តើការធ្លាក់នៃអាចម៍ផ្កាយមួយចង្កោមកាលពី ១៣,០០០ឆ្នាំមុន បានជះឥទ្ធិពលដល់​អរិយធម៌មនុស្សមែនឬទេ?

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្រ្តកំពុងគិតថា ប្រហែលជាមានចង្កោមបំណែកអាចម៍ផ្កាយមួយ បានធ្លាក់មកលើផ្ទៃភពរបស់យើងកាលពី ១៣,០០០ឆ្នាំមុន ដែលព្រឹត្តិការណ៍នោះហើយ ទំនងជាបានប្រែក្លាយអរិយធម៌មនុស្សនៅលើផែនដី ជារៀងរហូតតាំងតែពីពេលនោះមក។

នៅក្នុងការសិក្សាថ្មីមួយ អ្នកស្រាវជ្រាវមួយក្រុមដឹកនាំដោយ លោក ម៉ាទីន ស្វេតមែន (Martin Sweatman) ដែលជាអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ អ៊ែឌីនប៊ឺក (Edinburgh) នៃប្រទេសស្កុតលែន បានចំណាយពេលស៉ើបអង្កេតលើរឿងនេះ។ អ្នកស្រាវជ្រាវទាំងនោះបានសិក្សាទៅលើទ្រឹស្តីដែលថា បំណែកអាចម៍ផ្កាយមួយចង្កោម បានធ្លាក់មកលើផែនដីកាលពី ១៣,០០០ឆ្នាំមុន ហើយបានវិភាគលើទិន្នន័យភូមិសាស្រ្តមួយចំនួន ដែលពួកគេគិតថា ពួកវាបានធ្លាក់។

ក្រុមអ្នកស្រាវជ្រាវខាងលើ បានរកឃើញធាតុប្លាទីនកម្រិតខ្ពស់ រួមទាំងភស្តុតាងនៃកម្តៅសីតុណ្ហភាពខ្ពស់ខ្លាំង ដែលអាចរំលាយរូបធាតុផ្សេងៗនៅកន្លែងទាំងនោះ ហើយនិងកម្ទេចពេជ្រតូចៗ (nanodiamond) ដែលគេដឹងថាអាចកើតឡើងពីបន្ទុះ តែអាចមកតាមអាចម៍ផ្កាយផងដែរ។

ការងារស្រាវជ្រាវខាងលើបានប្រព្រឹត្តទៅ ដោយឈរលើមូលដ្ឋាននៃការស្រាវជ្រាវកន្លងៗមក ដែលយល់ថាប្រហែលមានកត្តាជះឥទ្ធិពលយ៉ាងសំខាន់មួយ នៅមុនសម័យ Neolithic period ជាផ្នែកដំបូងនៃយុគសម័យថ្ម ខណៈយុគសម័យនេះហើយ ដែលការអភិវឌ្ឍសំខាន់ៗជាច្រើន នៅក្នុងអរិយធម៌មនុស្សរបស់លោកបានកើតឡើង ក្នុងនោះរួមមានទាំងការរីកចម្រើន ក្នុងវិស័យកសិកម្ម ស្ថាបត្យកម្ម និងឧបករណ៍ថ្ម។

ម៉្យាងវិញទៀត អំលុងពេលនេះ បើតាមប្រវត្តិសាស្រ្ត មនុស្សនៅក្នុងតំបន់គេហៅថា ហ្វឺថាល់ គ្រីសសិនត៍ (Fertile Crescent) ដែលត្រូវបានចាត់ទុកជា ទីកំណើតដំបូងនៃអរិយធម៌នោះ គឺចាប់ផ្តើមផ្លាស់ប្តូររបៀបរបបរស់នៅបែបពនេចរ ទៅជាការតាំងទីលំនៅបែបអចិន្ត្រៃយ៍វិញ។ បើតាមលោក Sweatman ព្រឹត្តិការណ៍ធ្លាក់បំណែកអាចម៍ផ្កាយដ៏សំខាន់នេះ ហាក់ត្រូវបានចារទុកនៅលើសសរថ្ម​នៅទីតាំងបុរាណដ្ឋាន ហ្គោប៊ែកលី ថេប (Göbekli Tepe) ក្នុងប្រទេសតួកគី ដែលអាចជាប្រាសាទដំបូងបំផុតនៅលើពិភពលោក ហើយមានជាប់ពាក់ព័ន្ធទៅលើប្រភពដើម នៃអរិយធម៌នៅតំបន់ Fertile Crescent។

ហេតុដូច្នេះហើយ អរិយធម៌របស់មនុស្ស ដែលវិវត្តរីកចម្រើនទំនើបរហូតមកទល់សព្វថ្ងៃនេះ តើត្រូវបានចាប់ផ្តើមនាពេលនោះឬយ៉ាងណា។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្តខាងលើបានទទួលស្គាល់ថា ការសិក្សាថ្មីនេះរបស់ពួកគេ គឺពិតជាគួរឲ្យរំភើប ក៏ប៉ុន្តែវាត្រូវការភស្តុតាង និងពេលវេលាសិក្សាស្រាវជ្រាវច្រើនបន្ថែមទៀត ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់លាស់៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space (ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១)

Comments (0)
Add Comment