វាជាបន្ទុះស៊ូពើណូវ៉ា ដែលបានជះពន្លឺមកដល់ផែនដី នៅក្នុងសម័យរាជវង្ស Jin គ្រប់គ្រងប្រទេសចិន (រូបភាពខាងក្នុង)

(បរទេស)៖ ក្រុមតារាវិទូនៃអង្គការ NASA បានប្រើប្រាស់រយៈពេល ១៤ឆ្នាំ ដើម្បីបញ្ជាតេឡេស្កូបអវកាស Chandra X-ray Observatory ឲ្យផ្តិតយកបាតុភូតក្រោយបន្ទុះស៊ូពើណូវ៉ា (supernova) មួយ ដែលមើលទៅហាក់មានរូបរាងដូចជា «បាតដៃភ្លើង» ដ៏ធំមហិមាកំពុងអណ្តែតក្នុងទីអវកាស នៅក្នុងល្បឿនរហូតដល់ជាង ១៥លានគីឡូម៉ែត្រនៅក្នុងមួយម៉ោងឯណោះ។

សំណល់ដែលសុទ្ធសឹងជាកម្ទេចធូលី និងឧស្ម័នដ៏ក្តៅគគុកខាងលើនេះ គឺជាការបន្សល់ទុកពីបន្ទុះរបស់ផ្កាយមួយ ហើយវាត្រូវបានដាក់ឈ្មោះថា MSH 15-52។ ពន្លឺនៃបន្ទុះស៊ូពើណូវ៉ានះ បានជះមកដល់ភពផែនដីយើងកាលពី ១,៧០០ឆ្នាំមុន ឬជាពេលដែលអាណាចក្រ ម៉ាយ៉ាន (Mayan) កំពុងរីកលូតលាស់ និងរាជវង្ស ជិន ឬ ជីង (Jin) កំពុងគ្រប់គ្រងប្រទេសចិន។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការ NASA បន្ទុះស៊ូពើណូវ៉ា MSH 15-52 ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ថ្មីបំផុតមួយ ដែលទើបកើតមានឡើង នៅក្នុងកាឡាក់ស៊ីមាលគីវេយ៍ (Milky Way) ហើយវាក៏បានក្លាយជាបណ្តុំពពកធូលី និងឧស្ម័ន អណ្តែតក្នុងទីអវកាស ដែលអាចឲ្យកែវយឺតលើផែនដី អង្កេតឃើញរហូតមកដល់ពេលនេះដែរ។

គួរបញ្ជាក់ថា ក្រោយបន្ទុះខាងលើនេះកើតឡើង បណ្តុំពពកធូលី និងឧស្ម័ន បានបន្តពង្រីកខ្លួនព័ទ្ធជុំវិញចំណុចកណ្តាល នៃបន្ទុះ នៅក្នុងវិសាលភាពរហូតដល់ទៅ ៣៥ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ កែវយឺតអវកាស Chandra បានធ្វើការអង្កេតចលនារបស់់ MSH 15-52 ចាប់តាំងពីឆ្នាំ២០០៤ និងឆ្នាំ២០០៨ ហើយបន្ទាប់មកទៀតទើបរួមបញ្ចូលទិន្នន័យទាំងនោះ ជាមួយទិន្នន័យថ្មីៗបានមកពីការអង្កេតបន្ថែម នៅឆ្នាំ២០១៨ និងឆ្នាំ២០១៨៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ scitechdaily, NASA (ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១)

Comments (0)
Add Comment