(បរទេស)៖ ទោះបីជាប្រទេសចិន និងរុស្ស៊ី បានបង្ហាញអំពីផែនទីចង្អុលផ្លូវ នៃអ្វីដែលពួកគេនឹងត្រូវធ្វើលើឋានព្រះចន្ទរួចទៅហើយមែន ប៉ុន្តែមហាអំណាចអវកាសទាំងពីរ ក៏បានអញ្ជើញដៃគូអន្តរជាតិនានា ឲ្យចូលរួមគម្រោងដ៏ធំធេងនេះផងដែរ។ ទោះជាយ៉ាងណា មូលដ្ឋាននៅលើផ្ទៃព្រះចន្ទ ដែលនឹងត្រូវកសាងឡើងដោយចិន និងរុស្ស៊ីនោះ គឺមិនទាន់មានគម្រោងសម្រាប់ការបញ្ជូនអវកាសយានិក ទៅកាន់ទីនោះនៅឡើយទេ។
១៖ ស្ថានីយស្រាវជ្រាវព្រះចន្ទអន្តរជាតិ ILRS ( International Lunar Research Station)៖ វាគឺជាឈ្មោះដែលចិន និងរុស្ស៊ី សម្រេចយកជាផ្លូវការ ដើម្បីចាប់ផ្តើមការស្រាវជ្រាវផ្ទៃព្រះចន្ទរួមគ្នា ដូចអ្វីដែលស្ថាប័នអវកាសនៃប្រទេសទាំងពីរ បានព្រមព្រៀងកាលពីខែមីនា ឆ្នាំ២០២១។ អង្គការអវកាសរុស្ស៊ី Roscosmos និងរដ្ឋបាលអវកាសចិន CNSA នឹងផលិតគ្រឿងយន្តចល័តវៃឆ្លាត (intelligent “hopping” robots) ដើម្បីបំពេញកិច្ចការងារជំនួសមនុស្ស នៅលើផ្ទៃព្រះចន្ទ។
២៖ កិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ទូលំទូលាយ៖ ប្រទេសចិន និងរុស្ស៊ី បានប្រកាសរួមគ្នានៅក្នុង សន្និបាតស្រាវជ្រាវអវកាសសកល (GLEX) នៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធសប្តាហ៍នេះថា ពួកគេកំពុងចរចាជាមួយដៃគូអន្តរជាតិជាច្រើន ក្នុងនោះមានដូចជា អង្គការអវកាសអឺរ៉ុប (ESA), ប្រទេសថៃ, អេមីរ៉ាត់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតផងដែរ ដើម្បីឲ្យពួកគេចូលរួមសម្រេចគោលដៅ ដ៏ធំធេងក្នុងការស្រាវជ្រាវផ្ទៃព្រះចន្ទ។
៣៖ ពេលវេលាដែលគម្រោង ILRS ចាប់ផ្តើមចេញរូបរាង និងសម្រេចជាស្ថាពរ៖ នៅក្នុងការចុះកិច្ចព្រមព្រៀងរវាង ចិន-រុស្ស៊ី កាលពីខែមីនា ឆ្នាំ២០២១ ការប្រឹក្សាយោបល់គ្នានឹងចាប់ផ្តើមនៅអំឡុងឆ្នាំ២០២១នេះតែម្តង។ ហើយនៅឆ្នាំ២០២៥ ទីភ្នាក់ងារអវកាសនានាដែលចូលរួមគម្រោង នឹងត្រូវជ្រើសរើសទីតាំងណាមួយលើផ្ទៃព្រះចន្ទ ដើម្បីកសាងស្ថានីយរួម ដោយការកសាងនឹងត្រូវធ្វើឡើងនៅអំឡុងឆ្នាំ ២០២៦ ដល់ ២០៣៥។ ប្រសិនបើអ្វីៗដំណើរការទៅតាមគម្រោង នោះ ILRS នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០៣៦។
៤៖ គោលដៅចម្បងនៃការបង្កើតស្ថានីយ ILRS៖ ស្ថានីយមួយនេះនឹងបំពាក់នូវ ឧបករណ៍សំខាន់ៗផ្នែកវិទ្យាសាស្ត្រ ដើម្បីសិក្សាអំពីសណ្ឋានដី ភូមិសាស្ត្រ រូបវិទ្យា គីមីវិទ្យា ភូគព្ភសាស្ដ្រ និងរចនាសម្ព័ន្ធផ្ទៃក្នុងនៃព្រះចន្ទ ហើយស្ថានីយនៅលើផ្ទៃព្រះចន្ទនោះ នឹងត្រូវប្រើប្រាស់ដើម្បីស្រាវជ្រាវទីអវកាសផង និងសិក្សាអង្កេតមកលើផែនដីវិញផង។ វាក៏នឹងគាំទ្រចំពោះការស្រាវជ្រាវ ដោយផ្ទាល់របស់មនុស្សនៅទីអវកាស ក្នុងថ្ងៃអនាគតផងដែរ។
គួរបញ្ជាក់់ថា វាមិនមែនមានស្ថានីយតែមួយ នៅផ្ទៃព្រះចន្ទនោះឡើយ ដោយសូម្បីតែនៅគន្លងគោចរជុំវិញព្រះចន្ទ ក៏រុស្ស៊ី និងចិនត្រៀមកសាងស្ថានីយជំនួយមួយទៀតផងដែរ ដែលមានឈ្មោះថា Cislunar Space។ យ៉ាងណាក៏ដោយ ទាំងចិន និងរុស្ស៊ីសុទ្ធតែអះអាងដូចគ្នាថា ការបញ្ជូនមនុស្សទៅស្រាវជ្រាវដោយផ្ទាល់់ នៅពេលឆាប់ៗខាងមុខ ឬនៅទសវត្សរ៍ក្រោយ (២០៣០) គឺមិនទាន់អាចកើតមាននោះឡើយ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space, Roscosmos, CNSA (ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១)