ប្រហែលនៅចុងសប្តាហ៍នេះ យានចល័តចិន Zhurong នឹងចុះពីលើជើងទម្រ ដើម្បីចាប់ផ្តើមស្រាវជ្រាវភពអង្គារ

ប្រហែលនៅចុងសប្តាហ៍នេះ យានចល័តចិន Zhurong នឹងចុះពីលើជើងទម្រ ដើម្បីចាប់ផ្តើមស្រាវជ្រាវភពអង្គារ

(ប៉េកាំង)៖ យានចល័តរបស់ចិនដែលទើបចុះចតដោយជោគជ័យ នៅលើផ្ទៃភពអង្គារ (Mars) នឹងចាប់ផ្តើមធ្វើសកម្មភាពជាលើកដំបូង នៅចុងសប្តាហ៍នេះ ប្រសិនបើអ្វីៗបន្តប្រព្រឹត្តទៅតាមការគ្រោងទុក។

យានចល័ត (Rover) ខាងលើ ដែលជាផ្នែកសំខាន់បំផុត នៃបេសកកម្មឆ្ពោះទៅកាន់ភពអង្គារ លើកដំបូងបំផុតរបស់ប្រទេសចិន Tianwen-1 បានចុះទៅដល់លើផ្ទៃភពក្រហមនោះដោយសុវត្ថិភាព កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅឯតំបន់គេហៅថា យូថូភា ផ្លេនីធា (Utopia Planitia)។ តែចាប់តាំងពីពេលទៅដល់ទីនោះ យាន Rover ដែលចិនដាក់ឈ្មោះឲ្យថា ជូ រ៉ង (Zhurong) បានបន្តស្ថិតនៅលើជើងទម្រចុះចតរបស់វា ដោយពុំទាន់ធ្វើសកម្មភាពអ្វីនៅឡើយទេ។

បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ ក្រោយការចុះចតភ្លាមៗ យាន Zhurong នឹងចំណាយពេលស្ថិតនៅលើជើងទម្រពី ៧-៨ថ្ងៃសិន ដើម្បីសិក្សាពីបរិស្ថាននៅជុំវិញ ព្រមទាំងធ្វើការឆែកប្រព័ន្ធ និងឧបករណ៍ផ្សេងៗរបស់វា។ ដូច្នេះគេរំពឹងថា Zhurong នឹងចាប់ផ្តើមបរចុះលើជើងទម្រ (lander) នោះ ហើយទៅប៉ះនឹងដីភពអង្គារផ្ទាល់ ជាលើកដំបូងនៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍សប្តាហ៍នេះ។

ម៉្យាងវិញទៀត ក៏មិនទាន់ឃើញរូបភាពណាមួយ ដែលថតបានដោយយាន Zhurong នៅលើផ្ទៃភពអង្គារនៅឡើយដែរ ប៉ុន្តែរូបភាពទាំងនោះ អាចមកដល់ឆាប់ៗនេះ ដ្បិតផ្កាយរណបនៃបេសកកម្ម Tianwen-1 ទើបតែបានទម្លាក់ខ្លួនមកគន្លងគោចរទាបជាងមុន ដែលអំណោយផលសម្រាប់ការបញ្ជូនទិន្នន័យធំៗរវាងយាន Zhurong ហើយនិងក្រុមការងារបេសកកម្ម ដែលនៅលើផែនដី។

គួរបញ្ជាក់ថា បេសកកម្ម Tianwen-1 របស់ចិន បានចាកចេញពីផែនដី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ គឺក្នុងខែតែមួយ ដូចបេសកកម្មអាម៉ាល់ (Amal ឬ Hope) របស់អេមីរ៉ាត់អារ៉ាប់រួម និងបេសកកម្ម ភើសេវើរិនស៍ (Perseverance) របស់សហរដ្ឋអាមេរិកដែរ ហើយវាបានទៅដល់ក្បែរភពអង្គារ កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ គឺពេលដំណាលគ្នាដដែល។ សម្រាប់បេសកកម្ម Hope ជាបេសកកម្មមានតែផ្កាយរណបប៉ុណ្ណោះ ចំណែកបេសកកម្ម Perseverance គឺជាយាន Rover ដូចយាន Zhurong របស់ចិនដែរ តែវាបានចុះចតនៅលើភពអង្គារមុន កាលពីខែកុម្ភៈ៕

ប្រភព៖ Space.com (ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១)

Comments (0)
Add Comment