធ្វើឲ្យកំណាត់រ៉ុក្កែតនោះ បែកចេញជាបំណែកៗមិនខាន។
ការិយាល័យវិស្វកម្មអវកាសចិន (CMEO) បានប្រកាសកាលពីវេលាម៉ោង ១០៖២៤នាទីព្រឹកថ្ងៃអាទិត្យ ទី០៩ ខែឧសភានេះថា «បន្ទាប់ពីការតាមដាន និងវិភាគកន្លងមកនេះ បំណែកចុងក្រោយនៃរ៉ុក្កែត Long March 5B Yai-2 បានធ្លាក់បុកបរិយាកាសហើយ»។ ចំណុចដែលចិនបានបង្ហាញនោះ គឺស្ថិតក្បែរប្រជុំកោះម៉ាល់ឌីវ (ភាគលិច) ដែលស្ថិតក្នុងផ្ទៃមហាសមុទ្រឥណ្ឌា។
ចិនក៏បានប្រកាសផងដែរថា បំណែកគ្រោះថ្នាក់ត្រូវបានបំបែក ឲ្យខ្ទេចខ្ទីជាបំណែកៗអស់ទៅហើយ នៅពេលវាបុកបរិយាកាសផែនដី។ ដោយឡែកក្រុមអ្នកអង្កេត ដោយប្រើប្រាស់ទិន្នន័យពីយោធាអាមេរិក ក៏បានប្រកាសអំពីការធ្លាក់ចុះមកវិញ របស់កំណាត់គ្រាប់រ៉ុក្កែតចិននោះ ក្នុងពេលដូចគ្នាផងដែរ៕
ប្រែសម្រួល៖ Cambo Space