(អាមេរិក)៖ តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ពោលគឺអាចនៅអំលុងខែកក្កដា ឆាប់ៗខាងមុខនេះ ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX របស់មហាសេដ្ឋី Elon Musk នឹងធ្វើតេស្តកម្រិតថ្មីមួយទៀត ទៅលើនាវាអវកាស Starship របស់ខ្លួន នោះគឺការបញ្ជូនវាឲ្យទៅកាន់គន្លងគោចរជុំវិញផែនដី។
ការធ្វើតេស្តខាងមុននេះ នឹងក្លាយជាលើកដំបូងបំផុតសម្រាប់ SpaceX ដើម្បីធ្វើឲ្យ Starship កាន់តែមានន័យពេញលេញថា «នាវាអវកាស»។ ប្រធានការិយាល័យប្រតិបត្តិរបស់ SpaceX លោកស្រី Gwynne Shotwell បានលើកឡើងថា ការធ្វើតេស្តត្រូវបានរៀបចំឡើងសម្រាប់ខែកក្កដា សម្រាប់ការបញ្ជូននាវាអវកាស ទៅកាន់គន្លងគោចរលើកដំបូង។
លោកស្រី Shotwell ក៏បានសម្តែងក្តីព្រួយបារម្ភតិចតួចផងដែរ ប៉ុន្តែអ្វីៗត្រូវបានគេអះអាងថា កំពុងស្ថិតនៅក្នុងគម្រោងរួចជាស្រេចហើយ សម្រាប់ការធ្វើដំណើរដ៏សំខាន់ នាពេលខាងមុខនេះ។ ការធ្វើតេស្តនឹងត្រូវចាប់ផ្តើមឡើងនៅតំបន់ឆ្នេរ Boca Chica នៃរដ្ឋតិចសាស់ ដែលជាកន្លែង SpaceX ធ្វើតេស្តនាវាអវកាសជាច្រើនលើកមកហើយ តាំងតែពីចុងឆ្នាំ២០២០មកម្ល៉េះ ហើយរ៉ុក្កែតរុញច្រាន Super Heavy booster ក៏ស្ថិតនៅទីនោះរួចជាស្រេចផងដែរ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ CNBC (ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១)