(អឺរ៉ុប)៖ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA កំពុងធ្វើឲ្យប្រព័ន្ធបច្ចេកវិទ្យា បង្កើតអុកស៊ីសែនលើឋានព្រះច័ន្ទផ្ទាល់ កាន់តែមានភាពអស្ចារ្យឡើងហើយ ដើម្បីបញ្ជូនវាទៅកាន់ព្រះច័ន្ទនៅឆ្នាំ២០២៥ ដែលជាផ្នែកនៃកម្មវិធីស្រាវជ្រាវ នៅលើផ្កាយរណបធម្មជាតិរបស់ផែនដីមួយនេះ។

សេវាកម្មអវកាស SAS របស់ប្រទេសប៊ែលហ្សិក គឺជាអ្នកដែលទទួលបន្ទុក នៅក្នុងការកសាងប្រព័ន្ធម៉ាស៊ីនបង្កើតអុកស៊ីសែន ដែលមានរ៉េកអាក់ទ័រ (reactor) ចំនួន ០៣គ្រឿង ស្ថិតនៅក្រោមកិច្ចព្រមព្រៀងមួយជាមួយអង្គការ ESA ដែលត្រូវបានប្រកាស កាលពីថ្ងៃទី១២ ខែឧសភា កន្លងទៅថ្មីៗនេះប៉ុណ្ណោះ។

ម៉ាស៊ីនបង្កើតអុកស៊ីសែនដែល ESA គ្រោងបញ្ជូនទៅព្រះច័ន្ទ គឺនឹងត្រូវផលិតឡើងស្របតាមកម្រិតស្តង់ដារ FFC Cambridge ដែលត្រូវបានអភិវឌ្ឍឡើងសុទ្ធសាធ កាលពីចុងទសវត្សរ៍ ១៩៩០។ ដំណើរការរបស់វា គឺការទាញយក ទីតានីញ៉ួម (titanium) ដោយផ្ទាល់ចេញពី ទីតានីញ៉ូម អុកស៊ីដ (titanium oxide) ដែលវាមាននៅក្នុងធម្មជាតិដូចជា រ៉ែខនិជ និង អាន់ណាថាស (anatase មាននៅក្នុងដុំថ្ម ឬគ្រីស្តាល់មានពណ៌ត្នោត)។
ដំណើរការខាងលើនេះ ត្រូវបានដាក់ឈ្មោះទៅតាម ក្រុមអ្នកច្នៃបង្កើតវាឡើងនោះគឺលោក George Chen, លោក Derek Fray និងលោក Thomas Farthing ព្រមទាំងសាកលវិទ្យាល័យ Cambridge នៃប្រទេសអង់គ្លេស ជាកន្លែងដែលពួកគេទាំងអស់ បានជួបជុំគ្នាស្រាវជ្រាវ។ ពួកគេបានប្រើដំណើរការអេឡិចត្រូលីត (electrolysis ជាដំណើរការបំបែកសារធាតុគីមីចេញពីគ្នា ដោយប្រើប្រាស់ចរន្តអគ្គិសនី) ដើម្បីបំបែកលោហៈធាតុសុទ្ធចេញពីរ៉ែ។
គួរបញ្ជាក់ថា នៅក្នុងរ៉ែកម្ទេចថ្មលាយផេះ (lunar regolith) នៅលើផ្ទៃរបស់ព្រះច័ន្ទ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រដឹងថា អាចឲ្យយើងទាញយកអុកស៊ីសែនបានរហូតដល់ ៤៥% ចេញពីសារធាតុទាំងនោះ។ វានឹងត្រូវឆ្លងកាត់ការចម្រាញ់ និងបង្កើតអុកស៊ីនទៅតាមផែនការរបស់ ESA ដោយប្រើប្រាស់បច្ចេកវិទ្យា ដូចបានរៀបរាប់ខាងលើ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ space.com (ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១)