អាមេរិក៖ អង្គការ NASA បានធ្វើការស្នើសុំមតិយោបល់ពីសាធារណជន ដើម្បីបាញ់បញ្ជូនសារទៅកាន់វត្ថុ ដែលមនុស្សបង្កើតឡើង កំពុងហោះនៅឆ្ងាយជាងគេបំផុត ទៅតំបន់ក្រៅប្រព័ន្ធព្រះអាទិត្យ (interstellar space flight) ខណៈនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) គឺជាពេលចុងក្រោយហើយសម្រាប់ អ្នកដែលមានបំណងចង់បញ្ជូនសំណើរបស់ពួកគេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNBC នៅល្ងាចថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។
ទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើការប្រមែប្រមូលសំណើទាំងអស់នេះ តាមរយៈប្រព័ន្ធ Twitter, Facebook, និងបណ្តាញទំនាក់ទំនងសង្គមដទៃទៀត ដែលមានអក្សចំនួន ៦០តួ ដើម្បីបញ្ជូនទៅកាន់យានអវកាស Voyager 1។ NASA រួមទាំងមន្ទីរពិសោធន៍ Jet Propulsion Laboratory និងក្រុមការងារបេសកកម្ម Voyager នឹងធ្វើការសម្រិតសម្រាំងសារទាំងនេះ ហើយសាធារណជននឹងបោះឆ្នោតជ្រើសរើសយកអ្នកឈ្នះចុងក្រោយ ដើម្បីបញ្ជូនទៅកាន់យានអវកាស Voyager 1 នាថ្ងៃទី០៥ ខែសីហាខាងមុខព្រោះថា ឆ្នាំ២០១៧នេះ គឺជាគម្រប់ខួប ៤០ឆ្នាំ នៃយានអវកាសដ៏ចំណាស់នេះ។
គួរបញ្ជាក់ថា យានអវកាស Voyager 1 បច្ចុប្បន្នកំពុងតែស្ថិតនៅរយៈចម្ងាយជិត ២១ពាន់លានគីឡូម៉ែត្រ ពីភពផែនដី និងបានក្លាយជាយានអវកាសដំបូងគេបំផុតទៅបានធ្វើដំណើរទៅកាន់ទីអវកាស ដែលហួសពីប្រព័ន្ធភពរបស់យើង ខណៈដែលវាមានអាយុ ៤០ឆ្នាំទៅហើយ និងបានកសាងស្នាដៃច្រើនឥតគណនា៕