(អាមេរិក)៖ ការទ្រេតអ័ក្សរង្វិលនៃភពផែនដី នៅអំឡុងខែមិថុនានេះ ដែលជាបាតុភូតយើងហៅថា June solstice គឺជាភ្លើងសញ្ញាពណ៌ខៀវ ស្វាគមន៍ចំពោះតំបន់អឌ្ឍគោលខាងជើង ឈានទៅរករដូវក្តៅ (Summer) នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ ដោយឡែកកាលពីខែធ្នូ ឆ្នាំ២០២៣ គឺជាបាតុភូត December solstice ដែលធ្វើឲ្យតំបន់ខាងលើនេះ ជួបរដូវរងា។
តាមកាលវិភាគ រដូវក្តៅនៅអឌ្ឍគោលខាងជើងផែនដី ត្រូវបានកំណត់យកនៅថ្ងៃទី០១ ខែមិថុនា រៀងរាល់់ឆ្នាំ ប៉ុន្តែថ្ងៃដែលកម្តៅចាប់ផ្តើមរីករាលដាលតែម្តងនោះ គឺមិនប្រាកដថាចំថ្ងៃទី១នោះឡើយ។ សម្រាប់នៅសហរដ្ឋអាមេរិក ថ្ងៃទី២០ ខែមិថុនា ត្រូវបានកំណត់យកជាថ្ងៃឈានចូលរដូវក្តៅ សម្រាប់ឆ្នាំ២០២៤នេះ ព្រោះវាជាពេលដែលគ្រប់គ្នា អាចទទួលអារម្មណ៍ដឹងអំពីខ្យល់នៃរដូវក្តៅ។
ស្របពេលនៃការប្រារព្ធ ទិវាស្វាគមន៍រដូវក្តៅនៅតំបន់អឌ្ឍគោលខាងជើងផែនដី បណ្តាប្រទេសទាំងឡាយក៏ស្វាគមន៍ចំពោះ «ពេលវេលាក្នុងមួយថ្ងៃៗ ដែលយូរជាងមុន» ផងដែរ ពោលគឺ «ព្រះអាទិត្យឆាប់រះជាងមុន តែមិនងាយលិចដូចមុនឡើយ»។ នៅអំឡុងរដូវនេះ ព្រះអាទិត្យគឺស្ថិតនៅលើខ្ពស់ ចំកណ្តាលផ្ទៃមេឃ ជាងរដូវណាៗទាំងអស់ ហើយវាក៏ជាពេលដែលបណ្តាតំបន់ស្ថិតនៅអឌ្ឍគោលខាងត្បូង ដូចជាអាហ្វ្រិកខាងត្បូង អូស្ត្រាលី នូវែលសេឡង់ និងអាមេរិកខាងត្បូងជាដើម ឈានចូលរដូងរងា (Winter) ផងដែរ។
វប្បធម៌នានាពីបុរាណបានដឹងអំពី ដំណើរព្រះអាទិត្យឆ្លងកាត់ផ្ទៃមេឃ, ថេរវេលានៃពេលថ្ងៃ, និងទីតាំងដែលព្រះអាទិត្យរះ និងលិច គឺទាំងអស់នេះមានការផ្លាស់ប្តូរយ៉ាងទៀងទាត់ នៅក្នុងរយៈពេល ១ឆ្នាំ។ លើសពីនេះទៅទៀត មនុស្សពីបុរាណបានសាងសង់វិមាននានា ដូចជាបណ្តុំថ្ម Stonehenge ជាដើម ក្នុងន័យតាមដានបម្រែបម្រួលជាប្រចាំឆ្នាំ នៃព្រះអាទិត្យ ដែលជាការគោរពបូជាចំពោះព្រះអាទិត្យផង និងដើម្បីសន្និដ្ឋាន អំពីចលនារបស់ព្រះអាទិត្យផង។
ហេតុដូច្នេះទើបនៅថ្ងៃនេះ បណ្តាប្រទេសស្ថិតនៅអឌ្ឍគោលខាងជើង កំពុងប្រារព្ធនូវថ្ងៃ solstice ជាពេលដែលក្រុមតារាវិទូចាត់ទុកថា ផែនដីបានកើតមានបាតុភូតទ្រេត នៃអ័ក្សរង្វិលខ្ញាល់របស់ខ្លួនបន្តិច និងគោចរជុំវិញព្រះអាទិត្យ ទើបបង្កឲ្យថេរវេលាពេលថ្ងៃ មានសភាពយូរជាងមុន ដោយសារតែថ្ងៃឆាប់រះនៅពេលព្រឹក ប៉ុន្តែក្រលិចទៅវិញនៅពេលល្ងាច។ បណ្តាប្រទេសនៅតំបន់ត្រជាក់បង្គួរ នឹងរងបាតុភូតនេះ ខ្លាំងជាងបណ្តាប្រទេសនៅតំបន់ត្រូវពិច នៃអឌ្ឍគោលខាងជើងផែនដី។
គួរបញ្ជាក់ថា អ័ក្សរង្វិលខ្ញាល់របស់ភពផែនដី មិនមែនត្រង់ភ្លឹងពីលើចុះក្រោមនោះឡើយ គឺជាធម្មតាវារាងទ្រេតបន្តិចប្រមាណ ២៣.៥ដឺក្រេ បើធៀបនឹងខ្សែបន្ទាត់ដែលផែនដី គោចរជុំវិញព្រះអាទិត្យ ឬដែលយើងហៅថារង្វិលជុំនោះ។ បាតុភូតបែបនេះហើយ ទើបបានជាបង្កើតឲ្យមានរដូវនានា នៅលើភពផែនដី។
ជាធម្មតានៅអំឡុងខែមិថុនារៀងរាល់ឆ្នាំ ប៉ូលខាងជើងនៃផែនដី តែងតែទ្រេតសំដៅទៅរកព្រះអាទិត្យបន្តិច ដែលជាហេតុធ្វើឲ្យប៉ូលខាងត្បូង ត្រូវឃ្លាតពីព្រះអាទិត្យវិញបន្តិចដូចគ្នា។ ជាលទ្ធផល តំបន់ភាគខាងជើងខ្សែអេក្វាទ័រ (អឌ្ឍគោលខាងជើង) មើលឃើញពន្លឺថ្ងៃយូរជាង ១២ម៉ោងក្នុង១ថ្ងៃ ខណៈនៅភាគខាងត្បូងខ្សែអេក្វាទ័រ (អឌ្ឍគោលខាងត្បូង) មើលឃើញពន្លឺថ្ងៃតិចជាង ១២ម៉ោងក្នុង១ថ្ងៃ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA, Lance D. Davis (Update នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤)