រកឃើញព្រះចន្ទតូចមួយទៀត នៅគោចរជុំវិញភពព្រហស្បតិ៍ (Jupiter) ប៉ុន្តែមិនទាន់រាប់បញ្ចូលជាផ្លូវការទេ…

(បរទេស)៖ តារាវិទូក្រៅផ្លូវការម្នាក់ឈ្មោះ កៃ លី (Kai Ly) បានបង្កើតរបកគំហើញនៃព្រះចន្ទតូចល្មមមួយ ដែលកន្លងមកគេមិនធ្លាប់ដឹងថា មានវត្តមាននៅក្បែរភពព្រហស្បតិ៍ (Jupiter) នោះឡើយ។

បច្ចុប្បន្ន ភពព្រហស្បតិ៍មានព្រះចន្ទផ្លូវការយ៉ាងហោចចំនួន ៧៩ ដែលកំពុងគោចរជុំវិញវា ហើយអាចនៅមានរាប់សិប ឬរាប់រយទៀត ដែលអាចត្រឹមជាប្រភេទដុំថ្មអវកាសតូច-ធំ មិនទាន់ត្រូវបានរកឃើញ។ ភពឧស្ម័នយក្សដ៏ធំនេះ មានស្រទាប់ម៉ាញេទិចដ៏ខ្លាំងក្លាមួយ ដែលអនុញ្ញាតឲ្យវាទាញយកដុំថ្មអវកាស ទៅកាន់គន្លងរបស់វាបាន ហើយនៅពេលដុំថ្មអវកាសទាំងអស់ ត្រូវកាក់ជាប់ក្នុងគន្លងគោចរជុំវិញវាហើយ ពួកវានឹងក្លាយជាព្រះចន្ទទៅតាមទ្រឹស្តីតែម្តង។

ព្រះចន្ទខាងលើ ត្រូវបានចាត់បញ្ចូលទៅក្នុងក្រុមព្រះចន្ទហៅថា Carme របស់ភពព្រហស្បតិ៍ ដែលគោចរក្នុងទិសដៅផ្ទុយពីរង្វិលខ្វាល់នៃភពយក្សនេះ។ ព្រះចន្ទថ្មីក្នុងក្រុម Carme នេះមានទំហំធំជាងគេ ជាមួយរង្វាស់កាំជាមធ្យមប្រវែង ២៣គីឡូម៉ែត្រ (ឬស្មើនឹងអង្កត់ផ្ចិត ៤៦គីឡូម៉ែត្រ)។

តារាវិទូ Kai Ly បានបង្កើតរបកគំហើញនៃព្រះចន្ទតូចថ្មីនេះ នៅពេលពិនិត្យមើលលើសំណុំទិន្នន័យ បានមកតាំងតែពីឆ្នាំ២០០៣ របស់ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហាវ៉ៃ ដែលបានប្រើប្រាស់ប្រព័ន្ធតេឡេស្កូប CFHT លើភពផែនដី។ បន្ទាប់មករូបគេក៏បានប្រើទិន្នន័យអង្កេត តាមរយៈតេឡេស្កូបមួយទៀតហៅថា Subaru។

គួរបញ្ជាក់ថា ព្រះចន្ទថ្មីនោះត្រូវបានដាក់ឈ្មោះសម្គាល់ថា Ejc0061 ដោយមិនទាន់មានឈ្មោះផ្លូវការនៅឡើយទេ ប៉ុន្តែតារាវិទូខាងលើនេះ ពិតជាបានរកឃើញវាប្រាកដមែន តាមរយៈទិន្នន័យផ្លូវការ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space (ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១)

Comments (0)
Add Comment