(អឺរ៉ុប)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានប្រទះឃើញភពដ៏ពិសេស និងគួរឲ្យភ្ញាក់ផ្អើលបំផុតមួយ ដោយភាពចៃដន្យ ហើយនៅលើភពនោះត្រូវបានគេជឿជាក់ថា មានទឹកច្រើនជាងភពផែនដីយើងទៅទៀត។ ភពមួយនោះមានឈ្មោះថា Nu2 Lupi d ត្រូវបានរកឃើញតាមរយៈតេឡេស្កូបអវកាស Cheops របស់អង្គការអវកាសអឺរ៉ុប ESA។
ភព Nu2 Lupi d គោចរនៅជុំវិញតារាមួយដួង ដែលមានលក្ខណៈស្រដៀងព្រះអាទិត្យយើងដែរ និងស្ថិតនៅចម្ងាយតែ ៥០ឆ្នាំពន្លឺប៉ុណ្ណោះពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ពាន់ពាន់លានគីឡូម៉ែត្រ)។ តាមរយៈការគណនាពីបុគ្គលិកលក្ខណៈនៃតារានោះ និងគម្លាតនៃភព Nu2 Lupi d ពីវា ក្រុមអ្នកវិទ្យាសាស្ត្រអាចសន្និដ្ឋានបានថា ភពដ៏ពិសេសមួយនេះមាន «ទឹក» ច្រើនជាងនៅលើភពផែនដីយើងទៅទៀត។
តារាខាងលើនេះមានឈ្មោះថា Nu2 Lupi និងមានភពចំនួន ០៣ឯណោះ កំពុងគោចរជុំវិញវាដូចជា Nu2 Lupi b, c និង d។ ភពនានានៅក្នុងប្រព័ន្ធផ្កាយ Nu2 Lupi ត្រូវបានរកឃើញជាលើកដំបូង ដោយមន្ទីរពិសោធន៍តារាសាស្ត្ររបស់អឺរ៉ុប ស្ថិតនៅលើទឹកដីប្រទេសឈីលីកាលពីឆ្នាំ២០១៩។ អ្វីដែលកាន់តែពិសេសបំផុតនោះ គឺ Nu2 Lupi ជាផ្កាយ ១ដួង ក្នុងចំណោមផ្កាយទាំង ៣ ដួង ដែលមានភពគោចរជុំវិញ ហើយអាចមនុស្សលើផែនដីអាចមើលឃើញ ដោយភ្នែកទទេនាពេលរាត្រី (យើងអាចមើលឃើញតែពន្លឺតារាទាំងបីនេះប៉ុណ្ណោះ មិនមែនភពនៅជុំវិញពួកវាឡើយ)។
ជុំវិញរបកគំហើញថ្មីនេះដែរ អ្នកស្រាវជ្រាវមួយរូបឈ្មោះ Laetitia Delrez មកពីសាកលវិទ្យាល័យ Liege នៃប្រទេសប៊ែលហ្សិក បានលើកឡើងថា «ក្រុមតារាទាំងនេះ (តារាមានភពគោចរជុំវិញ ហើយនៅកៀកៗផែនដី អាចឲ្យយើងអង្កេតឃើញ) ពិតជាមានសារៈសំខាន់ដ៏អស្ចារ្យ ពីព្រោះពួកវាអាចឲ្យក្រុមអ្នកស្រាវជ្រាវប្រើប្រាស់ ដើម្បីសិក្សាស្វែងយល់អំពីរបៀបដែលភពនានា កកើតនៅដំណាក់កាលដំបូងៗ…»។
តាមរយៈការប្រើប្រាស់តេឡេស្កូវអវកាស Cheops ដើម្បីសម្ងំអង្កេតមើលភព Nu2 Lupi d ឆ្លងពីមុខពន្លឺផ្កាយរបស់វា ក្រុមអ្នកវិទ្យាសាស្ត្រអាចគណនាបានថា ភពនេះមានអង្កត់ផ្ចិត ២.៥ដងធំជាងផែនដី និងមានម៉ាស់ស្មើនឹងម៉ាស់ផែនដី ៨.៨ដងផងដែរ ហើយវាគោចរជុំវិញផ្កាយ Nu2 Lupi មួយជុំក្នុងរយៈពេល ១០៧ថ្ងៃ (នៃពេលវេលាលើផែនដី) ឬស្មើនឹងមួយឆ្នាំរបស់វាផ្ទាល់។
ទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ទឹកនៅលើភព Nu2 Lupi d អាចកំពុងស្ថិតនៅក្នុងទម្រង់កក ឬជាចំហាយទឹកប៉ុណ្ណោះ ដោយមិនមែនស្ថិតក្នុងទម្រង់ជាមហាសមុទ្រទឹករាវ ដូចនៅលើភពផែនដីឡើយ។ ដោយសារផ្កាយ Nu2 Lupi មានលក្ខណៈស្រដៀងព្រះអាទិត្យ ដូច្នេះគេអាចគណនាបែបនេះបានថា គន្លងគោចរនៃភព Nu2 Lupi d គឺអាចចាត់ទុកថា ស្ថិតនៅចន្លោះគន្លងគោចរនៃភពសុក្រ និងភពពុធ ប្រសិនបើយកប្រព័ន្ធព្រះអាទិត្យយើងជាឧទាហរណ៍។
គួរបញ្ជាក់ថា ភពទាំង ៣ គឺ Nu2 Lupi b, c និង d ដែលកំពុងគោចរជុំវិញផ្កាយ Nu2 Lupi សុទ្ធតែមិនស្ថិតនៅក្នុង តំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ឡើយ ហើយសម្រាប់ការគណនាថា ភព Nu2 Lupi d ដែលជាភពនៅចុងគេ អាចមានវត្តមានទឹកដូចផែននោះ គឺបានយោងទៅលើការគណនាអំពីប្រភេទនៃតារា គម្លាតនៃគន្លងគោចរ និងស្រមោលនៃបរិយាកាស ដែលក្រុមអ្នកវិទ្យាសាស្ត្រអាចអង្កេតដឹង។ យ៉ាងណាក៏ដោយ ការសិក្សាបន្ថែមទៅថ្ងៃមុខទើបអាចឲ្យគេបកស្រាយ អាថ៌កំបាំងបន្ថែមទៀតអំពីពួកវា៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ News Week (ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១)