(បរទេស)៖ កាលពីចុងសប្តាហ៍មុន ទីភ្នាក់ងារអវកាសជាតិរុស្សីហៅកាត់ថា រ៉ូសខូស្មូស (Roscosmos) បានប្រកាសថា យានអវកាសប្រភេទ Space Tug របស់ខ្លួនដែលមានសមត្ថភាពផ្ទុកនូវអវកាសយានិក និងសម្ភារៈចាំបាច់ផ្សេងៗ នឹងត្រូវកំណត់ពេលបាញ់បង្ហោះទៅកាន់ភពនានា ក្នុងប្រព័ន្ធព្រះអាទិត្យយើង យ៉ាងហោចណាស់នៅឆ្នាំ២០៣០។
ចំពោះម៉ាស៊ីនដែលប្រើសម្រាប់បង្កើតថាមពល ដើម្បីដំណើរការយានអវកាសនេះ ត្រូវបានប្រសិទ្ធនាមថា ហ៊្សូស (Zeus) ដែលជានាមនៃស្ដេចអាទិទេពរបស់ក្រិក។ ម៉ាស៊ីននេះ គឺហាក់ដូចជាស្ថានីយនុយក្លេអ៊ែរចល័តមួយ ដែលមានឋាមពលគ្រប់គ្រាន់សម្រាប់ដឹកជញ្ជូននូវឥវ៉ាន់ បានចំនួនច្រើនទៅកាន់ទីអវកាសឆ្ងាយៗ។
លោក អាឡិចសាន់ឌ័រ ប្លូសិនកូ (Alexander Bloshenko) បានបញ្ជាក់ទៀតថា បេសកកម្មទាំងមូលនឹងត្រូវចំណាយពេលប្រមាណ ៥០ខែ ដោយយកព្រះចន្ទជាគោលដៅដំបូង ។ បន្ទាប់មកយាននេះ នឹងឆ្ពោះទៅរកភពសុក្រ ដែលវាអាចទាញយកប្រយោជន៍ពីទំនាញនៃភពនេះ ដើម្បីបង្កើនល្បឿនឆ្ពោះទៅកាន់គោលដៅចុងក្រោយ នោះគឺភពព្រហស្បតិ៍។
បើតាមសារព័ត៌មានរុស្ស៊ី ក្រុមវិស្វកររបស់ប្រទេសនេះ បាននិងកំពុងបង្កើត និងធ្វើតេស្តយានគំរូ (prototype) មួយ តាំងតែពីឆ្នាំ២០១៨មកម្ល៉េះ។ Roscosmos បានចុះកិច្ចសន្យាមួយកាលពីឆ្នាំ២០២០ ក្នុងទំហំទឹកប្រាក់ ៥៧.៥លានដុល្លារអាមេរិកជាមួយក្រុមហ៊ុន អាសេណល (Arenal) មានមូលដ្ឋាននៅទីក្រុង សេន ភីធើស៍ប៊ឺក (St. Petersburg) ដើម្បីឲ្យក្រុមហ៊ុននេះទទួលបន្ទុកក្នុងការឌីសាញយាន ក្នុងដំណាក់កាលដំបូង។
គួរបញ្ជាក់ថា បន្ទាប់ពីអសកម្មអស់ច្រើនទសវត្សរ៍មក មហាអំណាចអវកាសរុស្ស៊ី បានចាប់ផ្ដើមប្រឡូកចូលវិស័យអវកាសវិញ ហើយបេសកកម្មនេះដែរ គឺជាការធ្វើតេស្តសមត្ថភាពរបស់ខ្លួន ក៏ដូចជាកាតាលីករជំរុញដល់ការសម្រេចផែនការ បង្កើតស្ថានីយអវកាសផ្ទាល់ខ្លួនរបស់រុស្សីផងដែរ៕
បកប្រែ និងសម្រួល៖ Vatanak KH (រក្សាសិទ្ធដោយ Cambo Space)
ប្រភព៖ Science Alert (ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១)