មកស្តាប់សំឡេង និងទស្សនាវីដេអូដែលចិនទើបទម្លាយ ក្រោយថតបានលើភពព្រះអង្គារ (មានវីដេអូ-សំឡេង)

(ប៉េកាំង)៖ កាលពីចុងសប្តាហ៍មុននេះ រដ្ឋបាលអវកាសចិន CNSA បានបញ្ចេញរូបភាពក៏ដូចជាឃ្លីបវីដេអូថ្មីៗ នៃបេសកកម្មរបស់យាន ជូរ៉ង (Zhurong) នៅលើផ្ទៃភពអង្គារ រួមជាមួយសំឡេងផងដែរ ហើយការធ្វើបែបនេះត្រូវបានគេមើលឃើញថា មិនសូវខុសពីអ្វីដែលអង្គការ NASA បានបញ្ចេញពីបេសកកម្មយាន Perseverance នោះឡើយ។

ក្នុងចំណោមនោះ រួមមានដូចជាវីដេអូបង្ហាញ ទិដ្ឋភាពពេលចុះចតរបស់យាន Zhurong ទៅលើផ្ទៃភពអង្គារ, វីដេអូបង្ហាញពីចុះចេញពីជើងទម្រចុះចតរបស់វា ដែលក្នុងឃ្លីបវីដេអូមួយនេះ មានទាំងសំឡេងផងដែរ។ រីឯវីដេអូ២ទៀត ដែលថតដោយកាមេរ៉ាដែលយាន Zhurong យកទៅដាក់លើដី គឺមួយបង្ហាញឲ្យឃើញយាន Zhurong ចល័តថយក្រោយចេញពីកាមេរ៉ានោះ ទៅរកជើងទម្រ ហើយមួយទៀតបង្ហាញពី វាកំពុងបង្វិលកង់នៅក្បែរជើងទម្រ។ ក្រៅពីនេះ ក៏មានរូបភាពនៃដានកង់ដែលយាន Zhurong បន្សល់ទុកនៅលើផ្ទៃភពអង្គារផងដែរ។

គួរបញ្ជាក់ថា យាន Zhurong បានចុះទៅដល់តំបន់ យូតូភា ផ្លេនីធា (Utopia Planitia) របស់ភពអង្គារ កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅ។ យោងតាមទីភ្នាក់ងារអវកាសចិន វាចល័តបានចម្ងាយសរុប ២៣៦ម៉ែត្រនៅទីនោះ និងធ្វើប្រតិបត្តិការបានរយៈពេលជាង ៤០ថ្ងៃហើយ ខណៈក្រុមអ្នកវិទ្យាសាស្រ្តចិនរំពឹងថាយាន Zhurong នឹងអាចដំណើរការបានយ៉ាងហោចជិត ១០០ថ្ងៃ៕

ប្រភព៖ space, CNSA (ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១)

Comments (0)
Add Comment