មានសេចក្តីរាយការណ៍ពីរប្រភពផ្សេងគ្នាថា បានប្រទះឃើញ «វត្ថុហោះហើរពណ៌បៃតង» លើតំបន់មួយនៅកាណាដា, តើជា UFO ឬ?

(កាណាដា)៖ កាលពីចុងខែកក្កដា ឆ្នាំ២០២១ មានសេចក្តីរាយការណ៍ចេញពីប្រភពពីរផ្សេងគ្នា ដោយទីមួយមកពី យន្តហោះយោធាកាណាដា និងមួយទៀតមកពី យន្តហោះដឹកអ្នកដំណើរធម្មតា អំពីការប្រទះឃើញវត្ថុហោះហើរអាថ៌កំបាំង (UFO) ដែលបញ្ចេញពន្លឺពណ៌បៃតង ហើយបាត់ខ្លួននៅក្នុងពពកពីលើឈូងសមុទ្រ Saint Lawrence ជាប់ដែនសមុទ្រអាត្លង់ទិច នៃប្រទេសកាណាដា។

ព័ត៌មានខាងលើនេះ ត្រូវបានចេញផ្សាយដំបូងដោយសារព័ត៌មាន Vice News និងបន្ទាប់មកទៀតទើបមានការចុះផ្សាយបន្តដោយ Live Scientists និង Space.com ក្រោយពីទទួលបានទិន្នន័យជាផ្លូវការ ចេញពីទីភ្នាក់ងារតាមដានឧប្បដិហេតុលើដែនអាកាស នៃរដ្ឋាភិបាលកាណាដាកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដែលបញ្ជាក់អំពីព្រឹត្តិការណ៍ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នោះ។

យោងតាមទិន្នន័យខាងលើ អាកាសយានិកនៃយន្តហោះយោធាកាណាដា និងយន្តហោះស៊ីវិលមួយទៀតបានរាយការណ៍ថា ពួកគេបានប្រទះឃើញ «វត្ថុពណ៌បៃតងដ៏ភ្លឺចិញ្ច្រាច» ដែល «ហោះចូលក្នុងបណ្តុំពពក រួចក៏បាត់ស្រមោល»។ សេចក្តីរាយការណ៍បានបន្តទៀតថា វត្ថុនោះមិនបានបង្កបញ្ហាទៅដល់ការហោះហើរ របស់យន្តហោះទាំងពីរនេះឡើយ។

គួរបញ្ជាក់់ថា យន្តហោះយោធាដែលបានប្រទះឃើញ UFO ខាងលើនេះ គឺជាកម្មសិទ្ធិរបស់កងទ័ពអាកាសកាណាដា ដែលបានធ្វើការហោះហើរពីខេត្ត Ontario របស់កាណាដា សំដៅទៅតំបន់ Cologne នៃប្រទេសអាល្លឺម៉ង់។ សម្រាប់យន្តហោះដឹកអ្នកដំណើរមួយទៀត គឺជារបស់អាកាសចរណ៍ហូឡង់ ដែលបានធ្វើដំណើរពីទីក្រុង Boston ភាគ​ឦសានសហរដ្ឋអាមេរិក សំដៅទៅទីក្រុង Amsterdam របស់ហូឡង់ ដោយបានឆ្លងកាត់តំបន់ឈូងសមុទ្រ Saint Lawrence របស់កាណាដាខាងលើនេះ។

បើតាមមន្ត្រីអាកាសចរណ៍កាណាដាម្នាក់ឈ្មោះ Steffan Watkins ដែលបានពិនិត្យមើលទិន្នន័យពីប្រព័ន្ធរ៉ាដា ក្រោយពេលដែលព្រឹត្តិការណ៍នោះកើតឡើង បានអះអាងថា យន្តហោះយោធាកាណាដាបានហោះនៅរយៈកម្ពស់ ៣០០ម៉ែត្រ ក្នុងគ្រានោះ ដែលអាចមានលទ្ធភាពក្នុងការគេចចេញ ប្រសិនបើវត្ថុ (UFO) នោះខិតមកជិត ឬក៏អាចមានលទ្ធភាពទស្សនាវត្ថុនោះបានជិតផងដែរ។

យ៉ាងណាក៏ដោយ អ្នកជំនាញខាងលើបានធ្វើការបកស្រាយជាបឋមថា អ្វីដែលអ្នកនៅយន្តហោះទាំងពីរបានប្រទះឃើញ អាចត្រឹមតែជាដុំអាចម៍ផ្កាយ (meteor) ដែលបានផ្ទុះឆេះលើអាកាស ពេលមកដល់ជិតផ្ទៃផែនដីប៉ុណ្ណោះ។ ការប្រទះឃើញព្រឹត្តិការណ៍ស្រដៀងៗគ្នានេះ ត្រូវបានរាយការណ៍ស្ទើរតែរាប់ភ្លេចទៅហើយ ទាំងនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកដែលស្ថិតនៅជាប់របងគ្នា៕

អាចម៌ផ្កាយធ្លាក់បុកផ្ទៃមេឃនៅអង់គ្លេស និងបញ្ចេញពន្លឺបៃតង

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១)

Comments (0)
Add Comment