អឺរ៉ុបនឹងនាំយក GPS និង Skype ទៅបំពាក់នៅឋានព្រះច័ន្ទនៅឆ្នាំ២០៣០

អឺរ៉ុបនឹងនាំយក GPS និង Skype ទៅបំពាក់នៅឋានព្រះច័ន្ទនៅឆ្នាំ២០៣០

(អឺរ៉ុប)៖ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានចាប់ផ្តើមធ្វើការអភិវឌ្ឍ កញ្ចុំផ្កាយរណបអនាគតមួយ ដែលនឹងផ្តល់បណ្តាញទំនាក់ទំនង និងអង្អុលប្រាប់ទិស (GPS) យ៉ាងទូលំទូលាយ ដល់ក្រុមអ្នកស្រាវជ្រាវលើឋានព្រះច័ន្ទនៅត្រឹមឆ្នាំ ២០៣០ ខាងមុខ ខណៈខ្លួនក៏ទើបតែបានប្រកាស អំពីការចាប់ផ្តើមផលិតម៉ាស៊ីនបង្កើតអុកស៊ីសែន ទុកប្រើប្រាស់នៅលើព្រះច័ន្ទផ្ទាល់ផងដែរ។

ប្រសិនបើគម្រោងគ្រប់យ៉ាង អាចអនុវត្តទៅតាមការរៀបចំទាំងអស់នោះ ផែនការខាងលើនេះនឹងអាចចាប់ផ្តើម លេចចេញជារូបរាងនៅចុងទសវត្សរ៍ ២០២០ ដែលមានរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ក្រោយគម្រោង Artemis នៃអង្គការ NASA សហរដ្ឋអាមេរិក បញ្ជូនមនុស្សទៅចុះចតលើ​ប៉ូលខាងត្បូងនៃឋានព្រះច័ន្ទជាលើកទី ៣ (Artemis 3)។

អង្គការ ESA បានអះអាងថា មនុស្សលោកនឹងកាន់តែមើលឃើញ ភាពមមាញឹកក្នុងការស្រាវជ្រាវព្រះច័ន្ទ នៅក្នុងរយៈពេលតែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ ហើយទ្វីបទី ៨ របស់លោកយើងនឹងក្លាយជាមូលដ្ឋានសេដ្ឋកិច្ចថ្មីមួយ សម្រាប់មនុស្សលោក ហើយវានឹងងាយស្រួលឲ្យកើតឡើងបែបនេះ នៅលើឋានព្រះច័ន្ទ ជាជាងកន្លែងផ្សេងៗទៀត ដូចជាភពអង្គារនោះជាដើម។

បើតាមលោក Elodie Viau នាយកកម្មវិធីទំនាក់ទំនង និងកិច្ចសហការនៃ ESA បានលើកឡើងថា «ការមានប្រព័ន្ធចង្អុលប្រាប់ទិស និងបណ្តាញទូរគមនាគមន៍នៅលើឋានព្រះច័ន្ទ គឺនឹងពឹងផ្អែកទៅលើអ្វីដែលយើងសិក្សាលើព្រះច័ន្ទ ហើយយកគំរូពីផែនដីទៅ ដោយវានឹងក្លាយជាគន្លឹះក្នុងការបំពេញបេសកកម្ម ប្រកបដោយចីរភាពលើព្រះច័ន្ទ។ អ្នកអាចស្រមៃមើលថា អវកាសយានិកបង្កើតមន្ទីរអង្កេតនានា នៅផ្នែកម្ខាងទៀត (far side) នៃឋានព្រះច័ន្ទ។ យើងទាំងអស់គ្នាអាចវីដេអូខលតាម Skype ជាមួយពួកគេពីលើផែនដីនេះទៅ…»៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space.com (ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១)

Comments (0)
Add Comment