(អាមេរិក)៖ ទីបំផុតអង្គការ NASA នៃសហរដ្ឋអាមេរិក បានកំណត់ពេលវេលាមួយហើយ ដើម្បីធ្វើការបាញ់បង្ហោះយាន-ផ្កាយរណប អង្កេចង្កោមអាចម៍ផ្កាយ Trojan ដែលស្ថិតនៅក្នុងរង្វង់គោចរជាមួយភពព្រហស្បតិ៍។ ពេលវេលានៃការបាញ់បង្ហោះ នឹងមានរយៈពេល ២៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។
យាន-ផ្កាយរណបខាងលើនេះមានឈ្មោះថា Lucy ត្រូវបានដឹកជញ្ជូនរួចជាស្រេច ទៅកាន់មជ្ឈមណ្ឌលបាញ់បង្ហោះ Kenndy Space Center ស្ថិតនៅក្នុងរដ្ឋ Florida តាំងតែពីថ្ងៃទី៣០ ខែកក្កដាមកម្ល៉េះ ហើយការរៀបចំដើម្បីត្រៀមបាញ់បង្ហោះ នឹងត្រូវចាប់ផ្តើមនៅអំឡុងខែតុលាខាងមុខនេះ។ ក្រុមការងារបង្កើត និងគ្រប់គ្រង Lucy បានបង្ហាញក្តីរីករាយចំពោះដំណើរការពេលនេះ ក្រោយពីពួកគេបានប្រឹងប្រែង អស់រយៈពេល ០៧ឆ្នាំមកហើយ ក្នុងការបង្កើតយាន-ផ្កាយរណបថ្មីនេះឡើង។
ក្រុមអាចម៍ផ្កាយ Trojan ធ្វើដំណើរជុំវិញព្រះអាទិត្យនៅក្នុងចង្កោមចំនួនពីរ ដោយចង្កោមនាំមុខរបស់វា ស្ថិតនៅខាងមុខភពព្រហស្បតិ៍ និងមួយទៀតស្ថិតនៅពីខាងក្រោយភពព្រហស្បតិ៍។ អ្នកវិទ្យាសាស្រ្តជឿជាក់ថា អាចម៍ផ្កាយទាំងនេះជាវត្ថុដ៏ចំណាស់ ដែលបន្សល់ទុកពីសម័យកកើតភពនៅរង្វង់ខាងក្រៅ (Outer Planets ឬ Outer Solar System) ក្នុងប្រព័ន្ធព្រះអាទិត្យយើង ដូច្នេះហើយពួកគេចង់ស្វែងយល់ពីក្រុមដុំថ្មអវកាសទាំងអស់នេះឲ្យបានលម្អិត។
ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក យាន Lucy នឹងហោះចេញពីផែនដីបាន នៅខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២១ ហើយក្រឡឹងភពរបស់យើងពីរជុំ ដើម្បីប្រើកម្លាំងទំនាញភពយើង ក្នុងការរុញច្រានល្បឿនទៅមុខ។ បន្ទាប់មកវាត្រូវបានគេរំពឹងថា នឹងឆ្វែលអាចម៍ផ្កាយដំបូងនៅខែមេសា ឆ្នាំ២០២៥។ អាចម៍ផ្កាយនោះមានឈ្មោះថា Donald Johanson និងស្ថិតនៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ដែលនៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter)។
បន្ទាប់មកទៀត យាន Lucy នឹងហោះឆ្វែលអាចម៍ផ្កាយ Trojan ចំនួន ០៤ ដែលនៅចង្កោមនាំមុខ។ ព្រឹត្តិការណ៍ហោះឆ្វែលនេះ នឹងកើតឡើងនៅខែសីហា ឆ្នាំ២០២៧, ខែកញ្ញា ឆ្នាំ២០២៧, ខែមេសា ឆ្នាំ២០២៨, ខែវិច្ឆិកា ឆ្នាំ២០២៨។ ក្រោយមក Lucy នឹង ឆ្ពោះទៅរកចង្កោមអាចម៍ផ្កាយ Trojan ដែលនៅពីក្រោយភពព្រហស្បតិ៍ម្តង។ ជាចុងក្រោយវានឹងហោះឆ្វែលអាចម៍ផ្កាយ Trojan ភ្លោះនៅទីនោះ នៅខែមីនា ឆ្នាំ២០២៣ មុនបិទបញ្ចប់បេសកកម្មរយៈពេល ១២ឆ្នាំរបស់វា៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Scitechdaily (ថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១)