ភ្នំភ្លើង Etna នៅអឺរ៉ុប «លូតកម្ពស់ជាង ៣០ម៉ែត្រទៀត» តែក្នុងរយៈពេល៦ខែ! តើអាចទៅរួចដោយរបៀបណា?

(អឺរ៉ុប)៖ អេតណា (Etna) ដែលជាភ្នំភ្លើងសកម្ម និងខ្ពស់ជាងគេប្រចាំទ្វីបអឺរ៉ុប ស្ថិតនៅក្នុងប្រទេសអ៊ីតាលី ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា បានលូតកម្ពស់រហូតដល់ទៅ ១០០ហ្វីត (ជាង ៣០ម៉ែត្រ) បន្ថែមទៀត បើធៀបនឹងការវាស់វែងវាកាលពី ៦ខែមុន។

ក្នុងចំណោមរណ្តៅសកម្មក្មេងៗទាំង ៤ ដែលស្ថិតនៅលើភ្នំភ្លើង Etna មួយដែលស្ថិតភាគអាគ្នេយ៍ភ្នំភ្លើងនេះ មានកម្ពស់រហូតដល់ទៅ ៣,៣៥៧ម៉ែត្រទៅហើយ ពីនីវ៉ូទឹកសមុទ្រ។ រយៈកម្ពស់ថ្មីនេះ គឺបានកើនឡើងថែម ១០០ហ្វីតទៀត បើធៀបទៅនឹងរយៈកម្ពស់ចាស់ ដែលត្រូវបានវាស់វែងដោយផ្កាយរណប នៃវិទ្យាស្ថានស្រាវជ្រាវភូមិសាស្ត្រអ៊ីតាលី (INGV) កាលពីរយៈពេល ៦ខែមុន។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រអឺរ៉ុប កាលកើនឡើងកម្ពស់ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺដោយសារតែកន្លះឆ្នាំមកនេះ (គិតចាប់តាំងពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១) ភ្នំភ្លើងនេះមានចលនាកញ្ជ្រោលខ្លាំងជាងរាល់ឆ្នាំ តាមរយៈការផ្ទុះទាំងក្នុងកម្រិតខ្លាំង និងខ្សោយសរុបរហូតដល់ទៅ ៥០លើកឯណោះ។

គួរបញ្ជាក់ថា ភ្នំភ្លើងសកម្ម Etna បានស្ថិតនៅក្នុងការតាមដានជាប្រចាំ ពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីតាលីផ្ទាល់ និងដោយសហការជាមួយ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិផងដែរ។ តំបន់ភ្នំភ្លើងនេះ តែងតែមានការកើនឡើងកម្ពស់ និងស្រុតចុះទៅវិញ ទៅតាមការប្រែប្រួលនៃធម្មជាតិ ប៉ុន្តែសម្រាប់ឆ្នាំ២០២១នេះ ការប្រែប្រួលរបស់វា ហាក់មានសភាពខ្លាំងគួរឲ្យកត់សម្គាល់ គិតចាប់តាំងពីការអង្កេត ត្រូវបានធ្វើឡើងនាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១)

Comments (0)
Add Comment