សត្វល្អិតថ្មីដែលរុស្ស៊ីទើបរកឃើញ! កប់ក្នុងដីកក ២៤,០០០ឆ្នាំតែអាចនៅរស់ ហើយចេះ Clone រូបរាងខ្លួនឯងទៀត!

(ម៉ូស្គូ)៖ ពពួកមីក្រូសារពាង្គកាយម៉្យាងហៅថា ប៊ីឌែលឡយដ៍ រ៉ូទីហ្វឺ (bdelloid rotifer) ត្រូវគេរកឃើញថា មានជីវិតឡើងវិញក្រោយជាប់ក្នុងស្រទាប់ដី-ទឹកកក​អស់រយៈពេលប្រមាណ ២៤,០០០ឆ្នាំ នៅតំបន់ស៉ីបេរី (Siberia) នៃប្រទេសរុស្ស៉ី ហើយបន្ទាប់មកវាក៏អាចបង្កើតខ្លួនវាមួយថែមទៀត (clone) ដោយជោគជ័យផងដែរ។

សត្វស្ថិតក្នុងជំពូកមីក្រូសារពាង្គកាយនោះត្រូវបានរកឃើញ នៅក្នុងគំរូស្រទាប់ដីកកមួយ ដែលក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៉ី បានជីកយកចេញមកពីទន្លេ អាឡាហ្សេយ៉ា (Alazeya) នៅតំបន់ស៉ីបេរី ហើយពួកគេបានប្រើបច្ចេកទេសកំណត់អាយុកាល រ៉េឌីអូកាបូន (radiocarbon dating) ឲ្យឃើញថា វាមានអាយុកាលចន្លោះ ២៣,៩៦០-២៤,៤៨៥ឆ្នាំ។ នៅពេលរស់ឡើងវិញ វាអាចបង្កើតខ្លួនវាមួយទៀតបាន តាមដំណើរការម៉្យាងហៅថា ផាសេណូជែណឺស៊ីស (parthenogenesis)។ សត្វមីក្រូសារពាង្គកាយ rotifer នេះ មានបណ្តោយប្រវែងកន្លះមីលីម៉ែត្រ ហើយជាទូទៅរស់នៅក្នុងបរិស្ថានទឹកសាប។

គួរបញ្ជាក់ថា កន្លងមកក្រុមអ្នកវិទ្យាសាស្រ្តខាងលើ ក៏ធ្លាប់បានរកឃើញ ពពួកមីក្រូសារពាង្គកាយឯកកោសិកា ដែលមានសមត្ថភាពប្រហាក់ ប្រហែលគ្នាផងដែរ។ ដោយឡែកពាក់ព័ន្ធនឹងពពួកសារពាង្គពហុកោសិកាដូចជា rotifer វិញ ធ្លាប់មានរបាយការណ៍មួយ ស្តីពីដង្កូវម៉្យាងហៅថា ណេម៉ាថូដ (Nematode) ដែលមានអាយុកាល ៣០,០០០ឆ្នាំ ហើយមានជីវិតឡើងវិញ ព្រមទាំងរុក្ខជាតិមួយចំនួន ដែលអាចលូតលាស់ឡើងវិញ ក្រោយជាប់ក្នុងទឹកកករាប់ពាន់ឆ្នាំ៕

ប្រភព៖ AFP (ថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១)

Comments (0)
Add Comment