NASA សម្រេច៖ «អ្នកទទួលបន្ទុកបាញ់បង្ហោះ Europa Clipper ទៅកាន់ភពព្រហស្បតិ៍គឺ SpaceX»

(អាមេរិក)៖ ទីបំផុតក្រុមហ៊ុន SpaceX របស់លោក Elon Musk បានឈ្នះក្នុងការដេញថ្លៃ ដើម្បីបាញ់បង្ហោះយានស្រាវជ្រាវព្រះចន្ទ យូរ៉ូប៉ា (Europa) នៃភពព្រហស្បតិ៍ (Jupiter) ដែលមានឈ្មោះថា បេសកកម្ម Europa Clipper នោះហើយ។ ការបាញ់បង្ហោះនឹងត្រូវធ្វើឡើងនៅអំលុងខែតុលា ឆ្នាំ២០២៤ និងទៅដល់ប្រព័ន្ធភពព្រហស្បតិ៍នៅអំលុងខែមេសា ឆ្នាំ២០៣០។

កិច្ចសន្យាខាងលើនេះមានទំហំទឹកប្រាក់ ១៧៨លានដុល្លារអាមេរិក ដែលអង្គការ NASA បានទុកតួនាទីឲ្យ SpaceX ជាអ្នកផលិតគ្រាប់រ៉ុក្កែត និងរ៉ាប់រងសេវាបាញ់បង្ហោះ Europa Clipper ឲ្យផុតពីភពផែនដី។ សេចក្តីប្រកាសនៃកិច្ចសន្យារវាង SpaceX និងអង្គការ NASA ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ ចេញពីមជ្ឈមណ្ឌលអវកាស Kennedy Space Center របស់ NASA ស្ថិតក្នុងរដ្ឋ Florida។

Europa Clipper គឺជាប្រភេទយាន-ផ្កាយរណបមួយគ្រឿង ដែលមានផ្ទុកឧបករណ៍ស្រាវជ្រាវសំខាន់ៗ មានគោលដៅស្វែងយល់ការពិត អំពីព្រះចន្ទទឹកកក យូរ៉ូប៉ា របស់ភពព្រហស្បតិ៍។ ក្រុមអ្នកវិទ្យាសាស្ត្រលើភពផែនដី មានការសង្ស័យអស់ជាច្រើនឆ្នាំមកហើយថា នៅក្រោមសំបកទឹកកកកម្រាស់ជាង ១០គីឡូម៉ែត្ររបស់ យូរ៉ូប៉ា អាចមានមហាសមុទ្រទឹករាវ និងជីវិតនៅក្នុងទម្រង់ណាមួយ។

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន SpaceX ក៏ធ្លាប់ត្រូវបានអង្គការ NASA ប្រគល់កិច្ចសន្យាឲ្យផលិតយាន Lander សម្រាប់ចុះចតនៅលើផ្ទៃព្រះចន្ទផងដែរ ប៉ុន្តែកិច្ចសន្យានោះត្រូវបានផ្អាកទៅវិញសិន ក្រោយពីមានការតវ៉ាប្រឆាំងយ៉ាងដាច់ខាង ពីសំណាក់ក្រុម Blue Origin របស់លោក Jeff Bezos និងក្រុមហ៊ុនមួយទៀតឈ្មោះ Dynetics ដែលបានចូលរួមដេញថ្លៃគម្រោងមួយនេះដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Reuters (ថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១)

Comments (0)
Add Comment