(អាមេរិក)៖ តាមរយៈការប្រើប្រាស់ទិន្នន័យ បានមកពីកែវយឺតអវកាស TESS របស់អង្គការ NASA ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ បានរកឃើញភពអេលៀន ឬភពក្រៅប្រព័ន្ធព្រះអាទិត្យ (exoplanet) ចំនួន ០៤ ទៀតកំពុងគោចរជុំវិញផ្កាយពីរដួង ដែលមានទំនាក់ទំនងនឹងគ្នា ឬ (Binary System) ហើយអ្វីដែលសំខាន់ផងដែរនោះ គឺពួកវាកំពុងស្ថិតក្នុងវ័យទើបជំទង់ប៉ុណ្ណោះ បើធៀបនឹងអាយុកាលនៃផ្កាយ និងភពផ្សេងៗទៀតនៅក្នុងកាឡាក់ស៊ីនេះ។
ផ្កាយទាំងពីរដួងខាងលើ មានឈ្មោះសម្គាល់ថា TOI 2076 និង TOI 1807 ស្ថិតនៅចម្ងាយជាង ១៣០ឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយពួកវាស្ថិតនៅគម្លាតប្រហែល ៣០ឆ្នាំពន្លឺពីគ្នា។ ផ្កាយទាំងពីរមានអាយុប្រមាណ ២០០លានឆ្នាំ ឬស្មើតិចជាង ៥ភាគរយ នៃអាយុកាលរបស់ព្រះអាទិត្យយើង។ ទោះបីជាស្ថិតនៅឆ្ងាយពីគ្នាមែន ពួកវាត្រូវគេជឿថា មានទំនាក់ទំនងនឹងគ្នាពោលគឺជាផ្កាយបងប្អូន ដែលកើតចេញពីសំណុំពពក-ធូលីអវកាសតែមួយ។
នៅជុំវិញផ្កាយ TOI 2076 ក្រុមតារាវិទូបានប្រទះឃើញភពចំនួន ០៣ ដែលមានប្រវែងអង្កត់ផ្ចិត ស្ថិតនៅចន្លោះអង្កត់ផ្ចិតភពផែនដី និងភពណិបទូន (យើងអាចហៅថា Super-Earth)។ ភពដែល នៅជិតជាងគេគឺ TOI 2076 b មានទំហំធំជាងផែនដី ០៣ដង ហើយធ្វើដំណើរជុំវិញផ្កាយវាបានមួយជុំជារៀងរាល់ ១០ថ្ងៃ។ ចំណែកភពពីរទៀត គឺ TOI 2076 c និង TOI 2076 d មានទំហំធំជាងផែនដីជាង ០៤ដង ហើយរយៈពេលគោចរជុំវិញផ្កាយវាគឺលើសពី ១៧ថ្ងៃ។
រីឯផ្កាយ TOI 1807 ត្រូវគេរកឃើញថា មានភពតែមួយប៉ុណ្ណោះគឺ TOI 1807 b ដែលមានទំហំធំជាងផែនដី ០២ដង ហើយចំណាយពេលត្រឹមតែ ១៣ម៉ោងប៉ុណ្ណោះ ដើម្បីធ្វើដំណើរជុំវិញផ្កាយវាបានមួយជុំ។ ប្រព័ន្ធផ្កាយទាំងពីរ ហាក់កំពុងស្ថិតនៅដំណាក់កាល «វ័យជំទង់» នៅឡើយទេ ដែលជាមូលហេតុនៃការទាក់ទាញចំណាប់អារម្មណ៍ របស់ក្រុមអ្នកវិទ្យសាស្រ្ត ដើម្បីជួយពួកគេបង្កើនការស្វែងយល់ អំពីដំណើរវិវត្តន៍របស់ប្រព័ន្ធផ្កាយ និងភព។
គួរបញ្ជាក់ថា TESS គឺជាកែវយឺតអវកាសរបស់អង្គការ NASA និងកំពុងស្ថិតក្នុងការធ្វើប្រតិបត្តិការដោយវិទ្យាសាស្ត្រ MIT នៃសាកលវិទ្យាល័យ Cambridge ក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក និងគ្រប់គ្រងដោយមជ្ឈមណ្ឌលបញ្ជាការហោះហើរ Goddard នៃអង្គការ NASA។ វាក៏មានស្ថាប័នល្បីៗជាច្រើនទៀត នៅក្នុងវិស័យតារាសាស្ត្រចូលរួមសហការផងដែរ ស្ថិតនៅក្នុងគោលស្វែងយល់អំពីភព និងប្រព័ន្ធផ្កាយនៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ៕
ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Scitech Daily (នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១)