កងទ័ពអវកាសអាមេរិកនឹងកសាងប្រព័ន្ធរ៉ាដាថ្មីៗ ដែលអាចឆ្លុះមើលវត្ថុអវកាស ឆ្ងាយៗពីផែនដី

កងទ័ពអវកាសអាមេរិកនឹងកសាងប្រព័ន្ធរ៉ាដាថ្មីៗ ដែលអាចឆ្លុះមើលវត្ថុអវកាស ឆ្ងាយៗពីផែនដី

(វ៉ាស៉ីនតោន)៖ កងទ័ពអវកាសអាមេរិក កំពុងព្យាយាមបង្កើតប្រព័ន្ធរ៉ាដាថ្មីៗ ដែលមានសមត្ថភាពតាមដាន វត្ថុអវកាសនៅឆ្ងាយៗពីផែនដី។ នៅខែមិថុនាខាងមុខនេះ កងទ័ពអវកាសអាមេរិក នឹងចាប់ផ្តើមកម្មវិធីប្រកួតប្រជែង នៃការអភិវឌ្ឍប្រព័ន្ធរ៉ាដាថ្មីៗ ដែលអាចតាមដាន ផ្កាយរណប និងកម្ទេចកម្ទីផ្សេងៗ ដែលស្ថិតនៅខ្ពស់ក្នុងគន្លងអវកាស លើសពីកម្ពស់៣៥,០០០គីឡូម៉ែត្រ។

ជុំវិញគម្រោងការដ៏ធំខាងលើនេះ ក្រុមហ៊ុនឯកជនមួយ ឬច្រើននឹងត្រូវជ្រើសរើស ដើម្បីអភិវឌ្ឍគំរូសាកល្បង សម្រាប់គម្រោងប្រព័ន្ធរ៉ាដាហៅថា គំនិតកសាងប្រព័ន្ធរ៉ាដា អង្កេតទីអវកាសឆ្ងាយៗ (Deep Space Advanced Radar Concept ឬ DARC) ដែលត្រូវបានបង្កើតឡើងដោយកងទ័ពអាកាសអាមេរិក កាលពីឆ្នាំ២០១៧។

គួរបញ្ជាក់ថា ទីតាំងប្រព័ន្ធរ៉ាដាអាចដល់ចំនួន ០៣កន្លែង អាចនឹងបង្កើតឡើងក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ហើយកងទ័ពអវកាសអាមេរិកត្រូវគេរំពឹងថា នឹងវិនិយោគថវិកាចន្លោះ ១៤០-២០០លានដុល្លារក្នុងមួយឆ្នាំលើការអភិវឌ្ឍ និងធ្វើតេស្តប្រព័ន្ធរ៉ាដានៃគម្រោង DARC នេះក្នុងជំហានដំបូង។

បើតាមកងទ័ពអវកាសអាមេរិក គោលដៅចម្បងនៃគម្រោង DARC គឺដើម្បីឲ្យសហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការប្រព័ន្ធរ៉ាដាដែលកាន់តែទំនើប ជាងប្រព័ន្ធរ៉ាដាកំពុងដំណើរការនាពេលបច្ចុប្បន្ន ដែលភាគច្រើនត្រូវបានអភិវឌ្ឍឡើង តាំងតែពីរាប់ទសវត្សរ៍មុនមកម៉្លេះ។ ទោះបីជាមិនប្រាប់ថា គោលដៅនៃ DARC គឺជាអ្វីចំៗក៏ដោយ ប៉ុន្តែការអនុវត្តផែនការនេះ កើតមានឡើងអំឡុងពេលដែលឥទ្ធិពលចិន កំពុងកើនឡើងខ្លាំងនៅក្នុងទីអវកាស ខណៈរុស្ស៊ីវិញក៏មិនថមថយដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space News (ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១)

Comments (0)
Add Comment