បើនិយាយពីភពផ្សេង ដែលអាចដូចភពយើងបំផុតនោះ គឺទំនងជាភពមួយនេះហើយ, តើវាមានអ្វីពិសេស?

(បរទេស)៖ តើអ្វីខ្លះដែលអាចធ្វើឲ្យភពមួយ ស្វាគមន៍ជីវិតកកើតគ្រប់ជំពូកបាន? ចម្លើយសម្រាប់សំនួរនេះ គឺមានច្រើនណាស់ដែលត្រូវរៀបរាប់ ឧទាហរណ៍ដូចជា កម្រិតពន្លឺនៃផ្កាយមេរបស់វា, អតីតកាលនៃការកកើតរបស់វា, សមាសធាតុផ្សំក្នុងខ្លួន និងក្នុងបរិយាកាសរបស់វា ព្រមទាំងកត្តារួមផ្សំមួយចំនួនទៀត ជាពិសេសនោះ ការស្ថិតក្នុងតំបន់អំណោយផលដល់កកើតជីវិត (Habitable Zone) ដែលអាចធ្វើឲ្យភពនោះមានសីតុណ្ហភាពសមរម្យ មិនក្តៅពេក និងមិនត្រជាក់ពេក ទើបវាអាចរក្សាទឹកក្នុងទម្រង់រាវ ព្រមទាំងបរិយាកាសដ៏កក់ក្តៅមួយបាន។

បើទោះបីជាមានការអះអាង ដោយអ្នកវិទ្យាសាស្ត្រខ្លះកាលពីឆ្នាំ២០២០ថា ភពប្រមាណជា ៣០០លានភពឯណោះក្នុងកាឡាក់ស៊ី Milky Way យើងនេះ ដែលអាចទ្រទ្រង់ជីវិតក៏ដោយ ក៏ការចុះផ្សាយកាលពីពេលថ្មីៗនេះ ដោយកាសែត the Royal Astronomical Society បានលើកឡើងរឿងថ្មី ដោយផ្ទុយពីការអះអាងខាងលើនេះវិញ។ បើយើងយកបុគ្គលិកលក្ខណៈ ដែលភពផែនដីយើងមាន ហើយទៅដើររកភពដែលស្រដៀង ដើម្បីអាចឲ្យដឹងថា វាទ្រទ្រង់ជីវិតបាន ឬមួយក៏អត់នោះ ចម្លើយជាបណ្តោះអាសន្នគឺ «កម្រណាស់»

ហេតុដូច្នេះទើបការវិភាគថ្មី នៅក្នុងឆ្នាំ២០២១នេះ បានសំដៅលើបាតុភូតមួយហៅថា «រស្មីសំយោគ»។ កន្លងមកនេះ ភពស្ថិតនៅតាមប្រព័ន្ធផ្កាយផ្កាយផ្សេងៗ ក្រៅពីប្រព័ន្ធព្រះអាទិត្យយើង សរុបចំនួន ៤,៤២២ភពហើយ ត្រូវបានរកឃើញ និងកំណត់យ៉ាងជាក់ច្បាស់ថា ពិតជាមានវត្តមានមែន ប៉ុន្តែតិចតួចប៉ុណ្ណោះក្នុងចំណោមភពទាំងអស់នេះ ត្រូវបានចាត់បញ្ចូលទៅក្នុង តំបន់អំណោយផលដល់ការកកើតជីវិត។

«រស្មីសំយោគ» មានន័យថា ជាវិធីដែលរុក្ខជាតិប្រើប្រាស់ពន្លឺព្រះអាទិត្យ ទឹក និងកាបូនឌីអូកស៊ី ដើម្បីបង្កើតចេញទៅជាអុកស៊ីនសែន។ ដោយសារតែដំណើររស្មីសំយោគនេះហើយ ទើបបង្កឲ្យមានភាពស្មុគស្មាញ នៅក្នុងការស្វែងរកទីឋានផ្សេង ដែលអាចដូចភពផែនដី លើលក្ខខណ្ឌធម្មជាតិមួយនេះ។ ប្រការនេះមានន័យថា ភពមួយអាចស្វាគមន៍ជីវិតដូចភពផែនដីឬអត់ គឺត្រូវពឹងទៅលើខ្លួនវា ថាតើអាចអភិវឌ្ឍបរិយាកាសនៃអុកស៊ីសែន ដោយខ្លួនឯងបានដែរឬទេ។

មកដល់ចំណុចនេះ James Webb ពិតជាកែវយឺតអវកាស ដែលនឹងត្រូវដើរតួនាទីស្នូលជាក់ជាមិនខាន ក្នុងការស្វែងរកចម្លើយ ព្រោះនៅមិនទាន់ធ្វើការបាញ់បង្ហោះផង ការងារលំបាកៗជាច្រើនបានគរទុក សម្រាប់វាដោះស្រាយរួចទៅហើយ។ កែវយឺតអវកាស James Webb មានសមត្ថភាព ក្នុងការអង្កេតដឹងអំពីសមាសធាតុផ្សំ នៃបរិយាកាសភពណាមួយ នៅពេលដែលភពនោះគោចរឆ្លងកាត់ (transit) ពន្លឺផ្កាយរបស់វា ហើយពន្លឺដែលជះមកពីបរិយាកាសរបស់ភពទាំងនោះ អាចឲ្យកែវយឺតអវកាសនេះវិភាគដឹងថា ក្នុងបរិយាកាសនោះផ្ទុកឧស្ម័នអ្វីខ្លះ។

ទោះជាយ៉ាងណា «រស្មីសំយោគ» តម្រូវឲ្យមានទឹកក្នុងទម្រង់ជាអង្គធាតុរាវ។ យើងដឹងហើយថា មានតែភព exoplanets ដែលមានសីតុណ្ហភាពត្រឹមត្រូវ គឺមិនក្តៅពេក និងមិនត្រជាក់ពេកប៉ុណ្ណោះ ដែលអាចមានវត្តមានទឹករាវ ស្ថិតនៅលើសំបករបស់ពួកវាបាន។ ដូច្នេះចូលមកដល់សំនួរសំខាន់៖ តើមានភពថ្មចំនួនប៉ុន្មាន ដែលមានទំហំប្រហាក់ប្រហែលផែនដី ហើយស្ថិតនៅតំបន់អំណោយផល ដល់ការកកើតជីវិតជាទីបំផុត ឬយើងហៅឲ្យចំថា តំបន់ជម្រុកមាស «Goldilock’s Zone»?

