(វ៉ាស៉ីនតោន)៖ កូនឧទ្ធម្ភាគចក្រ Ingenuity របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានធ្វើការហោះហើរជាលើកទី ៨ នៅលើផ្ទៃភពអង្គារ កាលពីដើមសប្តាហ៍នេះ។ NASA បានឲ្យដឹងថា ការហោះហើរថ្មីចុងក្រោយនោះ បានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅលើភពផែនដី)។
កំលុងពេលហោះហើរ កូនឧទ្ធម្ភាគចក្រ Ingenuity បានហោះរយៈពេល ៧៧វិនាទី និងបានធ្វើដំណើរចម្ងាយ ១៦០ម៉ែត្រ ទៅកាន់កន្លែងថ្មីមួយទៀត ដែលស្ថិតនៅចម្ងាយប្រមាណ ១៣៤ម៉ែត្រ ពីយានរុករក Perseverance ដែលបានចុះទៅដល់ផ្ទៃភពអង្គារជាមួយគ្នា។
គួរបញ្ជាក់ថា Ingenuity បានចុះទៅដល់តំបន់រណ្តៅអាចម៍ផ្កាយ Jezero លើផ្ទៃភពអង្គារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំនេះ ដោយភ្ជាប់នៅក្រោមយានសម្រាប់ចល័តលើដី Perseverance។ បេសកកម្មរបស់កូនឧទ្ធម្ភាគចក្រនេះ គឺធ្វើតេស្តបច្ចេកវិទ្យាហោះហើរ នៅលើផ្ទៃភពអង្គារ ដូច្នេះមានន័យថាវាបានទទួលជោគជ័យតាមគម្រោងពេញលេញហើយ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/JPL (ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១)