(អឺរ៉ុប)៖ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បានប្រើប្រាស់ការសិក្សាដោយប្រើ គំរូម៉ូដែលតាមកម្មវិធីកុំព្យូទ័រ ហើយក្នុងនោះពួកគេបានរកឃើញថា ស្រទាប់ក្នុងនៃព្រះចន្ទទឹកកក យ៉ូរ៉ូប៉ា (Europa) នៃភពព្រហស្បតិ៍ ទំនងជាមានកម្តៅក្តៅ ដែលអាជួយជំរុញឲ្យមានភ្នំភ្លើង និងរំលាយទឹកកក ទើបធ្វើឲ្យក្រោមសំបកទឹកកកនៃព្រះចន្ទនេះ មានទឹករាវទៅរួច។
ការសិក្សាតាមកម្មវិធីកុំព្យូទ័របានបង្ហាញថា ភ្នំភ្លើងបានបញ្ចេញសកម្មភាព កាលពីអតីតកាលនៅបាតសមុទ្ររបស់ Europa ហើយវាទំនងជានៅតែបន្តមានសកម្មភាព រហូតមកទល់ពេលនេះ។ ដើម្បីចម្លើយដ៏ជាក់ច្បាស់ គឺត្រូវរង់ចាំដល់បេសកកម្ម Europa Clipper របស់អង្គការ NASA ត្រូវបាញ់បង្ហោះនៅឆ្នាំ២០២៤ ហើយទៅដល់ព្រះចន្ទទឹកកកនោះនៅឆ្នាំ២០៣០។

ដូចដែលគ្រប់គ្នាបានដឹងរួចហើយថា Europa Clipper គឺជាយានអវកាសមួយ សម្រាប់គោចរក្រឡឹងជុំវិញ Europa ដើម្បីសិក្សាអំពីអ្វីៗគ្រប់យ៉ាងនៅស្រទាប់លើ និងស្រទាប់ក្នុងរបស់វា។ Europa Clipper មានបំពាក់ឧបករណ៍អង្កេត និងជះរលកសញ្ញាគ្រប់គ្រាន់ ដែលអាចចាក់ជ្រៅទៅដល់ ស្រទាប់ក្រោមទឹកកកកម្រាស់ខ្ទង់ ១០គីឡូម៉ែត្ររបស់ Europa ដើម្បីវិភាគរកទិន្នន័យសំខាន់ៗ រួចបញ្ជូនមកកាន់ភពផែនដីវិញ។

នៅក្នុងការសិក្សានៃគំរូម៉ូដែល 3D អំពីបម្រែបម្រួលស្រទាប់ទឹកកក នៃផ្ទៃស្រទាប់ក្នុង Europa ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញ ភ្នំភ្លើងសកម្មក្រោមបាតសមុទ្រ ដែលបង្កឡើងដោយសារតែស្រទាប់ក្តៅរបស់ Europa ជះឥទ្ធិពលពីផ្នែកខាងក្នុងមកទៀត។ នៅពេលដែលកំសួលកម្តៅជះចេញ បង្កើតជាបន្ទុះភ្នំភ្លើងបែបនេះហើយ ទើបបានជាទឹកកកផ្នែកខាងក្នុងរបស់ Europa ត្រូវរលាយជាបន្តបន្ទាប់ ហើយក្លាយជាមហាសមុទ្រទឹករាវ នៅក្រោមសំបកផ្ទាំងទឹកកកតែម្តង។
ការសិក្សារបស់របស់សាកលវិទ្យាល័យ Charles នៃសាធារណរដ្ឋឆែក (Czech) ខាងលើនេះបានរកឃើញទៀតថា សកម្មភាពភ្នំភ្លើងនៅលើព្រះចន្ទ Europa គឺនៅតែបន្តកើតមាន ភាគច្រើននៅតំបន់ប៉ូលទាំងពីររបស់វា។ បន្ទុះភ្នំភ្លើងក្រោមបាតសមុទ្រ ពិតជាប្រភពដ៏សំខាន់បំផុតនៃថាមពលនានា ទៅក្នុងមហាសមុទ្រទឹករាវ មិនខុសពីអ្វីដែលបាននិងកំពុងកើតមាន នៅបាតសមុទ្រភពផែនដីឡើយ។
គួរបញ្ជាក់ថា លទ្ធផលសិក្សាខាងលើនេះ គឺមិនមែនជារបកគំហើញថ្មីឡើយ ប៉ុន្តែវាគឺជាការបន្ថែមសញ្ញាវិជ្ជមាន ចំពោះការសន្និដ្ឋានស្រដៀងៗគ្នា ដែលត្រូវបានធ្វើឡើងចំពោះព្រះចន្ទទឹកកក Europa រាប់ទសវត្សរ៍មកនេះ។ ទឹកជាវត្ថុធាតុទ្រទ្រង់ជីវិតដ៏ចាំបាច់ ហើយនៅលើផែនដី «ទីណាមានទឹកទីនោះគឺមានជីវិត» ហេតុដូច្នេះទើប Europa បាននិងកំពុងក្លាយជាមុខព្រួញដ៏សំខាន់ ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រលើផែនដី ស្រាវជ្រាវស្វែងរកជីវិតក្រៅពីភពផែនដី៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Sci-Tech Daily (ថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១)