ដុំបាល់ភ្លើងផ្ទុះឆេះពីលើរដ្ឋ Texas និងបង្កការភ្ញាក់ផ្អើល, មនុស្សរាប់រយនាក់ រាយការណ៍ថាបានឃើញ (មានវីដេអូ)

(អាមេរិក)៖ ថ្មីៗនេះ ហេតុការណ៍ដុំបាល់ភ្លើងហោះកាត់ផ្ទៃមេឃពេលរាត្រី បានបង្កជាភាពភ្ញាក់ផ្អើលនៅរដ្ឋ Texas របស់សហរដ្ឋអាមេរិក ដោយមនុស្សរាប់រយនាក់បានប្រទះឃើញ និងបានថតជាវីដេអូផងដែរ។ ព្រឹត្តិការណ៍នេះបានកើតឡើង កាលពីវេលាយប់ថ្ងៃអាទិត្យចុងសប្តាហ៍មុន។

អង្គការ American Meteor Society បានឲ្យដឹងថា មានការរាយការណ៍សរុបចំនួន ២១៣ករណី អំពីការប្រទះឃើញដុំបាល់ភ្លើងលើផ្ទៃមេឃ ដោយសាក្សីភាគច្រើន ស្ថិតនៅភាគខាងជើង Texas ប៉ុន្តែអ្នកខ្លះក៏បានរាយការណ៍ថា មើលឃើញនៅពីលើរដ្ឋ Oklahoma, Missouri, Arkansas និង Louisiana ផងដែរ។ បើតាមសាក្សីទាំងនោះ ដុំបាល់ភ្លើងបានឆេះបញ្ចេញពន្លឺ និងសំឡេងផ្ទុះចន្លោះ ៣-៤វីនាទី មុនពេលរលាយបាត់។

គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗ តែងតែមានបំណែកអាចម៍ផ្កាយតូចៗរាប់ពាន់ ធ្លាក់មកលើផ្ទៃផែនដី ប៉ុន្តែភាគច្រើនពួកវាធ្លាក់ចូលទៅក្នុងមហាសមុទ្រ ឬតំបន់ដាច់ស្រយាលដោយគ្មានអ្នកមើលឃើញ។ បន្ថែមពីនេះ កម្ទេចដុំថ្ម ឬសំរាមអវកាសរាប់ពាន់បំណែកផ្សេងទៀត ក៏តែងឆេះរលាយអស់ទាំងស្រុង នៅក្នុងស្រទាប់បរិយាកាស ក្នុងទម្រង់ជាដុំបាល់ភ្លើងផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space (ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១)

Comments (0)
Add Comment