បើតាមការសិក្សាថ្មី ដែលចេញលទ្ធផលនៅក្នុងឆ្នាំ២០២១នេះ គឺភពដែលយើងកំពុងប្រាថ្នាចង់រកឲ្យឃើញខាងលើនេះ «មានតិចបំផុត»។ ជាការពិតណាស់ ប្រភេទភពថ្ម និងស្ថិតនៅក្នុង​តំបន់អំណោយផលដល់ការកកើតជីវិត ដែលត្រូវបានរកឃើញជាច្រើនឆ្នាំមកនេះ គឺស្ទើរតែគ្មានតែម្តង ចំពោះភពដែលអាចធ្វើ «រស្មីសំយោគ» ដូចនៅលើភពផែនដី។ ទោះជាបែបនេះក្តី វាមិនមែនជាព័ត៌មាន ដែលអាក្រក់ពេកនោះឡើយ។

ទោះបីជា James Webb មិនទាន់ត្រូវបាញ់បង្ហោះមែន ប៉ុន្តែកិច្ចការងារសំខាន់មួយ ត្រូវបានដាក់ត្រៀមទុកឲ្យវាបំពេញហើយ នោះគឺភព Kepler-442b ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកំណត់ថា ជាបេក្ខភាពដ៏ប្រសើរថ្លៃថ្លាបំផុតដើម្បីស្វែងរកភព ដែលអាចមានបុគ្គលិកលក្ខណៈដូចផែនដី ហើយបើនិយាយឲ្យខ្លីទៅ គឺជាភពដែលអាចកើតមាន «រស្មីសំយោគ» ក្នុងបរិយាកាសដូចផែនដីយើង។

តើបច្ចុប្បន្ននេះ យើងបានដឹងអ្វីខ្លះហើយអំពីភព Kepler-442b?

Kepler-442b គឺជាប្រភេទភពថ្ម (rocky planet) ដែលគោចរជុំវិញតារាពណ៌ទឹកក្រូច ទំហំមធ្យម និងមានកម្តៅក្តៅ ស្ថិតនៅចម្ងាយ ១,១២០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ពាន់ពាន់លានគីឡូម៉ែត្រ)។ ផ្កាយមួយនេះមានឈ្មោះថា Kepler-442 ស្ថិតនៅក្នុងតំបន់នៃកញ្ចុំផ្កាយ Lyra ហើយភព Kepler-442b ត្រូវបានរកឃើញកាលពីឆ្នាំ២០១៥ ដោយកែវយឺតអវកាស Kepler តាមរយៈការសម្ងំអង្កេតមើលភពនេះ transit កាត់ពីពន្លឺផ្កាយរបស់វា។

បន្ថែមពីនេះ Kepler-442b គោចរជុំវិញផ្កាយរបស់វាមួយជុំ ដោយប្រើរយៈពេល ១១២ថ្ងៃ (ពេលវេលាលើផែនដី) ហើយគម្លាតរវាងវា និងផ្កាយមេរបស់វា គឺស្មើនឹងគម្លាតរវាងផែនដី និងព្រះអាទិត្យចែកជាពីរ (១៥០លានគីឡូម៉ែត្រចែកនឹង២)។ ទោះជាយ៉ាងណា ឋានៈរបស់ភព Kepler-442b គឺជា Super-Earth ឬពីមុនមកយើងតែងហៅថា «ផែនដីយក្ស»។ ហេតុដូច្នេះវាមិនប្រាកដថា អាចមានលក្ខណៈដូចភពផែនដីទាំងស្រុងឡើយ។

សរុបសេចក្តីមក ភព Kepler-442b គឺជាការសន្យាមួយពីសំណាក់ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ក្នុងការស្វែងរកចម្លើយជូនគ្រប់គ្នា។ ទោះបីជាអ្នកវិទ្យាសាស្ត្រធ្លាប់ប្រាប់យើងថា តារាដែលមានពន្លឺខ្សោយជាងព្រះអាទិត្យ ដូចជា Kepler-442 មួយដួងនេះ មិនអាចធ្វើឲ្យភពកើតមាន «រស្មីសំយោគ» នៅក្នុងបរិយាកាសមែន ប៉ុន្តែភព Kepler-442b ស្ថិតនៅចម្ងាយជិតផ្កាយរបស់វាជាង បើធៀបនឹងចម្ងាយរវាងផែនដី និងព្រះអាទិត្យយើង។ ដូច្នេះការសិក្សានៅពេលអនាគតបន្តទៀត គឺជាវិធីតែមួយគត់ ដែលអាចបកស្រាយអាថ៌កំបាំងដ៏ធំធេងនេះបាន៕

ប្រែសម្រួល៖ Cambo Space (IN Vutha, រក្សាសិទ្ធិ)
ប្រភព៖ Royal Astronomical Society (ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១)

Comments (0)
Add Comment