(អាមេរិក)៖ ថ្មីៗនេះកំពូលមហាសេដ្ឋីពិភពលោក លោក Jeff Bezos និងបុគ្គលល្បីៗប៉ុន្មាននាក់ទៀត បានធ្វើដំណើរឡើងទៅកាន់ទីអវកាសជាមួយគ្នា ដែលជាព្រឹត្តិការណ៍ដ៏គួរឲ្យស្ញប់ស្ញែងបំផុតផងដែរ។ ក្រោយព្រឹត្តិការណ៍នេះកើតឡើង ស្រាប់តែមានការចោទសួរថា៖ តើពួកគេអាចត្រូវចាត់ទុកជា អវកាសយានិក ឬ Astronaut បានហើយឬយ៉ាងណា?
មុនពេលចេញដំណើរ ក្រុមហ៊ុនអវកាសឯកជន Blue Origin របស់លោក Bezos បានបង្ហោះសារលើបណ្តាញ Twitter យ៉ាងដូច្នេះថា «ក្រុមអវកាសយានិករបស់យើង បានបញ្ចប់ការហ្វឹកហាត់របស់ពួកគេហើយ និងត្រៀមខ្លួនអាចចេញដំណើរបាន»។ កាលពីសប្តាហ៍មុន លោក Bezos និងបុគ្គល ០៣រូបទៀត បានជិះយាន New Shepard ឡើងទៅផុតខ្សែបន្ទាត់ កាមែន (Karman) នៅកម្ពស់ ១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលត្រូវបានចាត់ទុកជា ព្រំដែនរវាងទីអវកាស និងស្រទាប់បរិយាកាសរបស់ភពយើង។
មតិខ្លះប្រហែលជាយល់ថា ពួកគេបានឡើងទៅដល់ទីអវកាស ដូច្នេះហើយពួកគេច្បាស់ជាអាចត្រូវចាត់ទុកជា «អវកាសយានិក» បានហើយ។ ក្រុមអ្នកជំនាញផ្នែកអវកាសមួយចំនួន បានធ្វើការបកស្រាយជុំវិញរឿងនេះ។ អ្នកអត្ថាធិប្បាយផ្នែកអវកាសម្នាក់ បានលើកឡើងថា ការហ្វឹកហាត់ និងបទពិសោធន៍ គឺជាកត្តាសំខាន់បំផុត មុនអាចឈានទៅក្លាយជាអវកាសយានិក។
ក្រុមលោក Bezos ទទួលបានការហ្វឹកហាត់រយៈពេល ១៤ម៉ោងប៉ុណ្ណោះ មុនធ្វើដំណើរឡើងទីអវកាស។ ប៉ុន្តែនៅក្នុងចំណោមបុគ្គលទាំង ០៤នាក់ គឺលោកស្រី Mary Funk ដែលសព្វថ្ងៃមានវ័យ ៨២ឆ្នាំទៅហើយ ធ្លាប់មានបទពិសោធន៍ក្នុងការបើកយន្តហោះ និងក៏ធ្លាប់ទទួលការហ្វឹកហាត់ ត្រៀមខ្លួនជាអវកាសយានិក កាលពីលោកស្រីនៅក្មេងដែរ។
បើតាមការទាមទាររបស់ទីភ្នាក់ងារអវកាសអាមេរិក NASA បុគ្គលដែលចង់ដាក់ពាក្យ ដើម្បីទទួលការហ្វឹកហាត់ក្លាយជា «អវកាសយានិក» នៅក្នុងស្ថាប័ននេះ ចាំបាច់ត្រូវមានបរិញ្ញាបត្រជាន់ខ្ពស់ក្នុងមុខវិជ្ជា STEM និងមានបទពិសោធន៍ក្នុងជំនាញពាក់ព័ន្ធយ៉ាងហោចណាស់ ០២ឆ្នាំ ឬមួយក៏មានបទពិសោធន៍បើកយន្តយ៉ាងហោចណាស់ ១,០០០ម៉ោង។
បន្ទាប់ពីនេះ ពួកគេត្រូវឆ្លងកាត់ការវាយតម្លៃលើកាយសម្បទាយ៉ាងលំបាក មុនចាប់ផ្តើមវគ្គហ្វឹកហាត់មូលដ្ឋានរយៈពេល ០២ឆ្នាំ។ ក្រោយការ ហ្វឹកហាត់មូលដ្ឋាននេះហើយ ពួកគេត្រូវឆ្លងកាត់ការវាយតម្លៃមួយដំណាក់កាលថា តើស័ក្តិសមនឹងអាចចេញបេសកកម្មបានដែរ ឬយ៉ាងណា ដោយពួកគេអាចត្រូវត្រៀមខ្លួនជាមុនរាប់ឆ្នាំ។ ឧទាហរណ៍ ក្រុមអវកាសយានិកនៅស្ថានីយអវកាសអន្តរជាតិ តែងតែហ្វឹកហាត់យ៉ាងហោច ០២ឆ្នាំមុន ត្រូវចំណាយពេល ០៦ខែក្នុងទីអវកាស។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ មនុស្សជាង ១៨,០០០នាក់ បានដាក់ពាក្យដើម្បីចូលរៀនថ្នាក់អវកាសយានិករបស់ NASA ប៉ុន្តែមានតែ១២នាក់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើស។ ដូច្នេះក្រោយការបកស្រាយ ពីក្រុមអ្នកជំនាញខាងលើនេះ លោកអ្នកផ្ទាល់ពិតជាអាចកាត់សេចក្តីដោយខ្លួនឯងបានហើយថា តើលោក Jeff Bezos បានក្លាយជាអវកាសយានិកដែរ ឬមួយក៏អត់៕
ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ space (ថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១)