(វ៉ាស៊ីនតោន)៖ ប្រធានអង្គការ NASA លោក បៀល ណែលសុន (Bill Nelson) ដែលបានឡើងកាន់តំណែងនេះ កាលពីខែឧសភា នៅពេលនេះបានលើកឡើងថា លោកបានស្នើសុំឲ្យក្រុមអ្នកស្រាវជ្រាវរបស់ NASA ធ្វើការស្រាវជ្រាវអំពីករណីមួយចំនួន ដែលកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានអះអាងថា ពួកគេបានប្រទះវត្ថុហោះហើរមិនអាចកំណត់អត្តសញ្ញាណ ឬយើងគ្រប់គ្នាតែងហៅថា ថាសហោះ (UFO) នោះ។
លោក Bill Nelson បានប្រាប់សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីនតោន) យ៉ាងដូច្នេះថា «ឥលូវនេះ គឺខ្ញុំកំពុងស្ថិតនៅអង្គការ NASA… ខ្ញុំបានទៅរកក្រុមអ្នកវិទ្យាសាស្ត្ររបស់យើង ហើយបានប្រាប់ពួកគេថា តើអ្នកអាចធ្វើការស៊ើបអង្កេត (ករណីប្រទះឃើញ UFO ដោយកងទ័ពជើងទឹកអាមេរិក) ដោយប្រើគោលជំហរវិទ្យាសាស្ត្រ ដើម្បីឲ្យពួកយើងអាចកំណត់ការពិតពីវត្ថុទាំងនោះ ហើយអាចបញ្ចេញគំនិតដ៏ប្រសើរមួយបានទេ?»។ លោក Bill Nelson បានសង្កត់ធ្ងន់់ទៀតថា «នៅក្រោមខ្សែបន្ទាត់បានសរសេរថា យើងចង់ដឹងរឿងនេះ… ហេតុដូច្នេះហើយ ទើបយើងប្រឹងប្រែងធ្វើវា…»។
ព័ត៌មានពាក់ព័ន្ធនឹងវីដេអូ ដែលកងទ័ពជើងអាមេរិក ថតបានក្នុងរយៈពេលជាច្រើនឆ្នាំ ត្រូវបានទម្លាយចេញដោយសារព័ត៌មាន New York Times និង Politico កាលពីអំឡុងឆ្នាំ២០១៧ ដែលកាលណោះនាវិកលើយន្តហោះចម្បាំង របស់កងទ័ពជើងទឹកអាមេរិក បានប្រទះឃើញវត្ថុដែលគេមិនស្គាល់អត្តសញ្ញាណ ហោះហើរនៅលើផ្ទៃមហាសមុទ្រ ប៉ុន្តែពួកគេមិនអាចផ្តិតរូបភាព និងចាប់សញ្ញាវត្ថុទាំងនោះបានច្បាស់លាស់ឡើយ ដោយសារតែវាលើសពីសមត្ថភាព ដែលយន្តហោះចម្បាំងពួកគេអាចធ្វើទៅបាន។
រឿងរ៉ាវដូចខាងលើត្រូវបានទម្លាយបែបនេះថា កាលពីឆ្នាំ២០០៧ ក្រសួងការពារជាតិអាមេរិក បានបង្កើតកម្មវិធីតាមដានការគម្រាមកំហែង ខាងផ្នែកអវកាស-ដែនអាកាស (AATIP) ដើម្បីតាមដានរកមើល UFO ឬអក្សរកាត់សម្គាល់មួយទៀតហៅថា UAP (ជាបាតុភូតដែនអាកាស ដែលគេមិនស្គាល់អត្តសញ្ញាណ)។ បេសកកម្មរបស់ AATIP បានផុតកំណត់នៅឆ្នាំ២០១២ ហើយក្រោយមកមន្ទីរបញ្ចកោណ បានតម្លើងវាទៅជាកងកម្លាំងពិសេសក្នុងគោលដៅដដែលវិញ កាលពីរដូវក្តៅឆ្នាំមុន។
ប្រការដូចខាងលើនេះហើយ ទើបធ្វើឲ្យរឿងរ៉ាវពាក់ព័ន្ធនឹង UFO កាន់តែក្លាយជាចម្ងល់ និងគួរឲ្យចង់តាមដានខ្លាំងឡើងៗ។ លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) នៅពេលធ្វើជាប្រធាននៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានស្នើទៅកាន់មន្ទីរការពារជាតិបញ្ចកោណ ឲ្យផ្តល់របាយការណ៍មិនទាន់រួចរាល់អំពី UFO ទៅកាន់សភាទាំងពីរនៅក្នុងរយៈពេល ០៦ខែ។
លោក Rubio បានលើកឡើងក្នុងកិច្ចសម្ភាសន៍ ៦០នាទីជាមួយទូរទស្សន៍ CBS កាលពីខែឧសភាថា «វត្ថុដែលមិនស្គាល់អត្តសញ្ញាណណាមួយ ដែលត្រូវបានប្រទះឃើញនៅក្នុងដែនអាកាសសហរដ្ឋអាមេរិក អាចក្លាយជាការគំរាមកំហែងមួយដល់សន្តិសុខជាតិ។ ខ្ញុំចង់ឲ្យយើងរៀបចំ ដំណើរការវិភាគទិន្នន័យរាល់ពេលដែលវា (UFO) ចូលមក… ថាមានកន្លែងណាមួយ ដែលត្រូវបានកត់ត្រា និងវិភាគឥតឈប់ឈរ រហូតដល់យើងទទួលបានចម្លើយខ្លះ។ ប្រហែលជាវាអាចមាន ចម្លើយដ៏សាមញ្ញបំផុត… ហើយក៏អាចមិនមែនជាចម្លើយដ៏សាមញ្ញដែរ»។
បើតាមលោក Rubio កាលកំណត់រយៈពេល ០៦ខែ គឺបានមកដល់ ហើយគេបានឈានដល់ចំណុចកំពូលរួចហើយ តាមរយៈតំរុយនានា បានមកពីការស៊ើបអង្កេតនេះ។ ទីភ្នាក់ងារស៊ើបអង្កេតបានអរគុណដល់កាសែត New York Times ដែលបានបញ្ជាក់អំពីប្រភព ដែលស្និទ្ធទៅនឹងបញ្ហានេះ។ យើងមិនគួររំពឹងទុក ចំពោះសេចក្តីប្រកាសដែលមានលក្ខណៈបិទទ្វារនោះទេ។ ចំណងជើងនៃសេចក្តីប្រកាស នាពេលខាងមុខនេះទំនងជា «សហរដ្ឋអាមេរិករកមិនឃើញភស្តុតាង នៃបច្ចេកវិទ្យាអេលៀន (Alien) នៅក្នុង UFO ដែលត្រូវបានប្រទះឃើញនោះឡើយ ប៉ុន្តែយើងក៏មិនអាចបដិសេធវាបានដែរ»។ នេះបើតាមការបញ្ជាក់ចុងក្រោយពីលោក Rubio៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space (ថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១)