ទស្សនាស្វែងយល់រូបភាពដ៏អស្ចារ្យ «៥សន្លឹក» អំពីអវកាស-វិទ្យាសាស្ត្រ ដើម្បីរីករាយថ្ងៃចុងសប្តាហ៍ (រូបភាពខាងក្នុង)

(បរទេស)៖​ ចូរបោះចោលរឿងឈឺក្បាលទាំងឡាយ ហើយងាកមកស្វែងយល់អ្វីងាយៗ ដែលស្ថិតនៅជិតៗយើងវិញ ព្រោះទិដ្ឋភាពទាំងអស់នេះ ក៏អាចនាំឲ្យមនុស្សលោកយើងស្ញប់ស្ញែង និងរីករាយទន្ទឹមគ្នាផងដែរ។ ខាងក្រោមនេះគឺជាកម្រងរូបភាព ៥សន្លឹកដ៏អស្ចារ្យអំពីវិស័យវិទ្យាសាស្ត្រ និងអវកាស សម្រាប់ស្វាគមន៍ថ្ងៃចុងសប្តាហ៍ ដ៏រីករាយសម្រាប់គ្រប់គ្នា៖

១៖ បាតុភូតសូរ្យគ្រាសចិញ្ចៀនភ្លើងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១៖ បាតុភូតដែលទើបកើតមានក្តៅៗនេះ អាចត្រូវបានមើលឃើញស្ទើរពេញលេញ នៅពេលព្រឹកថ្ងៃទី១០ ខែមិថុនា នៅតំបន់ភាគខាងជើងប្រទេសកាណាដា និងភាគឦសានប្រទេសរុស្ស៊ី។ វាត្រូវផ្តិតរូបភាពដ៏ស្រស់ស្អាត និងអស្ចារ្យជាច្រើនសន្លឹក ទាំងបាតុភូតពេញលេញ និងមិនពេញលេញ នៅក្នុងសហរដ្ឋអាមេរិកផង និងកាណាដាផងដែរ។ តំបន់ជាំខ្មៅពីលើបណ្តុំពពក​ក្បែរប៉ូលខាងជើងផែនដីនោះហើយ គឺជាសញ្ញាបញ្ជាក់អំពីបាតុភូតសូរ្យគ្រាស ឬជាស្រមោលព្រះចន្ទជះលើផែនដី។

២៖ កូនឧទ្ធម្ភាគចក្រ Ingenuity ហោះហើរជោគជ័យជាលើកទី៧៖ ដ្រូនដំបូងរបស់អង្គការ NASA ដែលអាចហោះហើរ ក្នុងបរិយាកាសដ៏ស្តើងនៃភពអង្គារនេះ បានបំំពេញបេសកកម្មដ៏ជោគជ័យ ពេញលេញរួចទៅហើយលើភពអង្គារ ព្រោះអង្គការអវកាសអាមេរិកមួយនេះ ត្រឹមតែចង់ដឹងថា តើអាចមានគ្រឿងយន្តណាមួយ ហោះហើរទៅរួចទេក្នុងបរិយាកាសដ៏ស្តើងនៃភពក្រហមនោះ។ ស្រមោលខ្មៅលើរូបភាពពណ៌ស-ខ្មៅមួយនេះ គឺជាស្រមោលនៃកូនឧទ្ធម្ភាគចក្រ Ingenuity នៅលើផ្ទៃដីភពអង្គារ កាលពីដើមខែមិថុនានេះ។

៣៖ ទីតាំងចុះចតនៃគ្រឿងយន្តចល័តចិន Zhurong ត្រូវបានផ្កាយរណបអង្គការ NASA ផ្តិតបាន៖ វាជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា ចិនបានចុះចតគ្រឿងយន្តស្រាវជ្រាវភពអង្គារឈ្មោះ Zhurong នៅលើផ្ទៃភពអង្គារយ៉ាងពិតប្រាកដ តាមរយៈរូបភាពដែល​ផ្កាយរណបអង្កេតភពអង្គារ MRO បានផ្តិតយកកាលពីដើមខែមិថុនានេះ។

៤៖ យានអវកាស Juno ហោះទៅកៀកព្រះចន្ទយក្សធំបំផុត ប្រចាំប្រព័ន្ធព្រះអាទិត្យ៖ កាលពីដើមខែមិថុនានេះ យានអវកាស Juno របស់អង្គការ NASA បានផ្តិតយករូបភាពកៀកបំផុត នៃព្រះចន្ទយក្ស Ganymede នៃភពព្រហស្បតិ៍ ពីរយៈកម្ពស់តែ ១,០០០គីឡូម៉ែត្រប៉ុណ្ណោះ។ នេះជារឿងមិនធ្លាប់កើតមានឡើយ នៅក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ។

៥៖ យានអវកាស Dragon របស់ SpaceX ដឹកជញ្ជូនទំនិញទៅកាន់ ស្ថានីយអវកាសអន្តរជាតិ៖ យានដឹកទំនិញដែលមានឈ្មោះថា SpaceX CRS-22 Dragon បានហោះទម្លុះពពក សំដៅមកកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) នៅដើមខែមិថុនានេះ។ វាបានដឹកទំនិញជាង ៣,៣០០គីឡូក្រាម ដើម្បីផ្គត់ផ្គង់នៅស្ថានីយអវកាស ISS។ វានឹងបន្តស្ថិតនៅ ISS រយៈពេល ១ខែ បន្ទាប់មកទើបចុះមកកាន់ផែនដីវិញ ដោយការទម្លាក់ខ្លួនទៅក្នុងមហាសមុទ្រអាត្លង់ទិច៕

រៀបរៀង និងប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/JPL/Space (ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១)

Comments (0)
Add Comment