(បរទេស)៖ នៅយប់ថ្ងៃពុធនេះ បាតុភូតច័ន្ទគ្រាសពេញលេញ (Total Lunar Eclipse) នឹងកើតមានឡើងនៅលើផ្ទៃមេឃ។ វាជាច័ន្ទគ្រាសពេញលេញលើកដំបូង នៅក្នុងរយៈពេល ០២ឆ្នាំមកនេះ ហើយវាក៏ជាបាតុភូតច័ន្ទគ្រាស «ពេញលេញតែមួយគត់» ប្រចាំឆ្នាំ២០២១ផងដែរ។

ប្រទេសកម្ពុជាយើង គឺពិបាកមើលឃើញព្រឹត្តិការណ៍នេះណាស់ បើទោះជាវានឹងកើតឡើង នៅម៉ោង ១៨៖១១នាទីល្ងាចថ្ងៃពុធនេះ ហើយបញ្ចប់ទៅវិញនៅម៉ោង ២០៖៤៩នាទី (ម៉ោងនៅភ្នំពេញ) ក៏ដោយ ព្រោះយើងស្ថិតនៅទីតាំង ដែលអាចឃើញចន្ទ្រគ្រាសដោយផ្នែកប៉ុណ្ណោះ។ បើតាមការព្យាករណ៍ ផ្ទៃមេឃនៅល្ងាចនេះនឹងបិទបាំងដោយពពករហូតដល់ទៅ ៧៨% ឯណោះ។

តំបន់ដែលអាចមើលឃើញ បាតុភូតខាងលើក្នុងលក្ខណៈពេញលេញទាំងស្រុងតែម្តងនោះ រួមមានប្រទេសនូវែលសេឡង់ អូស្រ្តាលី ប៉ាពួញូហ្គីណេ ឥណ្ឌូណេស៉ី ព្រមទាំងបណ្តារដ្ឋដែនកោះនៅតំបន់ប៉ាស៉ីហ្វិក និងរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែនៅផ្នែកខ្លះនៃទ្វីបអាមេរិក ដូចជាតំបន់ភាគខាងលិចសហរដ្ឋអាមេរិក ប្រទេសម៉ិចស៉ីកូ និងតំបន់ភាគខាងត្បូងនៃទ្វីបអាមេរិកខាងត្បូង រួមទាំងផ្នែកខ្លះនៃតំបន់អាស៉ីអាគ្នេយ៍ និងបូព៌ា ដូចជាហ្វីលីពីន ម៉ាឡេស៉ី សិង្ហបុរី តៃវ៉ាន់ និងជប៉ុន ក៏អាចមើលឃើញវា ក្នុងទម្រង់មិនពេញលេញផងដែរ។

គួរបញ្ជាក់ថា បាតុភូតច័ន្ទគ្រាសនាយប់ថ្ងៃពុធនេះ ត្រូវគេហៅជាភាសាអង់គ្លេសថា Super Flower Blood Moon។ ដោយសារតែវាកើតឡើងចំពេលដែលព្រះច័ន្ទ ស្ថិតចំណុចកៀកផែនដីបំផុត (ជាង ៣៥៧,០០០គីឡូម៉ែត្រ) ដូច្នេះមើលទៅឃើញធំជាងធម្មតា ហើយជាទូទៅគេហៅថា Super Moon។ សម្រាប់ព្រះច័ន្ទពេញវង់នៅក្នុងខែឧសភាបែបនេះ គឺត្រូវគេហៅថា Flower Moon។ ជាចុងក្រោយគឺ បាតុភូតច័ន្ទគ្រាសពេលលេញពេលខ្លះ ត្រូវគេហៅថា ព្រះច័ន្ទលោហិត ឬ Blood Moon ដោយសារតែពណ៌របស់វា៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Time and Date (ថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១)