(អាមេរិក)៖ កែវយឺតអវកាសជំនាន់ថ្មី ចេមស៍ វែប (James Webb) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងតែស្ថិតក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ មុនពេលត្រូវបញ្ជូនឡើងទៅកាន់ទីអវកាស នៅក្នុងឆ្នាំនេះ។
ជាផ្នែកមួយនៃការធ្វើតេស្តដំណាក់កាលចុងក្រោយ កែវយឺតអវកាស James Webb ទើបតែបានពន្លាតផ្ទាំងកញ្ចក់ពណ៌មាសដ៏ធំរបស់វា ដូចទៅនឹងអ្វីដែលវាត្រូវធ្វើ ពេលបំពេញប្រតិបត្តិការក្នុងទីអវកាស។ នេះគឺជាលើកចុងក្រោយហើយ ដែល James Webb ត្រូវបានបញ្ជាឲ្យធ្វើយ៉ាងដូច្នេះនៅលើផែនដី។
កែវយឺតអវកាសតម្លៃជិត ១០ពាន់លានដុល្លារនេះ ត្រូវគេចាត់ទុកជា អ្នកបន្តវេនកែវយឺតអវកាសដ៏ល្បីឈ្មោះជំនាន់មុនគឺ កែវយឺតអវកាស Hubble។ ផ្ទាំងកញ្ចក់របស់កែវយឺតអវកាស James Webb មានអង្កត់ផ្ចិត ៦.៥ម៉ែត្រ ហើយផ្សំឡើងពីកញ្ចក់តូចៗរាងឆកោណសរុបចំនួន ១៨ផ្ទាំង។
គួរបញ្ជាក់ថា យោងតាមកាលបរិច្ឆេទកំណត់ចុងក្រោយ James Webb នឹងត្រូវបាញ់បង្ហោះឡើងចេញពីផែនដី តាមរយៈគ្រាប់រ៉ុក្កែត Arianespace Ariane 5 នៅថ្ងៃទី៣១ ខែតុលា ខាងមុខ។ វានឹងធ្វើប្រតិបត្តិការនៅគន្លងមួយហៅថា Earth-sun Lagrange Point 2 ដែលមានចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពយើង មិនសូវខុសពីកែវយឺតអវកាសជាច្រើនទៀតដូចជា Kepler និង TESS នោះឡើយ។
បញ្ជាក់៖ កែវយឺតអវកាស James Webb ឬ JWST មានសមត្ថភាពអាចឆ្លុះទៅមើលកាលពីអតីតកាល រហូតដល់ពេលចាប់កំណើតដំបូងៗនៃចក្រវាល។ វាក៏អាចមើលឃើញអំពីបុគ្គលិកលក្ខណៈ នៃភពទាំងឡាយ ដែលកំពុងគោចរជុំវិញផ្កាយឆ្ងាយៗនានា ហើយវាក៏អាចមើលដឹងថា តើភពទាំងនោះមានមហាសមុទ្រ បរិយាកាស ឬក៏សារធាតុគីមីចម្បងៗ ដែលមាននៅលើភពទាំងនោះផងដែរ។ ការយល់ដឹងរឿងរ៉ាវទាំងអស់នេះ ប្រាកដណាស់នឹងនាំឲ្យយើងវិភាគដឹងកាន់តែច្បាស់ថា តើទីឋានទាំងនោះមានជីវិតដែរឬទេ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ SciTech Daily (ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១)