(ប៉េកាំង)៖ ប្រទេសចិនបានបញ្ចេញរូបភាពជាលក្ខណៈវីដេអូ slide នៃយានឈ្មោះ Zhurong ស្ថិតក្នុងបេសកកម្ម Tianwen-1 ចល័តខ្លួនចុះលើជើងទម្ររបស់វា ទៅប៉ះនឹងផ្ទៃដីរបស់ភពអង្គារផ្ទាល់ហើយ នៅថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ដូចការគ្រោងទុក។
Tianwen-1 ដែលជាបេសកកម្មលើកដំបូងបំផុតរបស់ប្រទេសចិន ឆ្ពោះទៅកាន់ភពដទៃនៅក្នុងប្រព័ន្ធព្រះអាទិត្យ បានចាកចេញពីផែនដី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ បេសកកម្មនេះ រួមមានផ្កាយរណបមួយគ្រឿង (Orbiter) ជើងទម្រសម្រាប់ចុះចតមួយគ្រឿង (Lander) ហើយនិងយានចល័តខាងលើ។ ជើងទម្រចុះចតបាននាំយកយាន Zhurong ទៅដល់តំបន់ Utopia Planitia ដែលនៅអឌ្ឍគោលខាងជើងនៃផ្ទៃភពអង្គារ ដោយសុវត្ថិភាពកាលពីថ្ងៃទី១៥ ខែឧសភា។

ក្រោយពេលចុះទៅដល់ យាន Zhurong បានស្ថិតនៅលើជើងទម្ររហូតមក ដើម្បីសិក្សាអំពីបរិស្ថានជុំវិញ និងឆែកប្រព័ន្ធផ្សេងៗ។ ការចល័តយាន Zhurong ទៅប៉ះនឹងដីភពអង្គារផ្ទាល់នាថ្ងៃសៅរ៍នេះ នាំឲ្យចិនក្លាយជាប្រទេសទីពីរលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានយានចល័ត ធ្វើប្រតិបត្តិការនៅលើភពក្រហមនោះ៕
ប្រភព៖ Xinhua